ព័ត៍មានទាន់​ហេតុការណ៏
Search

អាង​ឪពុក​ជា​អ្នកមាន​លុយ​ បើកឡាន​ដេញ​បុក​មនុស្ស​បំណង​សម្លាប់ ចាំ​មើល​ច្បាប់​ចាត់ការ​បែប​ណា?

បាត់ដំបង​ ៖​ យុវជន​ឈាមរាវ​ម្នាក់ ដែល​អាង​ត្រកូល​ខ្លួន​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ បាន​ប្រព្រឹត្ត​អំពើ « ប៉ុនប៉ង​មនុស្សឃាត » ទាំង​កណ្តាលយប់​ ដោយ​គ្មាន​ខ្លាចញញើត​នឹង​ផ្លូវច្បាប់​អ្វី​បន្តិច​ទាល់តែសោះ​នោះ ត្រូវ​បាន​សមត្ថកិច្ច តាម​ចាប់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បើករថយន្ត​ដេញ​បុក​មនុស្ស បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់។

លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ នគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា​ ករណី ប៉ុនប៉ង​មនុស្សឃាត​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ ២០១៩ វេលា​ម៉ោង ១០ និង ១០ នាទី យប់ តាម​បណ្តោយ​ផ្លូវ​លេខ​១ នៅត្រង់ចំណុច​មុខ​(​ស្នងការ​ចាស់​) ស្ថិត​ក្នុងភូមិ​កំពង់ក្របី ​សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

បើតាម​ការរៀបរាប់​ពី​សន្តិសុខ​ឯកជន​ម្នាក់ ដែល​យាម​ប្រចាំការ​នៅ​ចំណត​កំពង់​ទូក​ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​នោះ គេ​បានឃើញ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក មែក​សឺ​ដែ​ស ពាក់​ស្លាក​លេខ បាត់ដំបង 2B-1122 បាន​បើកបរ​យ៉ាង​លឿន​ចេញពី​ម្តុំ​មុខ​ប្រៃសណីយ៍​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ដេញ​ពីក្រោយ​ម៉ូតូ​១ គ្រឿង ម៉ាក​ឃ្លី​ក​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​បាត់ដំបង ​1T-9141 ដោយ​ការ​ប្រដេញ​គ្នា​នេះ មាន​ល្បឿន​យ៉ាង​លឿន ទីបំផុត​រថយន្ត​បាន​ដេញទាន់​ ហើយក៏​បាន​បុក​ចំ​ពីក្រោយ បណ្តាលអោយ​ម៉ូតូ និង​អ្នក​បើកបរ​ដួល​ប្រកាច់ប្រកិន​ពេញ​ផ្លូវ ព្រមទាំង​រង​របួស​ជា​ទម្ងន់​ផងដែរ។

ភ្លាមៗ​នោះដែរ ទាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់ ក៏ដូចជា​កម្លាំង​អធិការ​ក្រុង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​អ្នកបើកបរ​រថយន្ត​យកទៅ​កាន់​អធិការដ្ឋាន​ ដើម្បី​សាកសួរ​ផង​ដែរ ដោយ​ចង់​ដឹង​អំពី​ដំណើររឿង​ នៃ​អំពើ​ប៉ុនប៉ង​មនុស្សឃាត​នេះ។

ជនសង្ស័យ​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ មាន ឈ្មោះ​តាំង ហ៊ូ​យ​ឆាយ ភេទ​ប្រុស ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយឡែក​ជនរងគ្រោះ​មាន ឈ្មោះ ឡៅ គឺ​ម​លាង ភេទ​ប្រុស អាយុ ១៥ ឆ្នាំ ​មាន​ទីលំនៅ ភូមិ​ចំកា​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។

ប្រភព​ជាច្រើន​បាន​និយាយ​ថា ជនសង្ស័យ​រូបនេះ​គឺមាន​ត្រកូល​ដ៏​ស្តុកស្តម្ភ​ ជាទីបំផុត ហើយ​ក៏​ជាមនុស្ស​មិនសូវ​ចេះ​គោរព​ច្បាប់​ផងដែរ ដោយ​គេ​មិនដឹង​ជា​អាង​ទៅលើ​អ្វី​នោះទេ ដែល​ទីបំផុត​បានក្លាយ​ជា​ឃាតក​ ប៉ុនប៉ង​មនុស្សឃាត​ទាំង​កំរោល​បែបនេះ​ទៅវិញ។ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ក្រុង​ឃាត់ខ្លួន​ដើម្បី​សាកសួរ ដោយ​ប្រភព​ជាច្រើន​កំពុង​រង់ចាំ​មើលថា តើ​ច្បាប់​នឹងមាន​វិធានការ​យ៉ាងណា​ចំពោះ​ជនសង្ស័យ​ដែលជា​ឃាតក​រូបនេះ ពិសេស​គឺ​ស្ថាប័ន​តុលាការ​តែម្តង ?៕

ដោយ ៖ សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114