ព័ត៍មានទាន់​ហេតុការណ៏
Search

​ថ្ងៃ​១០ ​កក្កដា​នេះ សម្ដេច​តេ​ជោ វិលត្រឡប់​មកពី​ពិនិត្យ​សុខភាព​វិញ​ហើយ​និង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ខាងមុខ

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​សិង្ហ​បុរី​ហើយ​ដោយ​សម្តេច​នឹង​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ ដើម្បី​ត្រៀម​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។ នេះ​បើ​យោង​តាម​ការ Comment របស់​សម្តេច​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុម «​ចំរៀង​គ្រួសារ​ខ្មែរ​»​នៅ​ថ្ងៃ​០៩ កក្កដា ២០១៩ នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន Comment ថា «​ពុក​បាន​ចេញពី​មន្ទីរពេទ្យ​មក​នៅ​សណ្ឋាគារ​តាំងពី​ព្រឹក​មិញ​ម្ល៉េះ​ថ្ងៃ​ទី​១០ កក្កដា នឹង​ត្រឡប់​ទៅវិញ​ដើម្បី​ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។ អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ជូនពរ​ឬ​បារម្ភ​ពី​សុខភាព​ខ្ញុំ​»​។

ជា​មួយ​គ្នា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ដល់​ក្រុម​ចម្រៀង​គ្រួសារ​ខ្មែរ​ដោយ​លើក​ឡើង​ថា «​ពុក​នៅ​អាច​ចូលរួម​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​បាន។ យមរាជ​មិន​ត្រូវការ​ជីវិត​ពុក​ទេ​ព្រោះ​យម រាជ​ត្រូវការ​ឲ្យ​នៅ​ការពារ​កូន​ៗ​ និង ​ប្រជាជន​កម្ពុជា​តទៅទៀត​។​ ពួក​ចង់​ឲ្យ​ពុក​ស្លាប់​ពិតជា​ខកចិត្ត​ពេល​ឃើញ​ពុក​នៅ​មាន​លទ្ធភាព​ចូលរួម​ជាមួយ​កូនៗ​បាន​»​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លុបចោល​រាល់​ជំនួប​ទាំងឡាយ​ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​នេះ​ ដោយសារតែ​សម្តេច​ត្រូវ​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព នៅ​ប្រទេស​សិង្ហ​បុរី​ពាក់ព័ន្ធ​បញ្ហា​គ្រេច​ស្មា​ខាងស្តាំ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បែបនេះ​នៅ​លើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នា​រសៀល​ថ្ងៃ​ទី៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា «​ដោយសារ មាន​បញ្ហា​គ្រេច​ស្មា​ខាង​ស្តាំ ​និង​ ដោយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​ឲ្យ​គ្រូពេទ្យ​សិង្ហ​បុរី​ពិនិត្យ​និង​ព្យាបាល​។ ខ្ញុំ​សូម​អធ្យាស្រ័យ​ពី​សំណាក់​មិត្តភក្ដិ​ទាំង​បរទេស​ទាំង​ខ្មែរ​ដែល​ត្រូវ​ជួប​ខ្ញុំ​នៅ​សប្តាហ៍​ក្រោយនេះ​ដែល​ខ្ញុំ​ត្រូវ​លុបចោល​នូវ​ជំនួប​នោះ​»​។

នៅ​ថ្ងៃ​ទី​៧ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ផ្ញើ​សារ​ជូន​ជនរួមជាតិ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃ​ទី៧ ខែកក្កដា​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា បន្ទាប់ពី​ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ក្រុម​គ្រូពេទ្យ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​កន្លែង​គ្រេច​ស្មា​ស្តាំ​។ អ្វី​ដែល​បាត់បង់​ គឺ​ គ្រូពេទ្យ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​ផ្អាក​វាយកូនគោល​មួយ​រយៈ​ដែល​ខ្ញុំ​គោរព​បាន​យ៉ាង​ស្រួល»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ប្រជាជន​ច្រើន​លើសលប់​បន់ស្រន់​ឲ្យ​ខ្ញុំ​ឆាប់​ជាសះស្បើយ ក៏​មាន​ជន​មួយ​ក្តាប់​តូច​លួច​ចូល​មក comment ឬ​បង្ហោះ​តាម Facebook បន់​ឲ្យ​ខ្ញុំ​ឆាប់​ស្លាប់​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លើយ​តប​ទៅ​ក្រុម​អ្នក​ប្រមាថ​អាយុជីវិត​សម្តេច​ដោយ​បាន​សរសេរ​ថា «​ខ្ញុំ​សូម​ជូន​យោបល់​ទៅ​អ្នក​ទាំងនោះ​វិញ​ថា​ ឈប់​បាន ឈប់​ទៅ​! ព្រោះ​ការ​ធ្វើ​នយោបាយ​រង់ចាំ​ឲ្យ​ខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណាច​សូម​រង់ចាំ​ជាតិ​ក្រោយ​ចុះ​!»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បន្តទៀត​ថា «​យមរាជ​មិន​ត្រូវការ​ជីវិត​ខ្ញុំ​ទេ​ក្នុង​រយៈពេល​មិនតិចជាង​៤០​ឆ្នាំ​ខាងមុខ។ យមរាជ​ត្រូវការ​ឲ្យ​ខ្ញុំ​នៅ​បម្រើ​ប្រជាជន​និង​កម្ចាត់​ពួកក្បត់​ជាតិ​ដើម្បី​រក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​»៕
​ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114