ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ជំនាញ​ ឃាត់ខ្លួន​មនុស្ស​ប្រុស​/​ស្រី​៤​នាក់ ​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

រតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ចុះ​បង្ក្រាប​ការ​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​/​ស្រី​ចំនួន​៤​នាក់​។​

ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លងទៅ នៅត្រង់ចំណុច​មុខ​ផ្ទះ​សំណាក់​យីហោ (​ហា​វៃ​) ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ​២​មុខសញ្ញា ៖ ​

​ទី​១.​ឈ្មោះ ពេជ្រ សុភា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​។

​ទី​២.​ឈ្មោះ វឿន សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។

បន្ទាប់ពី​ សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ និង​ដកហូត​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា ​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​។​

សមត្ថកិច្ច​បាន​បន្តថា ដោយមាន​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នគរបាល​ខេត្ត ក្នុង​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​ជុំ ក្នុង​នោះ​ដោយមាន​ការ​សម្របសម្រួល​ពី ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បន្ត​ធ្វើ​ការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ពេជ្រ សុភា រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​ទៀត និង​ថង់​ច្រក​ថ្នាំញៀន​មួយចំនួន​ និង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​១​មុខសញ្ញា​ទៀត​ ឈ្មោះ ស្រី ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។

បន្ទាប់ពី​សមត្ថកិច្ច​សួរចម្លើយ​សារភាព​រប​ស់​ឈ្មោះ ពេជ្រ សុភា រួចមក កម្លាំង​ជំនាញ​ឈាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឡាវ ខេមរ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្ថិតក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​ ជនសង្ស័យ​ខាង​លើ​ បានធ្វើ​តេស្ត​ទឹកនោម​ លទ្ធផល​វិជ្ជមាន​(+)​ទាំង​៣​នាក់ អវិជ្ជមាន​១​នាក់​(​ស្រី​)​។

​ក្រោយ​ការឃាត់ខ្លួន​ ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ចត្រូវ​បាន​ដកហូត វត្ថុតាង​រួមមាន​ ៖

​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់​

​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ ដាវ​សាំ​ម៉ូ​វៃ​ចំនួន​១​ដើម​ និង​ថង់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត​។

បច្ចុប្បន្ន ​ជនសង្ស័យ ​រួមទាំង​វត្ថុតាង​ ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​ នៅ​ការិយាល័យ​ជំនាញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114