ព័ត៍មានទាន់​ហេតុការណ៏
Search

ជំនួប​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋ​អា​មេរិក​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​ករ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា ការងារ​ជាមួយ​គណៈប្រតិភូ​មកពី​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ​លោក Alexander Feldman ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច អមដោយ​គណៈប្រតិភូ​ម​ក​ពី​ក្រុមហ៊ុន អាមេរិក​ជា​ច្រើនរូប​ទៀត​ដូចជា ​៖ ក្រុមហ៊ុន General Electric (GE) ក្រុមហ៊ុន Chevron ក្រុមហ៊ុន Cisco ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Facebook ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ក្រុមហ៊ុន Oracle ក្រុមហ៊ុន RMA Group​។​

ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន គឺជា​អង្គ​ការតស៊ូ​មតិ​មួយ​សម្រាប់​សាជីវកម្ម​អាមេរិក ដែល​ធ្វើ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​។ ក្រុមប្រឹក្សា​នេះ​គឺ​ជា សំឡេង​មួយ​នៃ​វិស័យ​ឯកជន​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៅវិញទៅមក​រវាង​សហរដ្ឋអាមេរិក​-​អាស៊ាន និង​អាស៊ីអាគ្នេយ៍​។​

លោក Alexander Feldman បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នេះ​មាន​គោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​កម្ពុជា (​ដៃគូ​អាស៊ាន​) និង​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ការវិនិយោគ​អាមេរិក​បន្ថែមទៀត​មក​កម្ពុជា​។​

សមាជិក​គណៈប្រតិភូ បានធ្វើ​បទ​បង្ហាញ​ពី​ការចូលរួម និង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន សុវត្ថិភាព​ចរាចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​ការពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​បានបង្ហាញ​ពី ការ​ស្ម័គ្រចិត្ត​ក្នុងការ​ចូលរួម​សកម្មភាព ទំនួល​ខុសត្រូវ​សង្គម ដែល​អាច​កើតចេញពី​ការធ្វើ​វិនិយោគ (CSR) ផងដែរ​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ការសិក្សា​គម្រោង Monorail ផ្លូវ​រថភ្លើង​ក្រោម​ដី និង​គម្រោង AGT ជាដើម​។

លោក ស៊ុន ចាន់ថុល ក៏បាន​ជម្រាប​គណៈប្រតិភូ​អំពី​គម្រោង​កំពុង​បន្ត​ក្នុង​កិច្ចការងារ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ ការសិក្សា​ដើម្បី​រៀបចំ​បទដ្ឋាន​សម្រាប់​កំណត់​អាយុកាល​នៃ​ការប្រើប្រាស់​យានយន្ត​ឲ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​សម្រាប់​យានយន្ត​ដែល​ត្រូវ​ប្រើប្រាស់​នៅ​កម្ពុជា និង​ការ​ជំរុញ​ឲ្យ​ប្រើប្រាស់​យាន​យន្ត​ប្រើ​ថាមពល​អគ្គិសនី និង​ការ​គាំពារ​បរិស្ថាន ក្រោម​កិច្ចសហការ​ជា​ពី UNDP​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​ការរៀបចំ​នីតិវិធី និង​ប្រព័ន្ធ​ចុះបញ្ជី​លក់​លេខ​ពិសេស​ផ្ទាល់​ខ្លួន ដែលមាន​៨​ខ្ទង់ និង​ការដេញថ្លៃ​ជា​សាធារណៈ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នា​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ ៤.០ ជាមួយ​ការបង់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ជាមួយ​គ្រឹះស្ថាន​ជា​ដៃគូ​ផង​ដែរ ក្នុង​គោលបំណង​បង្ខិត​សេវា​ឲ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ កាត់បន្ថយ​ពេលវេលា លុបបំបាត់​ចំណាយ​ក្រៅផ្លូវការ​។​

នៅក្នុង​ជំនួប​ពិភាក្សា​លោក​ទេសរដ្ឋមន្ត្រី និង​ក្រុម​គណៈប្រតិភូ​បាន​ឯកភាព​គ្នា​បន្ត​កិច្ចសហ​ប្រតិ​បត្តិការ​ល្អ ក្នុង​ការ​ដោះស្រាយ​បញ្ហា​រួមគ្នា ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​របស់​អាមេរិក​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​មួយកម្រិត​ទៀត៕

​ដោយ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114