ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​កម្ពុជា ​និង​ចិន ​បំពេញបេសកកម្ម​២​ថ្ងៃ ​នៅក្នុង​ខេត្ត​សៀមរាប ដើម្បី​ពិនិត្យ​សុខ​ភាព​បេះដូង​ជូន​កុមារ​កម្ពុជា​នៅ​ស្រុក​បន្ទាយស្រី​

សៀមរាប ៖ លោក​វេជ្ជបណ្ឌិត ម៉ា លីន​ឃុន (Ma Linkun) អនុប្រធាន​មន្ទីរពេទ្យ​បេះដូង​FUWAIខេត្ត​យូ​ណាន​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ ​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​កម្ពុជា​ និង​ចិន​ មក​បំពេញ​បេសកកម្ម​រយៈពេល​២​ថ្ងៃ​នៅក្នុង​ខេត្តសៀមរាប​ ដើម្បី​ពិនិត្យ​សុខភាព​បេះដូង​ជូន​ដល់​កុមារ​កម្ពុជា ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​បន្ទាយស្រី​។

លោក ណុប វុ​ធ្ធី អភិបាល​ នៃ​គណៈ​អភិបាលស្រុក​បន្ទាយស្រី​ក្នុង​ឱកាស​នោះ​បាន​គូស​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចិន​កាន់តែ​ប្រសើរ​ឡើង ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​ជា​ការ​បង្ក​លក្ខខណ្ឌ​កាន់តែ​ប្រសើរ​ឡើង​ដល់​វិនិយោគិន ទេសចរណ៍ ពិសេស​សង្គម​ស៊ីវិល​ប្រទេស​ចិន​បាន​ទទួល​ឱកាស​កាន់តែច្រើន​ក្នុង​ការចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។

ការពិនិត្យ​សុខភាព​បេះដូង​ជូន​ដល់​កុមារ នៅក្នុង​ស្រុក​បន្ទាយស្រី​នាពេលនេះ​ជា​សក្ខីភាព​បន្ថែម​ទៀត​ នៃ​ចំណងទាក់ទង​រវាង​ប្រជាជន ​និង​ប្រជាជន​ នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា ​និង​ចិន ​តាម​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ ​និង​ផ្លូវ​។​

​លោក​វេជ្ជបណ្ឌិត ម៉ា លីន​ឃុន បាន​ជម្រាប​ជូន​ដល់​គណៈ​អភិបាលស្រុក​បន្ទាយស្រី អាណាព្យា​បាល សិស្សានុសិស្ស​ពី​សកម្មភាព​រយៈពេល​២​ឆ្នាំ​​ដែល​មន្ទីរពេទ្យ​បេះដូង​FUWAI​ ខេត្ត​យូ​ណាន​ បាន​ចូលរួម​ក្នុងការ​វះកាត់ ​និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ជូន​ដល់​កុមារ​កម្ពុជា​ចំនួន​៣១​រូប ហើយ​៩​រូប​បាន​នឹង​កំពុង​ត្រៀម​បញ្ជូន​យក​ទៅ​វះកាត់​នា​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩​។ ក្នុង​ក្តី​រីករាយ​ ដោយ​បាន​ចូល​រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន លោក ឡ សាវ (LUO XIAO) ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​សមាគម​ភីង​អាន​(PING AN) បាន​ពន្យល់​ពី​ស្ថានភាព​ នៃ​ជំងឺ​បេះដូង​ចំហ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​សមាគម​សង្គម​ស៊ីវិល​ចិន​ក្នុង​ការ​ជួយ​ចូលរួម​កាត់បន្ថយ​បរិមាណ​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​។​

​ក្រោយ​លទ្ធផល​ នៃ​ការពិនិត្យ​កុមារ​ចំនួន​២០៧៧​រូប លោក ង​ន ប៊ុន​ធី អភិបាលរង​ស្រុក​បន្ទាយស្រី​បាន​ផ្តល់​នូវ​របាយការណ៍​សរុប​ដែល​មាន​សិស្ស​ចំនួន​៦​រូប ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ជំងឺ​បេះដូង​ចំហ ហើយ​ត្រូវ​បញ្ជូនទៅ​ធ្វើការ​វះកាត់​ និង​ព្យាបាល​នៅ​ប្រទេស​ចិន នា​ចុងខែ​កក្កដា ឆ្នាំ​២០១៩​នេះ ដោយ​រាល់​ការចំណាយ​ទាំងស្រុង​ជា​បន្ទុក​របស់​អង្គការ​YUNDI និង​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​។

​គួរ​បញ្ជាក់​ថា នេះ​ជា​សកម្មភាព​មនុស្សធម៌​ថ្មី​មួយ​បន្ថែម​ទៀត​របស់​អង្គការ​YUNDI​ ដែល​ជា​សង្គម​ស៊ីវិល​មួយ​របស់​ប្រទេស​ចិន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ការ​ចូល ​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និយាយ​រួម ជាមួយ​ក្រសួងសុខាភិបាល​ និង​ក្រសួង​អប់រំ យុវជន​ និង​កីឡា​និយាយ​ដោយឡែក​ក្នុង​ការ​កាត់បន្ថយ​បរិមាណ​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង ហើយ​ចូលរួម​លើកកម្ពស់​ការសិក្សា​រប​ស់​សិស្សានុសិស្ស​នៅ​មូលដ្ឋាន​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114