ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ម៉ូតូ​លឿន​ដូច​ហោះ ​ទៅ​បុក​របង​សិប្បកម្ម​ទឹក​ស្អាត​ស្លាប់​មួយ​រំពេច

កណ្ដាល ​៖ ​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ​ បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ ក្រោយពី​គេ​ឃើញ ​បើក​ម៉ូតូ​យ៉ាង​លឿន​កង់​លែង​ជាប់​ថ្នល់ ​បាន​ទៅ​បុក​របង​សិប្បកម្ម​ទឹក​ស្អាត​ពេញទំហឹង។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ​ទី​០៥​កើត ខែ​អាសាឍ ឆ្នាំកុរ ព​.​ស​២៥៦៣​គ​.​ស ២០១៩ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ខែ​កក្កដា ​ឆ្នាំ ២០១៩ វេលា​ម៉ោង​១៧​និង​៥៣​នាទី​នៅ​លើ​ផ្លូវ​លេខ​៧០A ត្រង់ចំណុច ភូមិ​ពាម​ឃុំ​រការកោង​១ ​ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល។

នគរបាល​មូលដ្ឋាន​ប្រាប់​អោយ​ដឹង​ថា ​ជនរងគ្រោះ​ ឈ្មោះ​យឿន សំ​ហាក់​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​រ​ការ​កោង​១​ ឃុំរ​ការ​កោង​ស្រុក​មុខកំពូល ​ខេត្ត​កណ្តាល។

សាក្សី​ឃើញ​ហេតុការណ៍​ បាន​និយាយ​ថា ​នៅ​ម៉ោង​កើតហេតុ​ខាង​លើ​ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យូ​ស៊ុ​ង​(HYOSUNG) ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1DB2929 បើកបរ​ដោយ​ឈ្មោះ​យឿន សំ​ហាក់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិរ​ការ​កោង​ ឃុំរ​ការ​កោង​១ ​ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​ធ្វើដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​មក​បុក របង​សិប្បកម្ម​ទឹក​ស្អាត បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ។

នគរបាល​ប៉ុស្តិ៍​រកា​កោង ​បាន​អោយ​ដឹង​ថា​ ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ហើយ​បាន​ពិនិត្យ​កន្លែង​កើតហេតុ​ឃើញ​ថា​ អ្នក​បើក ម៉ូតូ​ខាងលើ​បើកបរ​លឿន ​ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របង​សិប្បកម្ម​ទឹក​ស្អាត​ដោយ​ខ្លួនឯង ហើយ​ជំនាញ​ បាន​ធ្វើ​លិខិត​ទទួលស្គាល់​ពី​ក្រុម​គ្រួសារ និង​ធ្វើ​លិខិត​ ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ ​អ្នក​បើក​ម៉ូតូ​ខាង​លើ​នេះ ​បើកបរ​ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​មក​បុក​របង​សិប្បកម្ម​ទឹក​ស្អាត​តែម្ដង៕

ដោយ ៖ ​មុនី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114