ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះករុណា ព្រះមហាក្សត្រ​យាង​ ដាំ​ដើមឈើ នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ

ក្រចេះ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៩ កក្កដា​នេះ ដែលជា​បុណ្យ​រុក្ខទិវា ៩ កក្កដា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​យាង​ជា​ព្រះរាជអធិបតី​ដ៏​ខ្ពង់​ខ្ពស់បំផុត​ក្នុង​ព្រះរាជ​ពិធី​ដាំ​កូនឈើ ដែល​ប្រារព្ធ​ធ្វើ​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ពិធី​នេះ​ មាន​ការ​ចូលរួម​អម​ព្រះរាជ​ដំណើរ​ព្រះករុណា​ព្រះមហាក្សត្រ ពី​សំណាក់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​ចៅហ្វា​វាំង គង់ សំអុល លោក វេ​ង សាខុន រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​មន្ត្រីរាជការ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ យ៉ាងច្រើន​កុះករ។

ទិវា​រុក្ខទិវា ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ឲ្យ​ចូលរួម​ដាំ​ឈើ ថែរក្សា​ការពារ​ព្រៃឈើ ព្រៃ​លិច​ទឹក ជីវចម្រុះ​គ្រប់​ប្រភេទ ក្នុង​ស្មារតី​ស្រឡាញ់​ព្រៃឈើ និង​ធនធានធម្មជាតិ ដែល​ជា​មរតក​ដ៏​មានតម្លៃ ជាពិសេស​សម្រាប់​ទ្រទ្រង់​ជីវិត​រស់នៅ​របស់​យើង​គ្រប់ៗ​រូប ក៏ដូចជា​សត្តនិករ ទាំងឡាយ​នៅលើ​ភពផែនដី និង​អនាគត​រុងរឿង​នៃ​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត តរៀង​ទៅ៕

ដោយ ៖ ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114