ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អ៊ុំ ​រាត្រី ​ពួតដៃគ្នា​ជួសជុល​អគារសិក្សា​១​ខ្នង​​​ ដែល​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​ឡើងវិញ​

​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០១៩ លោក​អ៊ុំ​ រាត្រី ​អភិបាលខេត្ត​បន្ទាយមាន​ជ័យ លោក​អោម ចន្ថា អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន មន្ទីរ អាជ្ញាធរ​ស្រុក កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ​និង​ក្រុម​យុវជន​ខេត្ត​ បាន​ពួតដៃគ្នា​ចុះ​ជួយ​ជួសជុល​អគារ​ឈើ​ប្រក់​ស័ង្កសី​នៃ​សាលាបឋមសិក្សា​ពន្លៃ​១​ខ្នង ​ស្ថិតនៅ​ភូមិ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដែល​រង​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​៥ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅនេះ​ ដែលជា​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ។

ក្នុង​ពិធី​ជួសជុល​នោះ លោក​អ៊ុំ ​រាត្រី​ បាន​មានប្រសាសន៍ថា ​ការ​​​​​ជួសជុល​សាលា​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ ​​កម្លាំង​ប្រើ​មធ្យោបាយ​សរុប វិធានការ​សរុប ​និង​កម្លាំង​សរុប កម្លាំង​សាមគ្គី​យ៉ាងសកម្ម​របស់​អាជ្ញាធរ កងកម្លាំង សហគមន៍ និង​យុវជន ​ដើម្បី​ធ្វើ​ឲ្យ​រួចរាល់​នូវ​អគារ​សិក្សា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​ដាក់​ឲ្យ​ដំណើរ​ការបង្រៀន ​និង​រៀន​ឡើងវិញ​ទាន់​ការ​បញ្ចប់​ប្រលង​ឆមាស​ទី​២ មុននឹង​វិស្សមកាល​ធំ​ចូលមក​ដល់​។​

​ក្នុងនោះ​លោក​បាន​នាំយក​ឈើ​ក្រប ​និង​ស័ង្កសី​ ជា​អំណោយ​ខាងលើ ទៅ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដែល​រង​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​ផង​ដែរ​។

សូម​រំលឹក​ផង​ដែរ​ថា បាតុភូត​សម្ពាធ​ក្នុង​តំបន់​នេះ ​បង្ក​ឲ្យ​ខេត្ត​បន្ទាយមានជ័យ​រង​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ខ្យល់​កន្ត្រាក់​ជាថ្មី​រាយប៉ាយ​នៅ​៨​ស្រុក/​ក្រុង កាលពី​ថ្ងៃ​ទី​៥​កក្កដា ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ដល់​៩៩​ខ្នង ក្នុង​នោះ​របួសធ្ងន់​ស្ត្រី​ម្នាក់ ដោយសារ​ឈើ​ផ្ទះ​ធ្លាក់ បោក​សង្កត់​។ ​ក្រោយពី​ផ្ទះ​ប្រជាពលរដ្ឋ​ជួប​រងគ្រោះថ្នាក់​ដោយ​ធម្មជាតិ​នេះ​រួចមក មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ ​និង​ក្រុមការងារ​ពាក់ព័ន្ធ​ បាន​ចុះទៅ​សម្រួល​ទីជម្រក ផ្តល់​អំណោយ​ និង​ជួសជុល​ផ្ទះ​សម្បែង​នានា ក៏ដូចជា​សួរសុខទុក្ខ​ដល់​បងប្អូន​រងគ្រោះ ​ហើយ​រួចមក​ផង​ដែរ ស្រប​ពេល​នោះ​ លោក​អ៊ុំ ​រាត្រី​ បាន​នាំ​យក​ស៊ីម៉ងត៍​ចំនួន​៥​តោន ប្រគេន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពន្លៃ​ក្រៅ ស្ថិត​ក្នុង​ភូមិ​ពន្លៃ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ​ដើម្បី​យក​ទៅ​កសាង​ក្នុង​វត្ត​បន្ត​ផង​ដែរ៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114