ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ ចរណៃ បកស្រាយ​លម្អិត​ និង​សូមទោស​មហាជន​លើ​ករណី ​ត្រូវ​គេ​សម្លាប់​ច្រក​ការុង​ប្លុង​ចោល​ក្រោម​ស្ពាន​ជ្រោយចង្វារ​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​

​ភ្នំពេញ​ ៖ ​ទស្សនិកជន​ ពិតជា​បានដឹង​ហើយ​ កាលពី​ថ្មីៗ​នេះ​ មានការ​ចុះផ្សាយ ​និង​ចែករំលែក​ព័ត៌​មាន​យ៉ាង​កក្រើក​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​មជ្ឈដ្ឋាន​មហាជន​ស្ទើរ​មួយ​ប្រទេស​ក្រោយ​ពេលដែល​បែកធ្លាយ​រូបភាព​ភ្ជាប់​ជាមួយ​ការ​លើកឡើងថា​ តារា​សម្តែង​ស្រី ​កញ្ញា ពេជ្រ ចរណៃ ត្រូវបាន​គេ​សម្លាប់​ច្រក​សព​ចូលក្នុង​ការុង​ ហើយ​យកទៅ​ប្លុង​ចោល​ក្រោម​ស្ពាន​ជ្រោយចង្វារ​។​

​ទោះបីជា​យ៉ាងណា​បន្ទាប់ពី​មាន​ដំណឹង ​នៃ​ការចុះផ្សាយ​ និង​ចែករំលែក​ព័ត៌មាន​ភ្ញាក់ផ្អើល​នេះដែរ​សាមីខ្លួន​ កញ្ញា ពេជ្រ ចរណៃ ភ្លាមៗ​នោះ ​ក៏បាន​ចេញមុខ​បញ្ជាក់ដែរថា​ ករណីនេះ ​ពុំមែន​ជាការ​ពិត​នោះ​ឡើយ​ ហើយ​សូមកុំ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​យល់ច្រឡំ​លើ​ការចុះផ្សាយ​ ឬ​ការចែករំលែក​ព័ត៌មាន​មិនទាន់​ផ្លូវការ​ទាំងនោះ​ពោលគឺ​គ្រាន់តែ​សកម្មភាព​មួយ​ក្នុង​ឈុត​ឆាក​សម្តែង​ MV​ បទ​ចម្រៀង​ប៉ុណ្ណោះ​។​

​ថ្វីត្បិតតែ​ចម្ងល់​ និង​ការពិត​ ត្រូវបាន​បកស្រាយ​ពី​សាមីខ្លួន ​កញ្ញា ពេជ្រ ចរណៃ ដូច​ខាងលើនេះ​ក៏​ពិត​មែន​ ប៉ុន្តែ​គិត​រហូត​មកទល់ពេលនេះ ​គឺ​នៅតែមាន​មហាជន​មួយចំនួន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​បង្ហាញ​ការ​ភាន់​ច្រឡំ​ និង​យល់ថា​នាង​ត្រូវបាន​គេ​សម្លាប់​ពិតមែន​។​ ខណៈ​ក្នុងនោះ​ក៏​ការរិះគន់​ខ្លះ​ផង​ដែរ​ មកលើ​តារា​ស្រី​រូបនេះ​ថា​ជា​ចេតនា​បញ្ចេញ​ព័ត៌មាន​ដើម្បី​ទាញយក​ការចាប់អារម្មណ៍​ តែ​បញ្ហា​នេះ​ ត្រូវ​បាន​កញ្ញា ពេជ្រ ចរណៃ បញ្ជាក់​ថា​ ខ្លួន​មិនបាន​ដឹង​អ្វី​នោះឡើយ​ ព្រោះនេះ​អាច​ជាការ​បែក​ធ្លាយ​ពី​ក្រុមការងារ​អំឡុង​ពេល​ថត។

ដើម្បី​ជា​ការ​បកស្រាយ​បន្ថែម​លើ​ករណី​យល់​ច្រឡំ​នេះ​តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ក្នុង​ជំនួប​ជា​មួយ​អ្នកសារព័ត៌មាន​ដែលមាន​ទាំង​ក្រុមការងារ​ និង​តួ​សម្តែង​ប្រុស​ក្នុង​សាច់រឿង​ថត MV បទ​Original Song បាន​និយាយ​រៀបរាប់​បញ្ជាក់ថា ​នាង​ខ្ញុំ ពេជ្រ ចរណៃ ពេលនេះ​ សូម​ធ្វើការ​បកស្រាយ​បន្ថែម​លើ​ករណី​ដែល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ មានការ​ភ្ញាក់ផ្អើល​ និង​ចុះផ្សាយ​ព័ត៌មាន​ថា​ ខ្ញុំ​ត្រូវ​បាន​ឃាតក​មិន​ស្គាល់មុខ​សម្លាប់​ ហើយ​ច្រក​សព​ចូល​ការុង​យកទៅ​ប្លុង​ចោល​នៅ​ស្ពាន​ជ្រោយចង្វារ​រហូត​មាន​អ្នកគាំទ្រ​ជាច្រើន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ បាន​ឆាត ឬ ទូរស័ព្ទ​មក​សួរនាំ​លើ​ករណី​នេះ​។ ​ខ្ញុំ​សូម​ជម្រាប​ថា ​ចំពោះ​រូបភាព​ដែល​ត្រូវបាន​បែកធ្លាយ​ និង​ផ្សព្វផ្សាយ​ចែករំលែក​លើ​បណ្ដាញ​សង្គម​នោះ ​គឺ​ពុំមែន​ជាការ​ពិត​នោះទេ​។​

​កញ្ញា ពេជ្រ ចរណៃ បាន​បន្តទៀតថា​ ចំពោះ​រូបភាព​ដែល​ត្រូវបាន​បែកធ្លាយ​នោះ ​គឺ​គ្រាន់តែ​ជា​សកម្មភាព​មួយ​ក្នុង​ការថត​សម្តែង​MV Original Song បទ តើ​រូប​បង​នេះ​ខុស​អ្វី​? ​ជា​ស្នា​ដៃ​កូន​ខ្មែរ​និពន្ធ​និង​ចម្រៀង​ដោយ​លោក សេរី វឌ្ឍនៈ ខណៈ​ដែល​ឈុត​នេះ​ គឺ​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​តួ​ត្រូវ​គេ​សម្លាប់​​ហើយ​យក​សព​មក​ប្លុង​ចោល​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​។​កញ្ញា ពេជ្រ ចរណៃ ក៏បាន​ធ្វើ​ការសំពះ​សូមទោស​ដល់​ខាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ផង​ដែរ ​ក្រោយ​ពេល​ដែល​បែក​ធ្លាយ​ដំណឹង​ពុំ​មែន​ជា​ការ​ពិត​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​ខាង​លើនេះ។

តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ​បាន​បន្ថែមថា​ បន្ទាប់ពី​ឃើញ​ព័ត៌មាន​និង​ការចែករំលែក​នៅលើ​ហ្វេ​ស​ប៊ុ​ក​ព្រមទាំង​មានការ​ឆាត​និង​ទូរស័ព្ទ​មក​សួរនាំ​ពី​មហាជន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនោះ​ នាង​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ព្រោះ​នៅ​សុខៗ​ស្រាប់​តែមាន​ដំណឹង​បែបនេះ​។​ម្យ៉ាងទៀត​នាង​ក៏​អរគុណ​ផងដែរ​សម្រាប់​ការព្រួយបារម្ភ​និង​សួរនាំ​ពី​មហាជន​គ្រ​ប់​មជ្ឈដ្ឋាន ​ប៉ុន្តែ​នាង​ក៏​សូម​ឆ្លើយតប​ផងដែរ​លើ​ការរិះគន់​មួយចំនួន​ថា ​នេះ​ជា​ចេតនា​របស់​នាង​ដើម្បី​ទាញយក​ការចាប់អារម្មណ៍​និង​ភាពល្បីល្បាញ​។ ​ករណីនេះ​ត្រូវបាន​កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា​នាង​គ្មាន​ថ្ងៃ​ធ្វើ​ដូច្នេះ​ឡើយ​ហើយ​រូបភាព​បែកធ្លាយ​នេះ​អាច​ផ្តើមចេញពី​ក្រុមការងារ​។​

​ដោយឡែក​បើតាម​ការរៀបរាប់​បន្ថែ​ម​ពី​សំណាក់​លោក សេរី វឌ្ឍនៈ ដែលជា​អ្នកចម្រៀង​និង​ដឹកនាំ​សម្តែង​ផង​នោះ​បញ្ជាក់ថា MV Original Song បទ តើ​រូប​បង​នេះ​ខុស​អ្វី​?​ក្រៅពី​ឈុត​ឆាក​ក៏​រន្ធត់​កញ្ញា ពេជ្រ ចរណៃ ត្រូវ​បាន​គេ​សម្លាប់​នេះ​ដែរ​ ក៏​មាន​បញ្ចូល​ផង​ដែរ ​នូវ​ឈុត​ឆាក​ក្បាច់គុន​ល្បុក្កតោ ​និង​របាំ​ខ្មែរ​ផងដែរ​។ ​ជាមួយគ្នានេះ​ លោក​ក៏​សូមទោស​ផង​ដែរ​ សម្រាប់​ការ​បែក​ធ្លាយ​បង្ក​ការ​ភ្ញាក់ផ្អើល​និង​យល់​ច្រឡំ​ករណី ​ដែល​តារា​សម្តែង​ស្រី​កញ្ញា ពេជ្រ ចរណៃ ដែល​ជា​តួ​អង្គ​​ស្រី​ក្នុង​MV​នេះ ​ត្រូវបាន​គេ​សម្លាប់​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114