ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​ឆ្លាម​ បត់​ឆ្លង​ផ្លូវ​ចូល​ផ្ទះ​មិនបាន​ប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​បុក​ រង​របួស​ធ្ងន់​ស្រាល​៣​នាក់

រតនគិរី ៖ ម៉ូតូ​ពីរ​គ្រឿង​ បោល​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់ ​រង​របួស​ធ្ងន់ ​និង​ស្រាល នៅក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​មុខ​សាលាបឋមសិក្សា​សា​យ៉ស់ លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ព្លា​ង សៀង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ទំពួន របួសស្រាល មានមុខ​របរ​កសិករ ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។

រីឯ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​.​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ង៉​យ និ​ច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស បាន​រង​របួស​ស្រាល​។ អ្នករួមដំណើរ​ឈ្មោះ នួន វិច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស បាន​រងរបួស​ធ្ងន់ បែក​ក្បាល អ្នក​ទាំងពីរ​មាន​ទីលំ​នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​។​

មន្ត្រីនគរបាល​បាន​បន្តថា មុនពេល​កើតហេតុ បណ្តាលមកពី​ម៉ូតូ​វ៉េវ​ឆ្លាម​បើកបរ បត់​ឆ្វេង​ឆ្លងផ្លូវ​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន ស្រប​ពេល​នោះដែរ ​ម៉ូតូ​WSX កំពុងតែ​បើក​លឿន​ផង​នោះ ក៏បាន​វ៉ា​ក់​អើ​នឹង​ម៉ូតូ​ឆ្លាម​បាន​បត់​ឆ្លង​ផ្លូវ ក៏​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ឆ្លាម​តែម្ដង បណ្តាល​ឲ្យ​មនុស្ស​ដេក​រដូករណែល​ពេញ​ផ្លូវ​។​

ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះមក​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ស្នងការ​នគរបាល​ខេត្ត បាន​ដឹកបញ្ជូន​អ្នករបួស​ធ្ងន់​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ ដើម្បី​ព្យា​បាល​របួស​។​

ដោយឡែក​ មធ្យោបាយ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​កា​ឡែ​ង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114