ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​កូរ៉េខាងត្បូង​ទទូច​ឱ្យ​ជប៉ុន​ដក​គំនាប​លើ​ការនាំចេញ​ ចេញ​វិញ​

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in បាន​ទទូច​សុំឱ្យ​ប្រទេស​ជប៉ុន​ដក​ការគ្រប់គ្រង​លើ​ការនាំចេញ​លើ​សម្ភារៈ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដែល​ជាប់ទាក់ទង​ទៅនឹង​ប្រទេស​កូរ៉េខាងត្បូង​ព្រោះតែ​ជម្លោះ​លើ​ការបង្ខិតបង្ខំ​កម្លាំង​ពលកម្ម​កាលពី​សម័យ​ស​ង្គ្រា​ម​ដែល​គំរាមកំហែង​ឱ្យមាន​ការរំខាន​ដល់​ការផ្គត់ផ្គង់​បន្ទះ​ឈី​ប និង​ស្មា​ត​ហ្វូ​ន​របស់​កូរ៉េខាងត្បូង​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង Samsung Electronics Co និង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​កំពូល​របស់​ពិភពលោក​និង​ជា​អ្នកផ្គត់ផ្គង់​បន្ទះ​ឈី​ប​ដល់​ក្រុមហ៊ុន Apple និង Huawei នោះ​អាច​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ការពន្យារពេល​ចំពោះ​ការអនុវត្ត​វិធានការ​របស់​ប្រទេស​ជប៉ុន​នេះ ដែល​អាច​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ​។​

​គួរ​បញ្ជាប់​ថា ជប៉ុន​បាន​រឹតបន្តឹង​ការនាំចេញ​វត្ថុ​ធាតុ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ផ្សារភ្ជាប់​ជាមួយ​រឿង​ជម្លោះ​ជុំវិញ​ប្រាក់​ជំងឺ​ចិត្ត​សម្រាប់​ការបង្ខិតបង្ខំ​កម្លាំង​ពលកម្ម​កាលពី​សម័យ​ស​ង្គ្រា​ម​។​

​រងើកភ្លើង​ជម្លោះ​រវាង​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងពីរ​នេះ​បាន​ឆាបឆេះ​ឡើង​កាលពី​ខែតុលា ពេលដែល​តុលាការ​កំពូល​របស់​កូរ៉េខាងត្បូង​បាន​បញ្ជា​ថា ក្រុមហ៊ុន Nippon Steel របស់​ជប៉ុន​ត្រូវតែ​សង​ប្រាក់​ជំងឺ​ចិត្ត​ដល់​ជនជាតិ​កូរ៉េ​ចំពោះ​រឿង​បង្ខិតបង្ខំ​កម្លាំង​ពលកម្ម​កាលពី​សម័យ​ស​ង្គ្រា​ម​លោក​លើក​ទី​២​។​

​ទោះជា​យ៉ាងណា ភាគី​ខាង​ជប៉ុន​បាន​អះអាងថា បញ្ហា​រឿង​បង្ខិតបង្ខំ​កម្លាំង​ពលកម្ម​នេះ​ត្រូវបាន​ដោះស្រាយ​រួចរាល់​កាលពី​ឆ្នាំ​១៩៦៥​មកហើយ គឺ​ពេលដែល​ប្រទេស​ទាំងពីរ​បាន​រិត​ចំណង​ការទូត​ឡើងវិញ និង​បាន​បរិហារ​ជា​សាធារណៈ​ថា​បទបញ្ជា​តុលាការ​កូរ៉េខាងត្បូង​គឺជា​ទង្វើ​មិនបាន​គិតពិចារណា​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114