ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ ​បក​ស្រាយ​ ​ជុំវិញ​ រឿង​អ្នក​ជំងឺ​ដេក​តាម​សំយាប​អគារ​ទទឹក​ទឹកភ្លៀង

កំពង់ឆ្នាំង ​៖​ លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៩ ​​ថា ​ការ​លើក​ឡើង​តាម​សង្គម​ហ្វេសប៊ុក​ថា​ ៖​ «ភ្លៀង​មួយ​មេ​ធំ ធ្វើ​ឲ្យ​អ្នកជំងឺ ក្នុង​អគារ​កុមារ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​គ្រុនឈាម​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បាន​រង​ដោយ​ខ្យល់ និង​ទទឹក​ភ្លៀង ព្រោះតែ​សម្រាក​នៅ​តាម​សំយាប​អគារ​របស់​ពេទ្យ​» នោះ ​រឿង​នេះ ​ពិត​ជា​ដូច​ការ​ឡើង​មែន ​ដោយសារ​តែ​អ្នក​ជំងឺ​គ្រុនឈាម​ច្រើនពេក សូម្បីតែ​សេរ៉ូម ក៏​ខ្វះ​ដែរ មិនមែន​ខ្វះ​ត្រឹម​តែ​អគារ​សម្រាក​នោះ​ឡើយ។

​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត សូ​រិន្ទ ទី​រ៉ា​វុ​ទ្ឍី បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃទី​០៧កក្កដា មាន​ភ្លៀង​ និង​ខ្យល់​យ៉ាងខ្លាំង បណ្តាល​ឲ្យ​អ្នក​សម្រាក​នៅ​តាម​សំយាប នៃ​អគារ​ជំងឺ កុមារ ប៉ះ​ខ្យល់ ​និង​ទឹកភ្លៀង​ពិតមែន លោក​មិន​ប្រកែក​ទេ ដោយសារ​អ្នក​ជំងឺ​ច្រើនពេក។

នៅ​ព្រឹក​ថ្ងៃទី​០៧​កក្កដា​នេះ ខាង​មន្ទីរពេទ្យ​បាន​ជួល​តង់ និង​ជួល​រោងការ យក​មក​ធ្វើ​ជម្រក​ស្នាក់នៅ​ព្យាបាល​បន្ថែមទៀត។

​លោក​បាន​បញ្ជាក់ថា គិតពី​ដើមខែ​មិថុនា មកដល់​ដើមខែ​កក្កដា​នេះ ​មាន​អ្នក​ជំងឺ​ជា​កុមារ មាន ចំនួន​៤៥៩​នាក់ ក្នុងនោះ​មាន​ជំងឺ​គ្រុនឈាម៩០% និង​ជំងឺ​គ្រុនក្ដៅ​ធម្មតា ជំងឺ​រាក​រូស មាន​ត្រឹម​១០%​ប៉ុណ្ណោះ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្តថា​ ជំងឺ​គ្រុនឈាម​ត្រូវការ​ជា​ចាំបាច់​នោះ គឺ សេរ៉ូម ប៉ុន្តែ​សព្វថ្ងៃ រដ្ឋ​ផ្គត់ផ្គង់​មិន​គ្រប់​ទេ ដូចនេះ​មន្ទីរ​ពេទ្យ​ខេត្ត​បាន​យក​ថវិកា​ហិរញ្ញប្បទាន យកមក​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ជំងឺ។ ហេតុនេះ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត សូម​អំពាវនាវ​ដល់​អាណា​ព្យា​បាល​គ្រប់រូប សូម​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម គឺ​ត្រូវការពារ​កូនចៅ ដោយ​ត្រូវ​ពាក់​អាវដៃវែង ដេក​ក្នុង​មុង​ជានិច្ច កុំឲ្យ​មូស​ខ្លា ដែល​អ្នក​ចម្លង​ជំងឺ គ្រុនឈាម​ខាំ និង​ត្រូវ​ធ្វើ​អនាម័យ​តាម​លំនៅដ្ឋាន កុំ​ឲ្យ​មាន​ទឹក​ដក់ ដែលជា​ជម្រក ​នៃ​ការកកើត​សត្វ​មូស​ខ្លា។

​សព្វថ្ងៃនេះ មាន​អ្នក​ជំងឺ​ជា​កុមារ ដែល​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​ច្រើន​លើសលប់ រហូត​គ្មាន​កន្លែង​សម្រាក។ ដោយ​ក្រុម​គ្រូពេទ្យ​បានឲ្យ​អ្នក​ជំងឺ​សម្រាក នៅ​តាម​សំយាប ​នៃ​អគារ​កុមារ​ ជំងឺ​កុមារ នៃ​មន្ទីរពេទ្យ ហើយ​នៅ​យប់​ថ្ងៃទី​៧ ខែកក្កដា មាន​ភ្លៀង​ និង​ខ្យល់​មួយ​មេ​ធំ ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​អ្នក​ជំងឺ​ដែល​សម្រាក​តាម​សំយាប ទើប​ធ្វើ​ឲ្យ​មាន​អ្នក​លើកឡើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​សុំ​ឲ្យ​​អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ​មើល​មន្ទីរពេទ្យ​ខេត្ត​ផង​។ ទើប​នៅ​ព្រឹក​ថ្ងៃទី​០៨​កក្កដា អ្នកទទួលខុសត្រូវ​មន្ទីរពេទ្យបង្អែក​ខេត្ត ចេញមុខ​បកស្រាយ នូវ​ហេតុផល​ខាងលើនេះ គឺ​មកពី​មាន​អ្នក​ជំងឺ​ច្រើន៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114