ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាងម៉ែន ចិន្តា និងស្វាមី​ ​ ដឹកនាំ​សិល្បករ​ខ្មែរ​ចែករំលែក​ក្តី​ស្រលាញ់​ជូន​សិស្ស​ និង​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​ នៅ​ស្រុក​ព្រៃនប់​

​ភ្នំពេញ ​៖​ ដើម្បី​រួមចំណែក​ការងារ​ជួយ​សង្គម​ និង​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះ​ខាត ​និង​សិស្ស​ ស្ថិតនៅ​ភូមិ​បត់​សិ​មាន់​ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​ នៅ​ប្រទេស​កូរ៉េ​ និង​តារា​ប្រុស​សង្ហា​VJ ALaskoo បាន​នាំ​យក​អំណោយ ​និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ចែកជូន​ដល់​ពួកគាត់​មាន​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​។​

​សកម្មភាព​ នៃ​ការចុះ​ចែក​អំណោយ និង​សម្ភារៈ​សិក្សា​ជូន​ដល់​ប្រជាពលរដ្ឋ​-​សិស្ស​ប្រមាណ​ជាង​៤០០​នាក់​ ពី​សំណាក់​ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​ អ្នកស្រី​ម៉ែន ចិន្តា​ និង​ស្វាមី ​រួមទាំង​សិល្បករ​ខ្មែរ​ខាងលើ​នេះដែរ​ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៩​ ខណៈ​ដែល​សកម្មភាព​សប្បុរសធម៌​នេះ​ ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ផងដែរ​។​

​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​តារា​ប្រុស​សង្ហា​វី​ជេ អា​ឡា​ស្កូ បាន​រៀបរាប់ថា​ជា​ការពិត​ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​អ្នកស្រី ម៉ែន ចិន្តា និង​ស្វាមី​បាន​ចុះ​ទៅធ្វើ​កម្មវិធី​សប្បុរសធម៌​ក្រោម​ប្រធានបទ​អំ​រំ បរិស្ថាន​ស្អាត ភូមិ​ស្អាត សុខភាព​ល្អ និង សប្បុរសធម៌។​ ដោយ​ក្នុងនោះ ​មានគ្រួសារ​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​១៣០​គ្រួសារ​ ដែល​ទទួលបាន​អំណោយ​ជា​អង្ករ​ក្នុង​១​គ្រួសារ ២៥​គីឡូ ,​មី​១​កេះ​និង​ថវិកា​៣​ម៉ឺន​រៀល​។​

​ដោយឡែក​ចំណោះ​សិស្សានុសិស្ស​មកពី​សាលាបឋមសិក្សា​ចំនួន​២​ផ្សេងគ្នា ​គឺ​ទទួលបាន​អាវយឺត​ម្នាក់​១ ​និង​ថវិកា​៥០០០​រៀល ​ហើយ​លោកគ្រូ អ្នកគ្រូ​ ចំនួន​២០​នាក់ ​ក៏​ទទួល​បាន​អាវយឺត ​ក្នុង​ម្នាក់​១​និង​ថវិកា​៣​ម៉ឺន​រៀល​ផងដែរ​។

​ក្រៅពីនេះ ​ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​ អ្នកស្រី ម៉ែន ចិន្តា ​ក៏បាន​ជូន​ដល់​ចាស់ៗ ​និង​ក្រុម​អ្នក​ថែរក្សា​សណ្ដាប់ធ្នាប់​ផងដែរ​ ដោយ​សរុប​ថវិកា​សប្បុរសធម៌​នេះ​មាន​ចំនួន​ជិត​១​ម៉ឺន​ដុល្លារ​។​

​នេះ​ ពុំមែន​ទើប​ជា​លើកទីមួយ​សម្រាប់​អ្នកនាង​ម៉ែន​ ចិន្តា ដែលមាន​ប្រវត្តិ​ពី​ក្មេងស្រី​ទួល​នំ​បញ្ចុក​គីឡូ​លក់​តាម​ភូមិ​លក់​រហូត​ជោគជ័យ​ផ្លូវ​ជីវិត​ក្លាយជា​អ្នកជំនួញ​នោះទេ​ ដែល​បាន​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​តាមរយៈ​ការចែក​អំណោយ​ និង​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្ស​ និង​ប្រជាពលរដ្ឋ​ខ្វះខាត​នោះ​ទេ​ ពោលគឺ​មាន​ច្រើន​មកហើយ​។​

​លើសពីនេះទៅទៀត​នៅក្នុង​សកម្មភាព​ចុះទៅ​ចែក​អំណោយ​ និង​សម្ភារៈ​សិក្សា​ជូន​ដល់​ប្រជាពលរដ្ឋ​-​សិស្ស​នៅ​ស្រុក​ព្រៃនប់​នេះដែរ​ អ្នកនាង​ម៉ែន ចិន្តា និង ស្វាមី​ ក៏បាន​សម្រេច​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​ ដើម្បី​ផ្តល់ជូន​ការ​ដូង​អនុស្សាវរីយ៍​នូវ​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ ជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ផង​ដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114