ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្លួន​ពិការ​មែន​ពិត តែ​ព្យាយាម​រកស៊ី​ជួសជុល​ទូរស័ព្ទ​យកលុយ​ទៅ​ចិញ្ចឹម​ម្តាយ​ និង​ប្អូនៗ​

​ភ្នំពេញ ៖ ស្ថិត​នៅមុខ​បេនឡាន​ច្បារអំពៅ​ ក្នុងភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ គេ​តែងតែ​ឃើញ​បុរស​ពិការ​ម្នាក់​អង្គុយ​ជួសជុល​ទូរស័ព្ទ​តាំងពី​ព្រលឹម​ ទល់​ព្រលប់​ទើប​ជិះ​ម៉ូតូ​ច្នៃ​ជាកង់​បី​ត្រឡប់ទៅផ្ទះ​។​

​នៅ​ចំពោះមុខ​ភ្នាក់ងារ​កម្ពុ​ជាថ្មី​ប្អូនប្រុស​បាន​ឲ្យ​ដឹងថា ​ប្អូនប្រុស​ឈ្មោះ ​យឹម សុខុម អាយុ​៣៥​ឆ្នាំ​ ជា​ជនពិការ​ស្វិតជើង​ទាំងពីរ​តាំងពី​កំណើត​មកម្ល៉េះ​។ ​សព្វថ្ងៃនេះ ​ប្អូនប្រុស ​ត្រូវ​រកលុយ​ទៅ​ផ្គត់ផ្គង់​ប្អូនៗ​ចំនួន​៥​នាក់ ​រួមទាំង​ម្តាយ​ផង​ ដែល​សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​ក្បាល​ទំនប់​ទី​២ ​សង្កាត់​បឹងទំពុន​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​។​

​ប្អូនប្រុស​បាន​រៀបរាប់ថា ​កាលពី​ជិត​១០​ឆ្នាំមុន​ប្អូនប្រុស​រស់នៅក្នុង​អង្គការ​កម្ពុជា​ត្រាក់​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ នៅពេល​រស់នៅក្នុង​អង្គការ​ខាងលើ​ប្អូន​ត្រូវបាន​អង្គការ​ឲ្យ​រៀន​ជួសជុល​ទូរស័ព្ទ​ដោយមាន​គ្រូបង្ហាត់​ស្នាក់នៅ​ក្នុង​អង្គការ​នេះដែរ​។

​លុះដល់​ឆ្នាំ​២០១៥ ​ប្អូនប្រុស​បានចេញ​មក​រកស៊ី​ជួសជុល​ទូរស័ព្ទ​ចល័ត​តាម​មុខ​ផ្សារ​រហូតមកដល់​មុខ​បេនឡាន​ច្បារអំពៅ​នេះ​។​

​ប្អូនប្រុស​បាន​បន្តថា ​ទោះបីជា​ប្អូន​មាន​ជំនាញ​ខាង​ជួសជុល​ក៏ដោយ ​ប៉ុន្តែ​មិនសូវមាន​ភ្ញៀវ​យក​មក​ឲ្យ​ជួសជុល​នោះទេ​ ព្រោះ​គេ​ទៅរក​កន្លែង​ហាង​ធំៗ​ឯណោះ​។ ​ដូច្នោះ​ ហើយ​ទើប​ប្អូន​ត្រូវ​បង្ខំចិត្ត​យក​ប្រាក់​ឈ្នួល​ថោក​ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ដែល​យក​ទូរស័ព្ទ​ចាស់ៗ​មក​ធ្វើ​មានតម្លៃ​ថោក​ ហើយ​តម្លៃ​ឈ្នួល​របស់​ក៏​ថោក​ទៅតាម​នោះ​ដែរ​។​

ដោយឡែក​ ប្រាក់កម្រៃ​វិញ​ គឺ​ថ្ងៃ​ខ្លះ​មិន​មាន​សោះ​ ម្ល៉ោះហើយ​ទើប​ប្អូន​ត្រូវតែ​ខិតខំ​បន្ត ​បើ​ពុំ​ដូច្នោះ​ទេ​ប្អូនៗ​ក៏ដូចជា​ម្តាយ​នៅឯ​ផ្ទះ ​គឺ​ច្បាស់​ជា​ដាច់បាយ​ហើយ​។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ​ក៏​ប្អូន​មិន​ដាច់​ចិត្ត​លើកដៃ​ទៅ​សំពះ​សុំទាន​គេ​នោះ​ទេ​។ ​ហើយ​បើ​សប្បុរសជន​មានចិត្ត​អាណិតអាសូរ​ គឺ​គ្រាន់តែ​យក​ទូរស័ព្ទ​មក​ឲ្យ​ប្អូន​ជួសជុល​ដើម្បី​បាន​កម្រៃ​យកទៅ​ផ្គត់ផ្គង់​ដល់​គ្រួសារ​ប្អូន​ គឺ​ចាត់ទុកជា​បាន​ធ្វើ​បុណ្យ​ប្អូន​ហើយ​៕

ដោយ ៖ ​ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114