ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខេត្ត​ ដឹកនាំ​ដោយ​លោក​គួច ចំរើន ចាប់ផ្ដើម​ ប្រើ​វិធានការ​ក្ដៅ​លើ​សំណង់​អនាធិបតេយ្យ តាម​ ឆ្នេរសមុទ្រ

ព្រះសីហនុ ​៖​ សំណង់​គ្រោង​ដែក​ដ៏​រឹងមាំ​មួយកន្លែង សាងសង់ រំលោភ​ដី​ឆ្នេរសមុទ្រ​តំបន់ អូរត្រេះ​ស្ថិតនៅ​ភូមិ ០៦ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ ទី​០៨ កក្កដា ឆ្នាំ​២០១៩​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រើ​វិធានការ​ក្ដៅ នាំ​យក​គ្រឿងចក្រ ​ឈូស​ឆាយ​កម្ទេច​ចោល​ បន្ទាប់ពី​ ធ្វើការ​ហាមឃាត់​មិន​ឲ្យ​សាងសង់​ចំនួន​៣​លើក​រួច​មក​ហើយ​ តាំងពី​សម័យ​លោក​យន្ត មីន ​នៅ​ជា ថ្នាក់​ដឹក ខេត្ត​ព្រះសីហនុ មក​ម៉េ្លះ ​តែ​ម្ចាស់​សំណង់ មិន​អនុវត្ត​​​តាម។

ក្រុម​មន្ត្រី​អនុវត្ត​​​ច្បាប់​របស់​សាលា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ​សំណង់​គ្រោង​ដែក ដ៏​រឹងមាំ​ដែល វាយ កម្ទេច ចោល​ខាង​លើ​នេះ​ មុននឹង​ឈាន​ដល់​វាយកម្ទេច​ចោល បែបនេះ ក្រុមការងារ របស់​រដ្ឋបាល​ខេត្ត​បាន ចុះ​មក​ធ្វើ ការ​ហាមឃាត់​បញ្ឈប់​ការសាងសង់​ចំនួន​៣​លើក ​រួច​មក​ហើយ ព្រម ទាំង​នឹង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​សំណង់​ឲ្យ​ធ្វើការ​វាយ​កម្ទេច​ចោល ចេញ​វិញ​ឲ្យ​អស់​ដោយ​ខ្លួន​ឯង ដោយ ការ​ហាម​ឃាត់ ចុងក្រោយ​នេះ ទុក កំណត់​រយៈ​៣​ថ្ងៃ គឺ​ធ្វើ​យ៉ាងណា​កម្ទេច​ចោល ឲ្យ​អស់ រក្សា​ឆ្នេរ សមុទ្រ​ចំណុច​នោះ​ឲ្យ​នៅ ដូច​សភាព ដើម​វិញ​។ ប៉ុន្តែ​​ផ្ទុយទៅវិញ ម្ចាស់​សំណង់ ក្រោយពី​ចុះ​កិច្ចសន្យា​រុះរើ​រួច​ មិន​បាន​អនុវត្ត​​​តាម​នោះ​ទេ ទើប​ពេល​នេះ​ថ្នាក់​ដឹក​ខេត្ត​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​នាំ​យក​គ្រឿងចក្រ មក​ធ្វើ​វាយ​កម្ទេច​ចោល​តែ​ម្តង​ ដោយ​ គ្មាន ការតវ៉ា ហើយ​រាល់​ការ​​ចំណាយ​គ្រប់យ៉ាង ជា​​បន្ទុក​របស់​ម្ចាស់​សំណង់​។

ពាក់ព័ន្ធ​ករណី សំណង់​ខាង​លើ​នេះ​ បើ​តាម បងស្រី ម្នាក់​ដែល​ជា​អ្នកលក់ដូរ ចំណីអាហារ​នៅ​តំបន់ ឆ្នេរ សមុទ្រ អូរ ត្រេះ​បាន លួច​បង្ហើប ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់​សំណង់​ដែល​ត្រូវ​វាយកម្ទេច​ចោល ខាង​លើ​នេះ ជា​ជនជាតិ​ចិន ដោយ បាន​ជួល​ដី ពី​ជន​ជាតិខ្មែរ ក្នុង​មួយ​ខែ ចំនួន​២​ម៉ឺន​ដុល្លារ និង​បាន​ចុះ​កុងត្រា រយៈពេល​៥​ឆ្នាំ​ជាមួយ​នឹង​ការ​កត់​លុយ​ចំនួន​១០​​ម៉ឺន​ដុល្លារ(​ដប់​ម៉ឺន​ដុល្លារ​)។​ ​អ្វីដែល​គួរ​កត់​សម្គាល់​នោះ​គឺ នៅមុន​ពេល ចរចា​ជួល​ដី​ទីតាំង​ខាងលើ​ ជនជាតិ​ចិន​ ដែល​ជា​ភាគី​អ្នក ជួល​ដី បាន​សួរ​ម្ចាស់​ដី ជា​ជនជាតិខ្មែរ​ថា បើ​គាត់​ជួល ហើយ​តើ រូបគាត់​អាច​សាងសង់ បានដែរ​អត់ ​ ម្ចាស់​ដី ជា​ជនជាតិខ្មែរ បាន អះអាងថា អ្នក​ចង់​សាងសង់​អី ក៏​សាងសង់​ទៅ តាម ចិត្ត។ ជនជាតិ​ចិន​ជា​អ្នក​ជួល ក្រោយ​មានការ​អះអាង​យ៉ាង​ច្បាស់លាស់​ពី​ម្ចាស់​ដី​បែបនេះ ក៏​សម្រេច ចុះ​កុងត្រា ជួល​តែ​ម្ដង។ ជនជាតិ​ចិន ដែល​ជា​ភាគី​អ្នក​ជួល ក្រោយពី​បាន​ចុះ​កុងត្រា ​និង​ទូទាត់ លុយ​រួចរាល់ ​ក៏បាន​រៀបចំ​ឯកសារ​មួយ​ចំនួន​ដាក់​ទៅ​សាលាក្រុង​ព្រះសីហនុ​ដើម្បី​រត់ការ សុំច្បាប់​អនុញ្ញាត សាងសង់ ប៉ុន្តែ​ជា​លទ្ធផល ​មិន​ត្រូវ​បាន រដ្ឋបាល​ក្រុងព្រះសីហនុ ​​អនុញ្ញាត​ឲ្យ​ទេ ដោយសារតែ​ដី​នោះ​ជា​ដី​ឆ្នេរ សមុទ្រ សាធារណៈ​របស់​រដ្ឋ។ ជនជាតិ​ចិន​ជា​ភាគី​អ្នក​ជួល ក្រោយ ពី​​ដឹងថា មិនអាច​សុំច្បាប់​សាងសង់​បាន ក៏បាន សម្តែង​ការ​អស់​សង្ឃឹម​យ៉ាងខ្លាំង។ ​ចុងក្រោយ​ដោយសារ គ្មាន​ជម្រើស​ ជនជាតិ​ចិន​នោះ ក៏បាន​ទៅ​ពឹងពាក់ មន្ត្រី សាលាក្រុង ម្នាក់ ដើម្បី​ប្រឹក្សា​ធ្វើ​យ៉ាងណា​សាងសង់​បាន ពីព្រោះ គាត់​ជួល​ដី​នេះ អស់​លុយ​ច្រើន​ណាស់ ហើយ​លុយ​នោះ បើ​គាត់​ចង់បាន មកវិញ ក៏​ម្ចាស់​ដី​មិន​ឲ្យ​វិញ​ដែរ។ ជនជាតិ​ចិន​នោះ ក្រោយពី​​ទៅ​ជួប​នឹង​មន្ត្រី សាលាក្រុង​នោះ​ហើយ ក៏​ត្រឡប់មកវិញ ​​ចាប់ផ្តើម ធ្វើការ​សាងសង់​ឆៅៗ​តែម្តង ដោយ​ក្នុង​ពេល​ធ្វើការ​សាងសង់​មាន​មន្ត្រី​អ្នក​​​ពាក់ព័ន្ធ​មួយចំនួន បាន​ចុះ​ទៅធ្វើ​ការ​ហាមឃាត់​ជា​ហូរហែ​ដែរ ប៉ុន្តែសំណង់​នោះ មិនបាន ផ្អាក​ការសាងសង់​ទេ គឺ​នៅតែ​បន្ត រហូត ដោយ​មិនដឹងថា មកពី​មូល​ហេតុ អ្វី​នោះ ឡើយ សរុបសេចក្តី​មក ពាក់ព័ន្ធ​នឹង​សំណង់​មួយ​នេះ បើតាម ការកត់សម្គាល់ គេ​តែង​ឃើញ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចេញចូល មិន​ដាច់​នោះ​ទេ គឺ​ក្នុង​មួយថ្ងៃ យ៉ាងតិច ក៏​មាន​២​ទៅ​៣​នាក់​ដែរ​ រាប់​ពី​មន្ត្រី​ថ្នាក់​មូលដ្ឋាន ឡើងទៅ។ ឥឡូវ​លទ្ធផល ចុងក្រោយ ការសាងសង់ បាន​ប្រហែល​៩០​ភាគ​ទៅ​ហើយ​នោះ ក៏​ត្រូវ​វាយកម្ទេច​ចោល អស់​គ្មាន សល់ ខណៈ​ពេល​លោក គួច ចំរើន ទើប​ឡើង​កាន់តំណែង​ជា​ថ្នាក់​ខេត្ត ព្រះសីហនុ។ ចំណែក ឯ​ជន​ជាតិចិន ក្នុងពេល វាយកម្ទេច​សំណង់ របស់ ខ្លួន​ចោល បាន​និយាយថា​ខ្លួន​បាន​ចំណាយលុយ អស់​ច្រើនណាស់ ទម្រាំ សាងសង់​បាន​ប៉ុណ្ណឹង។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ អាច​និយាយបានថា ជនជាតិ​ចិន គឺជា​ជនរងគ្រោះ ហើយ ម្ចាស់ ដី គឺ អ្នក​ទ​ទួល​ផល​ប្រយោធន៍​គ្រប់យ៉ាង បែប​របៀប​បោកប្រាស់ ត្រង់ៗ ទៅលើ​ជនបរទេស ដែល មិនសូវ យល់ដឹង​ពី​ច្បាប់ ទម្លាប់​ស្រុក​ខ្មែរ។ ចំណុច​នេះ សង្ឃឹម​ថា លោក​គួច ចំរើន ដែល ជា​អភិបាល នៃ​គណៈ អភិបាល ខេត្ត ព្រះសីហនុ នឹង​មាន​ចំណាត់​ការ ក្នុង​រឿង​នេះ​ ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ ពី​ព្រោះ​ថា​បើ​ទុក​ឲ្យ មាន មនុស្ស​បែបនេះ នៅតែ​បន្ត​ ប្រព្រឹត្ត​ខុសច្បាប់ ​តទៅទៀត អ្នក​វិយោគ​ គេ​លែង​មាន ជំនឿ មក​អភិវឌ្ឍ​ជាមួយ​យើង​ទៀត​ហើយ​ ដល់ពេល​នោះ រឿង​ដែល ខាង​ខាតបង់​ធំ​បំផុត គឺ​ប្រជាពលរដ្ឋ ស្លូត ត្រង់ ហើយ​បាត់​ភាព​ថ្លៃថ្នូរ​ គឺ​ប្រទេសជាតិ យើង​តែ​ម្តង៕

ដោយ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114