ព័ត៍មានទាន់​ហេតុការណ៏
Search

បរុស​ម្នាក់ ​បើក​រថយន្ត​ហោះ​បុក​ខឿន​ចិញ្ចើម​បរិវេណ​វត្តភ្នំ​

ភ្នំពេញ ​៖ ​រថយន្ត​ម៉ាក ​ALPHARD ស៊េរី​ទំនើប​មួយ​គ្រឿង​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ចេញពី​ផឹក ​មួយ​យប់​ទល់​ភ្លឺ​មិនទាន់​ស្វាង​នៅឡើយ ​បាន​បើក​បោះពួយ​ធ្វើដំណើរ​តាម​ផ្លូវ​នរោត្តម​ជ្រុល​បួង​ចង្កូត​មិនទាន់ ​ក៏​ហោះ​ទៅ​បុក​ខឿន​ចិញ្ចើម​បរិវេណ​វត្តភ្នំ​ បណ្ដាល​ឲ្យ​ខូចខាត​បង្គោល​ដងគោម​បំភ្លឺ​សួន​១​ដើម​ និង​រថយន្ត​ខូចខាត​បើក​រត់​លែង​រួច។

ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​រង្វង់​មូល​វត្តភ្នំ​ចំហៀង​ខាងត្បូង​ នៃ​បរិវេណ​វត្តភ្នំ​ក្នុង​ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក ALPHARD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2279 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ចេញពី​ផឹក​ ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​នរោត្តម​ពី​ត្បូង​ទៅ​ជើង ​លុះ​មកដល់​ចំណុច​កើតហេតុ ជា​កន្លែង​ផ្លូវ​កោង​ ប៉ុន្តែ​ដោយសារតែ​រថយន្ត​នោះ​លឿន​ខ្លាំង​ពេក ​បួង​ចង្កូត​បត់​ស្ដាំ​មិនទាន់​ ក៏​ជ្រុល​ហោះ​ឡើង​បុក​ខឿន​ចិញ្ចើម​បរិវេណ​វត្តភ្នំ​ បណ្ដាល​ឲ្យ​បាក់​បង្គោល​ដងគោម​បំភ្លឺ​សួនច្បារ​ខូចខាត​អស់​១​ដើម និង​រថយន្ត​ត្រូវ​រង​ការខូចខាត​ទាំងស្រុង​ផ្នែក​ខាងមុខ ធ្វើ​ឲ្យ​អ្នកបើកបរ​រូបនោះ​មិនអាច​បន្តដំណើរ​ទៅទៀត​បាន​ក៏​ប្រញាប់​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​នៅសល់តែ​រថយន្ត​ទុក​ឲ្យ​សមត្ថកិច្ច​ចុះមក​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​រាជធានី​ភ្នំពេញ ​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114