ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ប្រកាស​ថា​ ភូមិ​ឫស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ​ស្រុក​ស្វាយ​ជ្រំ ​ខេត្ត​ស្វាយរៀង ​ជា​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

​ស្វាយរៀង ​៖ ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ រួម​នឹង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​៩ ខែ កក្កដា ឆ្នាំ​២០១៩​នេះ បាន​បើក​ការប្រកាស ដាក់​ភូមិ​ឫស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោល គោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ជា​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បន្ទាប់ពី​ក្រុមការងារ​របស់​មន្ទីរ​កសិកម្ម​ខេត្ត សហការ​ជាមួយ​នឹង​មន្ទីរ​ពិសោធន៍​យក​សំណាក​ឈាម​ទៅ​វិភាគ​រក​មេរោគ កាលពី​ថ្ងៃ​ទី​២៩​មិថុនា កន្លងទៅនេះ​។​

មានប្រសាសន៍​ នា​ឱកាស​នោះ​ លោក គឹម សុន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​សំដែង​នូវ​ការចូលរួម​សោកស្ដាយ​ជាមួយ​បងប្អូន​ពលរដ្ឋ ដែល​បាន​រង​នូវ​ការបាត់បង់​សត្វ​ជ្រូក​យ៉ាង​ច្រើន ដោយ​ការវាយប្រហារ​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ទន្ទ្រាន ក្នុង​ភូមិ​នា​ពេល​ថ្មីៗ​នេះ។

លោក​បន្តថា និន្នាការ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បង្ក​ឲ្យ​សត្វ​ជ្រូក​ងាប់ ងាយ​ចម្លង​ខ្លាំង​ណាស់ ដូច​នេះ​បងប្អូន ដែល​រស់នៅ​ក្នុង​ភូមិ គួរ កុំ​ដើរ​ឆ្លងកាត់​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយទៀត ឲ្យ​បាន​មួយ​រយៈ​សិន ហើយក៏ កុំ​យក​សាច់​ជ្រូក ​ដែល​ឈឺ​ងាប់​ទៅ​ធ្វើ​ម្ហូប ដើម្បី​ហូប​ចុក​ជា​ដាច់ខាត ពីព្រោះ សាច់​មាន​មេ​រោគ មិន​ងាយ ​នឹង​សម្លាប់​ឲ្យ​ងាប់​ណាស់ ពិសេស​ជីក​កាប់​សត្វ​ជ្រូក​ដែល​ងាប់​ឲ្យ​បាន​ជ្រៅ និង​ធ្វើ​ការ​សំអាត​ភូមិដ្ឋាន ផ្ទះសំបែង ទ្រុង​ជ្រូក ទ្រុង​មាន់ ទា ឲ្យ​បាន​ស្អាត ដើម្បី​ត្រៀម​ចិញ្ចឹម​ជ្រូក​ឡើងវិញ ខណៈ​ដែល​ជំងឺ​ជ្រូក​សាយ អស់​ក្លិន សាំង​ និង​អាកាសធាតុ​នៅ​ពេល​ខាង​មុខ។

​ទាក់ទង​ទៅ​នឹង​តម្លៃ​សាច់​ជ្រូក លោកស្រី ចាន់ គ្រី អ្នកលក់​សាច់ជ្រូក​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង បាន​បញ្ជាក់​ប្រាប់ឲ្យ​ដឹង​ថា​ ទោះជា​រដ្ឋបាល​ខេត្ត​បាន​ធ្វើ​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក រហូត​មកដល់​ពល​នេះ​តម្លៃ​សាច់​ជ្រូក នៅក្នុង​ផ្សារ​នេះ​មិនបាន ឡើង​ថ្លៃ ប៉ុន្មាន​ទេ គឺ​ សាច់​មួយ​គីឡូក្រាម​នៅ​ចន្លោះ​តម្លៃ​១៦០០០ ទៅ ១៧០០០​រៀល តែ​ប៉ុណ្ណោះ​។

​លោក នាង ចន្ថា ប្រធាន សមាគម​​អ្នក​ចិញ្ចឹម​ជ្រូក បាន​ថ្លែងប្រាប់​បន្ថែមថា បើទោះជា ខេត្ត​បាន​រង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ឃុំ​ក្រោលគោ ក្នុងស្រុក​ស្វាយជ្រំ ហើយ​មាន​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​រមាសហែក បាន​រង​ផល​ប៉ះពាល់​ នឹង​ជំងឺ​សត្វ​ជ្រូក រួម​នឹង​អាជ្ញាធរ​ខេត្ត​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង នៅ​ទូទាំង​ខេត្ត​ស្វាយរៀង តម្លៃ​សាច់​ជ្រូក​រស់ មិន​ទាន់​មាន​សញ្ញា មានការ​ឡើង​ថ្លៃ​នៅ​ឡើយ​ទេ គឺ តម្លៃ​ជ្រូក​រស់ ដែល​ក្រុមហ៊ុន C P ដឹក លក់​ចែកចាយ​ក្នុង ខេត្ត មួយ​គីឡូ នៅ​តម្លៃ​តែ​១០៥០០​រៀល ឯ​តម្លៃ​ជ្រូក ក្រុម​កសិករ ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ពូជ​ក្នុងស្រុក មានតម្លៃ ជាង​៨០០០​ ទៅ​៩០០០​រៀល​ដែរ ពោលគឺ​តម្លៃ​ជ្រូក​មិនទាន់មាន​បញ្ហា​អ្វី​នោះ​ទេ។

លោក​ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​បញ្ជាក់​ថា អនុវត្ត​បង្ការ​ទប់ស្កាត់ ការ​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក ដែល​រដ្ឋបាល​ខេត្ត និង​ក្រសួង​ចាត់វិធានការ​ទប់ស្កាត់ មន្ទីរ​ រួម​នឹង អាជ្ញាធរ មូលដ្ឋាន បាន​និង​កំពុង​តែ​បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់ និង​បាញ់ថ្នាំ​ធ្វើ​ជីវ​សុវត្ថិភាព នៅ​តាម​បណ្ដា​ភូមិ​មួយ​ចំនួន ជា​បណ្តើរៗ​ហើយ​នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ បន្ទាប់​ពី​សង្ស័យ មាន​និន្នាការ​ជំងឺ​រាតត្បាត​៕​

ដោយ ៖ គឹម​ សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114