ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Federer, Djokovic និង Nadal ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Wimbledon

កីឡាករ Roger Federer, Novak Djokovic និង​កីឡាករ Rafael Nadal បាន​ឡើង​ទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Wimbledon​កាលពី​ថ្ងៃ​ចន្ទ ពេលដែល​តារា​ស៊ូ​ពើ​ស្តា​ប្រចាំ Grand Slam ទាំងនេះ បន្ត​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ពួកគេ​។

កីឡាករ Federer បាន​ក្លាយ​ជា​បុរស​វ័យ​ចំណាស់​ជាងគេ​បំផុត ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Grand Slam ក្នុង​រយៈពេល​២៨​ឆ្នាំ​កន្លង​មក​នេះ ពេលដែល​គាត់​កក់​បាន​កៅអី​លេង​នៅ​វគ្គ​៨​នាក់​ចុងក្រោយ​ជា​លើក​ទី​១៧​។

ជើងឯក Grand Slam ៨​សម័យកាល​ម្នាក់នេះ បាន​ផ្តួល​គូប្រកួត​អ៊ីតាលី Matteo Berrettini ក្នុង​លទ្ធផល​ពិន្ទុ​6-1, 6-2, 6-2 នៅ​ការប្រកួត​មួយ​ប្រើពេល​ត្រឹម​៧៤​នាទី​ប៉ុណ្ណោះ។

វា​បាន​ក្លាយ​ជា​ជ័យជំនះ​លើក​ទី​៩៩​ របស់​គាត់​ផង​ដែរ​នៅ​ក្លិប All England Club ហើយ​នៅ​វ័យ​៣៧​ឆ្នាំ គាត់​បាន​ក្លាយជា​បុរស​វ័យ​ចំណាស់​បំផុត ឡើងដល់​វគ្គ​៨​នាក់​ចុងក្រោយ នៅ​ព្រឹត្តិការណ៍​ធំ​មួយ​នេះ ចាប់​តាំង​ពី​លោក Jimmy Connors វ័យ​៣៩​ឆ្នាំ ធ្វើ​បាន​សម្រេច​នៅ US Open កាលពី​ឆ្នាំ​១៩៩១​។

កីឡាករ Federer នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ជប៉ុន Kei Nishikori សម្រាប់​កន្លែង​លេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ខណៈ​ពេល​នោះ​ដែរ កីឡាករ​ឡើង​ការពារ​ជើងឯក និង​ជា​កីឡាករ​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Djokovic បាន​ឡើង​ដល់​វគ្គ​១​ភាគ​៤​ផ្តាច់​ព្រ័ត្រ Wimbledon ជា​លើក​ទី​១១​របស់គាត់ និង​ជា​លើក​ទី​៤៥​នៅ​ការប្រកួត​ធំ ជាមួយនឹង​ជ័យជំនះ​ក្នុង​លទ្ធផល​ពិន្ទុ​6-3, 6-2, 6- លើ​កីឡាករ​បារាំង Ugo Humbert។

ដោយឡែក កីឡា​ករលេខ​៣​ពិភពលោក Nadal ដែល​ជា​ជើងឯក​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១០ បាន​យកឈ្នះ​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Joao Sousa ក្នុង​លទ្ធផល​ពិន្ទុ​6-2, 6-2, 6-2 ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114