ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កោះហៅ​យុវជន ២៨​នាក់ ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ពាន​យុវជន​អាស៊ាន​

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើ​ការ​កោះហៅ​កីឡាករ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ចំនួន ២៨​រូប ដើម្បី​ចូលរួម​ហ្វឹកហាត់ ដំណាក់កាល​ទី​១ ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 )​។

យោងតាម​លិខិត​ដែល​ចេញ​ដោយ​សហព័ន្ធ បាន​កោះហៅ​យុវជន​ពី​ក្លឹប​ចំនួន ៨​នៃ​លី​គ​កំពូល​កម្ពុជា ដើម្បី​ធ្វើតេស្ត​សមត្ថភាព​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​ដដែល​ខាងលើ ធ្វើឡើង​នៅ​ប្រទេស​វៀតណាម នា​ខែសីហា ខាងមុខ​រួមមាន​មកពី ក្រុម​យុវជន​សាលា​បាល់ទាត់​បាទី​, ព្រះខ័ន​រាជ​ស្វាយរៀង​, បឹងកេត​, ណាហ្គា​វើ​លដ៍​, វិសាខា​, អគ្គិសនី​កម្ពុជា​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ភ្នំពេញ​ក្រោ​ន សរុប​ចំនួន​២៨​នាក់​។

តាម​គម្រោងការ​ធ្វើតេស្ត​ឈុត​ចុងក្រោយ ដំណាក់កាល​ទី​១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​០៩ ខែកក្កដា បន្ទាប់មក​នៅ​ថ្ងៃទី​១៦ និង​ចុងក្រោយ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​ថ្មី លោក Gyotoku Koji ហើយនឹង​ធ្វើការ​ជម្រុះ​មក​នៅត្រឹម​២៣​នាក់​ប៉ុណ្ណោះ ដែលជា​ជម្រើស​ចុងក្រោយ​។

គួរ​រំលឹក​ថា​ នៅ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា U-19 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហ​បុរី និង​អូស្ត្រាលី ដោយ​ការប្រកួត​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៥ ខែសីហា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114