ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ ​ជំនួប​កំពូល​ប្រចាំ​សប្ដាហ៍ បឹងកេត ជួប​ភ្នំពេញ​ក្រោ​ន ប៉ូលីស ទទួល ព្រះខ័ន​រាជ​ស្វាយរៀង សូល​ទី​ឡូ ប៉ះ វិសាខា និង​ណាហ្គា ជួប​អាស៊ី​អឹ​រ៉ុ​ប​

​នា​ល្ងាច​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ក្នុង​ក្របខណ្ឌ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) សប្ដាហ៍​ទី​១៤ នឹងមាន​ការប្រកួត​ប​ន្ត ដោយ​ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹងត្រូវ​ទទួល​ស្វាគមន៍ ព្រះខ័ន​រាជ​ស្វាយរៀង តំណាលគ្នា​ទៅនឹង សូល​ទី​ឡូ​អង្គរ ដែល​ត្រូវ​ជួប វិសាខា ស្រប​ពេលដែល​ណាហ្គា​លើ​ដ៍ ប៉ះ​ជាមួយ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត និង​គូ​ពិសេស​ចុងក្រោយ ក្រុមបាល់ទាត់​បឹងកេត នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ក្រុម​ភ្នំពេញ​ក្រោ​ន​។​

*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ ព្រះខ័ន​រាជ​ស្វាយរៀង

​ការប្រកួត​រវាង​ក្រុមបាល់ទាត់​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ (​ប៉ូលីស​) ជាមួយ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា នា​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ដោយ​នឹងមាន​ការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ផងដែរ​។​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹងត្រូវ​ធ្វើការ​ធ្ងន់​ជា​បន្តទៀត​សម្រាប់​សប្ដាហ៍​ទី​១៤​នេះ ដោយ​ត្រូវ​ប៉ះ​ក្រុម​ដែល​ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល​នេះ ព្រះខ័ន​រាជ​ស្វាយរៀង ស្រប​ពេលដែល​បច្ចុប្បន្ន ខ្លួន​កំពុង​ឈរ​នៅ​លេខ​១០ នៃ​តារាង​ចំណាត់ថ្នាក់​ក្នុង​លី​គ ដោយ​ប្រកួត​១៣​ដង ឈ្នះ​៤ ស្មើ​១ និង​ចាញ់​៨ មាន​១៣​ពិន្ទុ​។ សម្រាប់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិញ​ស្ថិតក្រោម​ការដឹកនាំ​ដោយ លោក Conor Nestor កំពុងតែ​បង្ហាញ​ទម្រង់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​លី​គ ជាមួយនឹង​ការប្រកួត​មិនដែល​ចាញ់​ទាល់តែសោះ ពោលគឺ​១៣​ប្រកួត ឈ្នះ​១០​ដង ស្មើ​៣​ដង និង​ឈរ​កំពូល​តារាង មាន​៣៣​ពិន្ទុ​។

គេចាំបាន​ថា​កាលពី​ជើង​ទី​១ នៅលើ​ទឹកដី​ខេត្តស្វាយរៀង ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ដោយ​លទ្ធផល ២​ទល់​០ ផងដែរ​។​

*​សូល​ទី​ឡូ​អង្គរ ប៉ះ វិសាខា

​សម្រាប់​ការប្រកួត​រវាង​ក្រុម​សូល​ទី​ឡូ​អង្គរ ជាមួយ ក្រុម​វិសាខា ក៏​នឹង​ធ្វើឡើង​នៅ​ម៉ោង ៣​និង​៣០​នាទី ដូចគ្នា ប៉ុន្តែ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប (​ស្វាយ​ធំ​) ខណៈ​ការប្រកួត​នេះ​ស្ថានីយ​ទូរទស្សន៍ BTV News នឹងធ្វើ​ការផ្សាយ​ផ្ទាល់​។​

​មុន​ទទួល​ក្រុម​អ្នកមាន​ជំនាន់​ថ្មី​វិសាខា ក្រុម​សូឡ​ទី​ឡូ​អង្គរ ធ្វើ​បានល្អ​គួរសម​ផងដែរ​នៅ​ជុំ​ទី​១ នៃ​លី​គ​កំពូល​កម្ពុជា ពោលគឺ​បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​៨ នៃ​តារាង​ចំណាត់ថ្នាក់ ដោយ​ប្រកួត​១៣​ដង ឈ្នះ​៦ ស្មើ​៣ និង​ចាញ់​៤ មាន​២១​ពិន្ទុ​។ ដោយឡែក​សម្រាប់​ក្រុម​វិសាខា វិញ​ដែល​ទើបតែ​បញ្ចប់​តួនាទី​គ្រូបង្វឹក លោក ហុក សុ​ជីវ័ន បាន​និង​កំពុង​ជួប​បញ្ហា​ខ្លះៗ​ បន្ទាប់ពី​ធ្វើការ​ចំណាយ​ច្រើន ប៉ុន្តែ​ផល​ដែល​ទទួល​បាន​ហាក់​មិនសូវ​ល្អប្រសើរ គ្រា​ដែល​បច្ចុប្បន្នកំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ ក្រោយ​ប្រកួត​១៣​ដង ឈ្នះ​៨ ស្មើ​១ និង​ចាញ់​៤ មាន​២៥​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ដល់​ទៅ​៨​ពិន្ទុ​។​

បើ​ក្រឡេក​ទៅ​លទ្ធផល​រវាង​ក្រុម​ទាំងពីរ​កាលពី​ជើង​ទី​១ គឺ​បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា ០​ទល់​០​។​

*​ណាហ្គា​វើ​លដ៍ ប៉ះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត

​ការប្រកួត​រវាង​ក្រុម​ណាហ្គា​វើ​លដ៍ ជាមួយ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត គឺ​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ នា​វេលា​ម៉ោង ៦​និង​០០ នាទី​ល្ងាច ដោយ​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍ BTV News​។​

​បើ​និយាយ​ពី​គូប្រកួត​នេះ​ក្រុម​ណាហ្គា​វើ​លដ៍ ហាក់​មានប្រៀប​ជាង អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ដ្បិត​ស្ថិត​ក្នុងនាម​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​២ នៃ​តារាង​ចំណាត់ថ្នាក់​នៃ​លី​គ ដោយ​ប្រកួត​១៣​ដង ឈ្នះ​៩​ដង ស្មើ​១​ដង និង​ចាញ់​៣​ដង មាន​២៨​ពិន្ទុ​ក្នុង​ដៃ​។ ងាក​មក​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​វិញ ក្រោម​ការដឹកនាំ​របស់ លោក សុក វាសនា បច្ចុប្បន្ន​ក្រុម​កំពុង​ឈរ​នៅ​លេខ​៩ ក្នុង​លី​គ​ក្រោយ​ប្រកួត​១៣​ដង ឈ្នះ​៥ ស្មើ​១ និង​ចាញ់​៧ មាន​១៦​ពិន្ទុ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត តែងតែ​បង្ក​ការលំបាក​ពេល​ប៉ះ​ជាមួយ​ក្រុម​ខ្លាំងៗ​។​

យ៉ាងណាមិញ​លទ្ធផលរ​វាង​ក្រុម​ទាំងពីរ​កាលពី​ជើង​ទី​១ គឺ​បញ្ចប់​ទៅដោយ ណាហ្គា​វើ​លដ៍ យកឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ០​ទល់​១​។​

*​បឹងកេត ប៉ះ ភ្នំពេញ​ក្រោ​ន

​ការប្រកួត​នេះ​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកួត​ពិសេស​ប្រចាំ​សប្ដាហ៍ ដោយ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច នា​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន ដែល​ត្រូវបាន​បឹងកេត ខ្ចី​យកមកប្រើ​ប្រាស់​បណ្ដោះអាសន្ន ហើយនឹង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ Youtube របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC)​។​

បឹងកេត មុន​ជួប ភ្នំពេញ​ក្រោ​ន បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​៤ នៃ​តារាង​ចំណាត់ថ្នាក់ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក ហៅ សុជាតិ ក្រុម​នេះ​ប្រកួត​១៣​ដង អា​ចរក​ជ័យជម្នះ​បាន​៨​ដង ស្មើ​២​ដង និង​ចាញ់​៣​ដង មាន​២៦​ពិន្ទុ​ក្នុង​ដៃ​។ ក្រឡេក​មក​ភ្នំពេញ​ក្រោ​ន វិញ​បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​៦ ដោយមាន​២៤​ពិន្ទុ ក្រោយ​ប្រកួត​១៣​ដង ឈ្នះ​៨​ដង ស្មើ​០ និង​ចាញ់​៥​។​

ដោយឡែក​ចំពោះ​លទ្ធផល​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំង​២​វិញ គឺ​បឹងកេត បាន​យកឈ្នះ ភ្នំពេញ​ក្រោ​ន ដល់ផ្ទះ​ក្នុង​លទ្ធផល ២​ទល់​៣​។​

សូមបញ្ជាក់ថា លី​គ​កំពូល​កម្ពុជា​បានបញ្ចប់​ការប្រកួត​ជើង​ទី​១​ហើយ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ សប្ដាហ៍​មុន ខណៈ​ចាប់ពី​សប្ដាហ៍​នេះ​ទៅ​គឺជា​ការប្រកួត​ក្នុង​ជុំ​ទី​២ ដោយ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៩​នេះ តាមរយៈ​ក្រុម​ដែលមាន​ពិន្ទុ​លើ​គេ​នឹង​ទទួលបាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ផ្ទាល់​តែម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114