ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​រាជធានី ​បញ្ជូន​ចោរ​រាត្រី​០២​នាក់ កំពុង​កាត់​ខ្សែភ្លើង​ជាក់ស្ដែង​ ទៅ​តុលាការ​ផ្ដន្ទាទោស​

ភ្នំពេញ​ ៖​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរ​រាត្រី ​ដែល​កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ជាក់ស្ដែង​០២​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៩។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​អោយ​ដឹង​ថា ចោរ​រាត្រី​ដែល​កម្លាំង​អាវុធហត្ថ​ចាប់បាន​មានឈ្មោះ​ទី​១/​ឈ្មោះ សួន សុភា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទី២/​ឈ្មោះ ម៉ៅ មុន ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។​

​ប្រភព​បន្តថា ពួកគេ​ទាំង ០២​នាក់ ខាងលើ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន កាលពី​វ​លា​ម៉ោង​០៤:៣០​នាទី ទៀបភ្លឺ ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ ខណៈពេលដែល​រូបគេ​ទាំង ០២​នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង នៅក្នុង​ការដ្ឋាន​សំណង់ លីង ណាន ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ក្រោយពេល​ឃាត់ខ្លួន​បាន​រូបគេ​ទាំង ០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូចគ្នា​ថា នៅ​ថ្ងៃ​ធ្វើ​សកម្មភាព​លួច គឺ​ឈ្មោះ សួន សុភា បាន​ចូលទៅក្នុង​ការដ្ឋាន​ខាង​លើ ដើម្បី​លួច​យក​ខ្សែភ្លើង ហើយ​បាន​យក​ខ្សែភ្លើង​នោះ ទៅ​ទុក​នៅ​ខាងក្រៅ​ការដ្ឋាន​ផ្នែក​ខាងក្រោយ ដោយ​ឈ្មោះ ម៉ៅ មុន ជា​អ្នក​ចាំ​យកទៅលក់​បន្ត តែ​ត្រូវបាន​សន្តិសុខ​យាម​នៅក្បែរនោះ​ឃើញ​បាន​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ ក៏​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ពួកគេ​ទាំង ០២​នាក់ តែម្តង៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114