ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ ​Deutsche ​កាត់បន្ថយ​បុគ្គលិក​ជិត​២​ម៉ឺន​នាក់​ទូទាំង​ពិភពលោក អ្នកធ្វើការ​ក្នុង​តំបន់​អាស៊ី​ប៉ះពាល់​ខ្លាំងជាងគេ

ក្រុម​ផ្នែក​ប្រតិបត្តិការ​ទាំងមូល​ក្នុង​តំបន់​អាស៊ី​របស់​ធនាគារ Deutsche បានឱ្យដឹងថា ពួកគេ​បាន​បាត់បង់​តួនាទី​របស់ខ្លួន​ហើយ​កាលពី​ថ្ងៃ​ចន្ទ​នេះ ដោយសារតែ​ធនាគារ​ខាងលើនេះ​ បាន​កាត់បន្ថយ​ការងារ​ចំនួន​១៨ ០០០ កន្លែង​ទូទាំង​ពិភពលោក​ក្នុងការ​ធ្វើកំណែទម្រង់​ដ៏​ធំ​បំផុត​មួយ​ទៅក្នុង​ធនាគារ​វិនិយោគ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​មក​។​

​ធនាគារ​របស់​អាល្លឺម៉ង់​មួយ​នេះ​បានចាប់ផ្ដើម​ការរៀបចំ​រចនាសម្ព័ន្ធ​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​តំបន់​អឺរ៉ុប ដោយបាន​គូស​វាង​ផែនការ​ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​៧,៤​ពាន់​លាន​អឺរ៉ូ (៨,៣១ ពាន់​លាន​ដុល្លារ​) និង​មើលឃើញថា​ធនាគារ​នេះ​បាន​កាត់បន្ថយ​ទំហំ​ការងារ​ក្នុង​ធនាគារ​វិនិយោគ​របស់​ខ្លួន ដែលជា​ការកាត់បន្ថយ​ការងារ​ដ៏​ធំ​មួយ បន្ទាប់ពី​បានធ្វើការ​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុងការ​ប្រកួតប្រជែង​ក្នុងនាម​ជា​កម្លាំង​ដ៏​សំខាន់​នៅ Wall Street​។​

​ធនាគារ​នេះ​មិនបាន​កំណត់​ទីតាំង​ភូមិសាស្ត្រ​ឱ្យ​ច្បាស់លាស់​ចំពោះ​ការកាត់បន្ថយ​ការងារ​នេះឡើយ ទោះបីជា​ភាគច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់​ទៅលើ​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ក្ដី​។ ប៉ុន្តែ​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ច័ន្ទ​នេះ ធនាគារ Deutsche បានចាប់ផ្ដើម​កាត់បន្ថយ​ការងារ​ក្នុង​ទីក្រុង​ស៊ីដនី ហុងកុង និង​កន្លែង​ផ្សេងទៀត​ដែល​ស្ថិតក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​អ្នកធ្វើការ​ក្នុង​ធនាគារ​ជាច្រើន​ក្នុង​ទីក្រុង​ស៊ីដនី​ត្រូវបាន​គេ​ឃើញថា​បាន​ចាក​ចេញពី​ការិយាល័យ​ផ្ដល់ប្រាក់​កម្ចី​កាលពី​ថ្ងៃ​ច័ន្ទ ដោយបាន​អះអាងថា​ពួកគេ​ធ្វើ​ការឱ្យ​ធនាគារ Deustche ហើយ​ត្រូវបាន​គេ​បញ្ឈប់ ប៉ុន្តែ​បាន​បដិសេធ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ព្រោះ​ពួកគេ​ត្រូវ​ត្រឡប់មកវិញ​នៅពេល​ក្រោយ​ដើម្បី​ចុះហត្ថលេខា​ទទួល​បាន​ក​ញ្ច​ប់​ទូទាត់​ថ្លៃ​បាត់បង់​ការងារ​។​

​មនុស្ស​ម្នាក់​ដែលមាន​ចំណេះដឹង​ផ្នែក​ប្រតិបត្តិការ​របស់​ធនាគា​រ​នៅ​អូស្ត្រាលី​បាន​និយាយថា ក្រុមការងារ​ផ្នែក​ទី​ផ្សារទុន​ក្រុមហ៊ុន​( ECM) ទាំង​បួន​ត្រូវបាន​គេ​បញ្ឈប់​ទៅហើយ ប៉ុន្តែ​បុគ្គលិក​ភាគច្រើន​នៃ​ក្រុម​បង្រួម​ទុន និង​រំលាយ​បញ្ចូល​គ្នា (M&A) អាច​នឹងមិន​រង​ការកាត់បន្ថយ​ការងារ​នេះ​ភ្លាមៗ​ទេ​។​

​ដោយឡែក ចំណែក​ក្រុម​ផ្នែក​លក់ និង​ពាណិជ្ជកម្ម​ក៏​កំពុង​បាត់បង់​ការងារ​បណ្ដើរៗ​ហើយ​។ នេះ​បើ​យោងតាម​អ្នកធ្វើការ​ក្នុង​ធនាគារ Deutsche ជាច្រើន​នាក់​បានលើកឡើង​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114