ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ធ្វើ​លំហាត់​ប្រាណ​ដោយ​ធាក់​គ្រឿងយន្ត​ប្រើ​ឈ្នាន់​ អាច​កាត់បន្ថយ​អាការៈ​ឈឺចាប់​ពេល​មាន​រដ្ដ​រដូវ

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ បាន​លើក​ឡើង​ថា ការ​ធាក់​ការ​រត់​នៅ​លើ​គ្រឿងយន្ត​ប្រើ​ឈ្នាន់​យ៉ាងហោចណាស់​ឲ្យ​បាន​៣​លើក​ក្នុង​មួយ​សប្តាហ៍​ អាច​ជួយ​ធ្វើ​ឲ្យ​អា​ការៈ​ឈឺចាប់​ ពេល​មាន​រដូវ​វដ្ត​រដូវ​ចំពោះ​ស្ត្រីភេទ​ អាច​កាន់តែ​គ្រប់គ្រង​បាន​ ហើយ​កាន់​តែមាន​ប្រសិទ្ធភាព​រយៈពេល​វែង​ចំពោះ​គុណភាព​នៃ​ជីវិត​រស់នៅ​ថែម​ទៀតផង​។​

សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នេះ ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន The Journal Contemporary Clinical Trials ស្ត្រី​ចំនួន​៧០​នាក់​អាយុ​ពី​១៨​ដល់​៤៣​ឆ្នាំ​ បាន​ចូលរួម​នៅក្នុង​ការតាមដាន​ពិនិត្យមើល​នៅពេល​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ធាក់​គ្រឿងយន្ត​ប្រើ​ឈ្នាន់​ក្នុង​មួយ​សប្តាហ៍​៣​លើក​អស់​រយៈពេល​៤​សប្តាហ៍​ ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ដំបូង​រហូតដល់​ថ្ងៃ​បញ្ចប់ទៅ​នៅពេល​មាន​វដ្ត​រដូវ​។ ​បន្ទាប់ពី​នោះមក​ពួកគេ​បាន​បន្ត​ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ប្រើ​ឧបករណ៍​នេះ​នៅឯ​គេហដ្ឋាន​អស់​រយៈពេល​៦​ខែ​ថែមទៀត​។​

​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការពិសោធន៍​ស្រាវជ្រាវ​ទាំងអស់គ្នា​សុទ្ធតែ​ទទួលរង​អា​ការៈឈឺចាប់​ពេល​មាន​វដ្ត​រដូវ​ប្រចាំខែ​ដែល​តាម​ភាសា​វេជ្ជសាស្ត្រ​ហៅថា dysmenorrhea ។​ ក្រុម​តាមដាន​ពិនិត្យមើល​មួយ​ទៅលើ​ស្ត្រី​ទាំងនោះ​គឺ​មិនបាន​ធ្វើការ​តាមដាន​អ្វី​ក្រៅពី​ការសិក្សា​ស្រាវជ្រាវ​នោះឡើយ​។​​

ស្ត្រី​ទាំងឡាយ​ដែល​បានធ្វើ​លំ​ហាត់ប្រាណ បាន​រាយការណ៍​ឲ្យ​ដឹង​ទៀតថា​ គេ​មាន​អារម្មណ៍​ថា ការឈឺ​ចាប់បាន​ធ្លាក់​ថយ​អស់​ចំនួន​៦​ភាគរយ​សម្រាប់​រយៈពេល​៤​ខែ​ ខណៈពេលដែល​ពួកគេ​បាន​បន្ត​បន្ថែម​ការធ្វើ​លំ​ហាត់ប្រាណ​តាម​កម្មវិធី​នៃ​ការសិក្សា​ស្រាវជ្រាវ​៦​ខែ​ថែមទៀត​នោះ គេ​បាន​ប៉ាន់​ស្មានថា​ការឈឺចាប់​នៅពេល​មាន​វដ្ត​រដូវ​ប្រចាំខែរ​បស់​ពួកគេ​កាត់បន្ថយ​បាន​ដល់​ទៅ​២២​ភាគរយ​ឯណោះ​។​

​នៅមាន​អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​លំ​ហាត់ប្រាណ​រូប​កាយ​នោះ​គឺ​ត្រូវបាន​គេ​កត់សម្គាល់​នៅ​រយៈពេល​៧​ខែ​ក្នុងនោះ​ឃើញថា គុណភាព​នៃ​ជីវិត​រស់នៅ​របស់​ស្ត្រី​ទាំង​នោះ បាន​កាន់តែ​ប្រសើរ​ថែម​ឡើង​ ហើយ​ដំណើរការ​ប្រព្រឹត្តទៅ​រប​ស់​ពួកគេ​ក៏​កាន់តែ​ល្អប្រសើរ​ទូទាំង​ថ្ងៃ​ថែម​ទៀតផង​៕

អា​.​អេ​ហ្វ​.​ប៉េ​

ស​.​ប​.​ឆ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114