ព័ត៍មានទាន់​ហេតុការណ៏
Search

​ការ​វាយឆ្មក់​គ្រឿងញៀន​ទ្រង់ទ្រាយ​បំផុត​មិន​ធ្លាប់​ដែលមាន​នៅ​អឺរ៉ុប ចាប់ខ្លួន​មនុស្ស​២៣៤​នាក់​

​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់ Europol បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រតិបត្តិការ​ក្រុម​នគរបាល​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ ជាប់​ពាក់ព័ន្ធ​នឹង​៣៣​ប្រទេស និង​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក WADA រឹបអូស​បាន​សារធាតុ​ញៀន និង​ថ្នាំពេទ្យ​ក្លែងក្លាយ​រាប់លាន​គ្រាប់ ហើយ​និង​ចាប់ខ្លួន​មនុស្ស​២៣​នាក់​។

សេចក្តី​ថ្លែងការណ៍ បាន​រាយការណ៍​ថា ប្រតិបត្តិការ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​សហភាព​អឺរ៉ុប​២៣​ប្រទេស និង​១០​ប្រទេស​ផ្សេងទៀត ដែល​រួម​ទាំង​អាល់​បា​នី កូ​ឡុំ​ប៊ី អ៊ី​សឡង់ ស្វី​ស និង​សហរដ្ឋអាមេរិក ដោយ​រឹបអូស​បាន​ថ្នាំ​ខុសច្បាប់​៣.៨​លាន​គ្រាប់​។

ទីភ្នាក់ងារ WADA បាន​និយាយ​ថា ប្រតិបត្តិការ​នេះ បាន​បោសសំអាត​ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​១៧​ក្រុម ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំពេទ្យ​ក្លែងក្លាយ និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​អឺរ៉ុប។

ប្រតិបត្តិ​ការដែល​សម្រប​សម្រួល​ដោយ Europol និង​មានឈ្មោះ​កូដ Viribus ត្រូវបាន​ដឹកនាំ​ដោយ​ក្រុមនគរបាល Carabinieri របស់​អ៊ីតាលី ហើយ​និង​ជាប់​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ Interpol, Joint Research Centre និង​ការិយាល័យ​ប្រឆាំងនឹង​ការ​ក្លែងបន្លំ​អឺរ៉ុប OLAF។

ទីភ្នាក់ងារ Europol បាន​អះអាងថា ប្រតិបត្តិការ​នេះ ដឹកនាំ​រួមគ្នា​ផងដែរ ដោយ​ក្រុម​នគរបាល​ក្រិ​ក ដែលជា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​ដែល​ធ្វើឡើង កាលពីមុន​។

ទីភ្នាក់ងារ Europol បាន​និយាយ​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​លើ​សារធាតុ​សំយោគ​ប្រូតេអ៊ីន អាណា​បូ​លី​ក បាន​កើន​ឡើង​គួរ​ឲ្យ​កត់សំគាល់ នៅ​ក្នុង​ចំណោម​អ្នកប្រើប្រាស់​ទាំងអស់ រួមមាន​ទាំង​ក្រុម​អត្ត​ព​លិ​ក​ផងដែរ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114