ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច ហេង សំរិន ​៖​ ការ​ដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល

ភ្នំពេញ​ ៖ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អបអរសាទរ​ខួប​លើក​ទី​១១ ដែល​អង្គការ UNESCO ដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព លោក និង​ខួប​លើក​ទី​២ ដែល​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

តាម​ទំព័រ Facebook ផ្ទាល់​របស់​សម្តេច នៅ​ព្រឹក ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​ខួប​១១​ឆ្នាំ ដែល​អង្គការ UNESCO ដាក់​ប្រាសាទ​ព្រះវិហារ​ជា សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នោះ សម្ដេច​ប្រធាន​រដ្ឋសភា​បាន​លើកឡើងថា ការសម្រេច​បញ្ចូល​ប្រាសាទ​ព្ ព្រះវិហារ ​និង​ប្រាសាទសំបូរព្រៃគុក​ជា សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ មិនមែនជា​ករណី​ចៃដន្យ​នោះទេ តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​។ រាជរដ្ឋាភិបាល​បាន​ប្រមូល​និង​ចងក្រង ឯកសារ​ជាច្រើន​ដាក់ជូន​ដល់​អង្គការ UNESCO ជាមួយនឹង​ការ​ពន្យល់​បកស្រាយ​យ៉ាង​ច្បាស់លាស់ លើ​គោល​ជំហរ​ឆន្ទៈ​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ​បុរាណ​របស់ខ្លួន​។

សម្តេច​បាន​លើកឡើងថា អង្គការ UNESCO បាន ដាក់​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ក្នុងសម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ទីក្រុង​កេបិក​ប្រទេស​កាណាដា​។ ចំណែក​ប្រាសាទសំបូរព្រៃគុក នៅ​ថ្ងៃ ទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​កិច្ចប្រជុំ នាទី​ក្រុង​Krakow ប្រទេស​ប៉ូឡូញ​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា “​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ចំពោះ​អតីត​ព្រះមហាក្សត្រ និង​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​សាងសង់​ប្រាសាទ​ព្រះវិហារ ប្រាសាទ​សំបូរព្រៃគុក និង​ប្រាសាទ បុរាណ​ដទៃ​ទៀត នៅ​ពាសពេញ​ប្រទេស​ទុក​ឲ្យ​កូនចៅ​រហូត​សព្វថ្ងៃ​នេះ ធ្វើ​ឲ្យ​អន្តរជាតិ ស្ញប់ស្ញែង​ចំពោះ​ពូជ សាសន៍​របស់​យើង​ជាទីបំផុត​។

សម្តេច​បន្តថា យើង​ជា​កូនចៅ ចៅ​ទូត ចងចាំ​ជានិច្ច​ចំពោះ​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម​សីហនុ អតីត​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល ព្រះអង្គ​បាន​ទាមទារ តតាំង​ក្តី នៅ​តុលា ការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​កាត់ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ប្រទេស​ថៃ​លើ​សំណុំរឿង​ប្រាសាទ​ព្រះ វិហារ នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២​។

សម្ដេច​ប្រធានរដ្ឋសភា បាន​បន្តថា បច្ចុប្បន្ន​នេះ​ទាំង​ប្រាសាទព្រះវិហារ ទាំង​ប្រាសាទ សំបូរ​ព្រៃ​គុក ទទួល​បាន​ការអភិរក្ស​និង​អភិវឌ្ឍន៍​យ៉ាង​យកចិត្តទុកដាក់​ពី​រាជ​រដ្ឋាភិបាល ​និង​អង្គការ UNESCO រួម​នឹង​ដៃគូ​អន្តរជាតិ​ជាច្រើន​ទៀត​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ប្រាសាទ​ទាំងពីរ ទទួល​បាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ ពី​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ដែល​បាន​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ​ឥត​ដាច់​៕

ដោយ ៖ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114