ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី​ ​​បុក​ម៉ូតូ​ហុងដា​គុប​ទាំង​កំរោល បណ្ដាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​គួរ​ឲ្យ​អាសូរ នៅ​ស្រុក​អង្គ​ស្នូល

កណ្ដាល ​៖​ រថយន្ត​ធុន​ធំ ប្រភេទ​បែន​ដឹក​ដី​មួយគ្រឿង បើក​បុក​ម៉ូតូ​ដែល​បើក​នៅខាងមុខ បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ គួរ​ឲ្យ​អាសូរ នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ លើ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ស្លាប់​បាត់​បង់ជីវិត​ឈ្មោះ សេង នឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុន​របរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ត្បែង សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង ធុន​សេ​៥០ ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ កណ្ដាល 1K-6971​។ ចំណែក​រថយន្ត​បង្ក​ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​រត់​គេច​ខ្លួន)។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ សាក្សី​បាន​ឃើញ​ជនរងគ្រោះ​ខាងលើ បាន​បើកបរ​ម៉ូតូ​គុប​ជ្រុង តាម​បណ្ដោយ​ផ្លូវលំ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​រថយន្ដ​មួយ​គ្រឿង ធុន​ធំ ប្រភេទ​បែន​ដឹក​ដី ធ្វើដំណើរ​មកពី​ក្រោយ​ម៉ូតូ​ជនរងគ្រោះ ក៏បាន​បុក​ជនរងគ្រោះ​ពីក្រោយ​ពេញ​មួយ​ទំហឹង ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ រីឯ​រថយន្ត​ព្យាយាម​បើក​រត់គេច​បាន​ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ ទើប​ជន​ជា​អ្នកបើកបរ​ទុកចោល រួច​រត់​គេច​ខ្លួន។

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក បាន​ចុះ​ម​ក​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​វាស់វែង កសាង​ឯកសារ​ដក​រហូត​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ចំណែក​សាកសព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើតាម​ប្រពៃណី៕

ដោយ​ ៖ ​មុនី

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114