ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​លើ​កន្ទុយ​រ៉ឺម៉ក​កង់​បី​ ដែល​គេ​ទុកចោល

ភ្នំពេញ​ ៖ ​បុរស​ពោះម៉ាយ​ម្នាក់ សង្ស័យ​មាន​ជំងឺ​ថ្លើម ទាច​ទឹក ប្រចាំកាយរុំា​រ៉ៃ ហើយ​ចូលចិត្ត​ហូប​ស្រា​ផង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅលើរ៉ឺ​ម៉ក​កង់​បី របស់​អ្នកភូមិ​ទុកចោល​តាម​ចិញ្ចើមផ្លូវ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សាកសព​មានឈ្មោះ គ្រីប សុផល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ពុំមាន​មុខរបរ ខណៈ​ដែល​ខ្លួន​មាន​ជំងឺ​ថ្លើម​រាំ រ៉ៃ (​ទាច​ទឹក​) ស្នាក់​នៅលើរ៉ឺ​ម៉ក របស់គេ ទុកចោល​តាមផ្លូវ ចំណុច​កើតហេតុ មាន​ស្រុកកំណើត​នៅ ភូមិ​ក្រូច ឃុំ​ក្រូច ស្រុក​ព្រៃឈរ កំពង់ចាម។

តាម​អ្នកភូមិ​បាន​ឲ្យ​ដឹងថា បុរស​ខាងលើ មក​ស្នាក់នៅ​ចំណុច​ខាងលើ ច្រើន​ខែ​មកហើយ ដើមឡើយ ជា​កម្មករ​សំណង់ តែ​ដល់​ធ្លាក់ខ្លួន​ឈឺ មាន​ជំងឺ​បៀតបៀន ទាច​ទឹក បាន​ឈប់សម្រាក​ការងារ តែ​ចូលចិត្ត​ហូប​ស្រា​ជាប្រចាំ ហើយ​ដេក​សម្រាក​នៅ​លើ​កន្ទុយ​រ៉ឺម៉ក​កង់​បី​ដែល​អ្នកភូមិ ដោះ​ទុកចោល រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កក្កដា នេះ ​មិន​ឃើញ​បុរស​ខាងលើ ក្រោក​ងើប​ចេញពី​រ៉ឺម៉ក​សោះ លុះ​គេ​ទៅ​អើត​ពិនិត្យមើល ដាស់​មិន​ងើប ទើប​ដឹង​ថា​ស្លាប់ ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល។

តាម​សាច់ញាតិ បុរស​រូបនេះ ដែល​ប្រកបមុខរបរ​ជា​កម្មក​រ​សំណង់ ស្នាក់នៅ​ក្នុងភូមិ​នោះដែរ បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ គ្រីប សុផល ជា​បុរស​ពោះម៉ាយ អត់​មានកូន តាំងពី​ធ្លាក់ខ្លួន​ឈឺ ការងារ​ក៏​គ្មាន​ធ្វើ ចូលចិត្ត​ផឹកស្រា ស្នាក់​នៅលើរ៉ឺម៉ក​របស់គេ​ទុកចោល​តាមផ្លូវ រហូតដល់​ដេក​ស្លាប់​តែ​ម្តង។

តាម​សមត្ថកិច្ច​ ក្រោយពី​ពិនិត្យ កោសល្យវិច័យ​រួច សន្និដ្ឋាន​ សព​ស្លាប់​ដោយ​ជំងឺ គាំងបេះដូង រួច​ប្រគល់​ជូន​សាច់ញាតិ ចាត់ចែង​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ នៅ​ឯ​ស្រុកកំណើត៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114