ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ធុន​ធំ​ បើក​កៀរ​ម៉ូតូ​២​គ្រឿង​ស្លាប់​ស្ត្រី​មេផ្ទះ​ម្នាក់ ​និង​រង​របួស​មនុស្ស​៣​នាក់

ព្រះសីហនុ​ ៖​ ​ស្ត្រី​មេផ្ទះ​ម្នាក់​ត្រូវ​រថយន្ត​ធុន​ធំ​បើក​បុក​ឲ្យ​ដួល​ហើយ​កិន​បែក​លលា​ក្បាល​ធ្លាយ​ខួរ​ដេកស្លាប់​នៅលើ​ថ្នល់​ ខណៈ​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​៤​នាក់​ផ្សេងទៀត​ បាន​រង​របួស​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​កៀរ​ម៉ូតូ​២​គ្រឿងក្នុង​ទិសដៅ​ស្រប​ទិស​គ្នា។

នៅ​​កន្លែង​កើតហេតុ​ គេ​សង្កេតឃើញ​បុរស​ជា​ប្តី​ឱប​សព​ប្រពន្ធ​ស្រែកយំ​ស្ទើរ​គាំងបេះដូង ដោយ​និយាយ​រៀបរាប់​ស្តាប់​ទៅ​នឹក​អាណិត​គួរ​ឲ្យ​ខ្លោចចិត្ត​បំផុត។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​មើល​ទៅ​ស្រៀវសាច់​ និង​ព្រឺ​ឆ្អឹងខ្នង​នេះ បាន​កើត​មាន​ឡើង​នៅ​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ឆ្នាំ​២០១៩ នៅ​លើ​វិថី​ផែ​(​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤) ត្រង់​ចំណុច​ជិត​មន្ទីរ​សាធារណការ​ខេត្ត ជិត​ចំណោទ​លោកយាយ​ម៉ៅ ស្ថិត​ក្នុង​ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ។ ក្រោយ​បង្កហេតុ​ អ្នក​បើក​រថយន្ត​ធុន​ធំ ​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​ ដែល​ធ្វើដំណើរ​លើ​ផ្លូវ​ជាមួយគ្នា​ នាំគ្នា​ដេញ​ចាប់​ ហើយ​ប្រគល់​ឲ្យ​ក្រុម​សមត្ថកិច្ច​ជំនាញ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្កឡើង ដោយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក HOWO ពណ៌​ក្រហម ពាក់​ស្លាក​លេខ​AT07-3-0119 បើកបរ​ឈ្មោះ អ៊ុន សួស ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ បើកបរ​រថយន្ត មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ។

រថយន្ត​នេះ​ បើក​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ រថយន្ត​បាន​កៀរ​ជា​លើក​ទី​១ ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER ពណ៌ ក្រហម​-​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ លឹម កា​សា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២​ ក្រុង​/​ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា ​បន្ទាប់ពី​បើក​កៀរ​ម៉ូតូ​Zoomer អោយ​ប៉ើង​ដួល​លើ​ថ្នល់​រួចហើយ រថយន្ត​បង្ក​មិនបាន​បង្អង់​ឈប់​នោះ​ទេ ​​​គឺ​បាន​បើក​បន្ត​ទៅមុខ​ ហើយ​បុក​លើក​ទី​២ ជាមួយ​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក ​HONDA FUTURE ពណ៌ ក្រហម​-​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ណុប ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ML រួម​ដំណើរ​មួយ​គ្រួសារ​មាន​គ្នា ៤​នាក់ ៖ ១-​ឈ្មោះ ស្រី ផល្លា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ មេផ្ទះ​ស្លាប់​នៅ​កន្លែង​កើតហេតុ ២-​ឈ្មោះ ផុន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១២​ឆ្នាំ មុខរបរ សិស្ស របួសស្រាល ទី​៣-​ឈ្មោះ ផុន ស្រី​លាភ អាយុ ១០​ឆ្នាំ របួសស្រាល អ្នក​ទាំងនេះ​មាន​ទីលំនៅ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​ ក្រោយ​កើតហេតុ សាកសព ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ដោយឡែក​ជនរងគ្រោះ​ទាំង​បី បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព ឃ្លាំង​លើ។ ចំណែក​អ្នក​បើកបរ​រថយន្ត​បង្ក​ នគរបាល​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​សាកសួរ។ រីឯ​វត្ថុតាង រថយន្ត​ធុន​ធំ​១​គ្រឿង និង​ម៉ូតូ​២​គ្រឿង ​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ៕

ដោយ ៖ ស៊ុយ ចាន់​ធា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114