ព័ត៍មានទាន់​ហេតុការណ៏
Search

ឌី​ជេ ក្តឹប រំភើបចិត្ត​ខ្លាំង ​ក្រោយពេល​ប្រពន្ធ​ឆ្លង​ទន្លេ​ ​​ ​ដោយ​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន

ភ្នំពេញ ​៖​ តារាចម្រៀង​រ៉​ប​ឌី​ជេ ក្តឹប ស្រប​ពេល​ដែល​ភរិយា​ជាទី​ស្រលាញ់​ បាន​សម្រាល​កូនស្រី​ដែល​មាន​អាយុ​ទើបតែ​២៨​សប្តាហ៍​ដោយ​សុវត្ថិភាព​ ហើយ​ឆ្លង​ផុតពី​គ្រោះថ្នាក់​ទាំង​ម្តាយ​និង​កូន​នោះ​ តារា​រូបនេះ ​បានបង្ហាញ​ពី​អារម្មណ៍​រំភើប​ក្នុង​ចិត្តខ្លាំង​។​ ខណៈ​មាន​មហាជន​ជាច្រើន​ចូលរួម​អបអរ​ផង​នោះ​។​

ឌី​ជេ ក្តឹប បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​មក​ថា​ សូម​អរគុណ​យ៉ាង​ក្រៃលែង​អស់ពី​ទឹកចិត្ត​របស់ខ្ញុំ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ទាំងអស់ នៅក្នុង​មន្ទីរពេទ្យ​ជប៉ុន​ក្រុងភ្នំពេញ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត នៅក្នុង​ការថែទាំ​និង​ជួយសង្គ្រោះ​ជីវិត​របស់​ប្រពន្ធ​កូន​របស់ខ្ញុំ​។​

តារា​រ៉​ប​រូបនេះ​បាន​បន្តថា​ បន្ទាប់មក​សូម​គោរព​អរគុណ​នូវ​ទឹកចិត្ត​អាណិត​ស្រលាញ់​ក៏ដូចជា​ការ​ជូនពរ​របស់​បងប្អូន​មហាជន​និង​មិត្តភក្តិ​ទាំងអស់​ដោយ​ក្តី​គោរព​ស្រលាញ់​ពី​ខ្ញុំបាទ​។ “​សំណាង​បូរ៉ាន់ ឍាមរា​”​បានកើត​នៅវេលា​ម៉ោង​១០​និង​៤៧​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៧​ខែកក្កដា​ឆ្នាំ​២០១៩​មាន​ទម្ងន់​១​គីឡូ​និង​២​ខាំ​ ព្រោះ​កើត​មិន​គ្រប់​ខែ​ បាន​ត្រឹម​២៨​សប្តាហ៍​ប៉ុណ្ណោះ​។​

ឌី​ជេ ក្តឹប បាន​រៀបរាប់​ទៀតថា​ ពេលនេះ​កូនស្រី​របស់ខ្ញុំ​”​សំណាង​បូរ៉ាន់​ឍាមរា​”​គាត់​កំពុងតែ​ស្ថិតនៅក្នុង​ការសង្គ្រោះ​បន្ទាន់​នៅ​ដំណាក់កាល​ទី​៣​ គឺ​ការថែរក្សា​និង​ចិញ្ចឹម​ដាក់​នៅក្នុង​កែវ នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ ចំណែកឯ​ប្រពន្ធ​របស់ខ្ញុំ​គឺ​សម្រាក​នៅ​បន្ទប់​លេខ​២១៧​មន្ទីរពេទ្យ​ជប៉ុន​ក្រុងភ្នំពេញ​។​

បន្ថែម​ពីលើ​នេះ​តារាចម្រៀង​រ៉​ប​ឌី​ជេ ក្តឹប បាន​លើកឡើងថា​ សំណេរ​១​នេះ វា​គឺជា​ការផ្ញើរ​សារ​អរគុណ​និង​ជូនពរ​ដល់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ទាំងអស់​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​របស់​ប្រពន្ធ​កូន​ខ្ញុំ រួមជាមួយ​បងប្អូន​មហាជន​និង​មិត្តភក្តិ​បងប្អូន​ទាំងអស់គ្នា​។ ​សូមអោយ​មាន​សុខ​ភាពល្អ​សំណាងល្អ រកស៊ី​មានបាន និង​មាន​សុភមង្គល​គ្រប់​ក្រុមគ្រួសារ​។​ ជាមួយគ្នានេះ​ គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​និង​មហាជន​បាន​ជូនពរ​ប្រពន្ធ​និង​កូនស្រី​ឌី​ជេ ក្តឹប ឲ្យ​មាន​សុខភាព​ល្អ​និង​សុវត្ថិភាព​ឆាប់​ចេញពី​មន្ទីរពេទ្យ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114