ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍ និង​បញ្ហា​សំរាម​ជា​បញ្ហា​ប្រឈម​នៅ​រាជធានី អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំងអស់​រួមគ្នា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​

ភ្នំពេញ​ ៖ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍​ និង​បញ្ហា​សំរាម​ជា​បញ្ហា​ប្រឈម​នៅ​រាជធានី ដូច្នេះ​ទេ ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​សង្កាត់​ទាំងអស់ ​ត្រូវ​រួម​គ្នា​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​បែបនេះ កាលពី​ព្រឹក ថ្ងៃទី​១០ ខែ​កក្កដា ​ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​ដាក់​វិធានការ​ទៅលើ​ការ​រក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន និង ការផ្ដល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក ស ថេត អគ្គ​ស្នងការ​រង​នគរបាលជាតិ និង ជា​ស្នងការ​រាជធានី​ភ្នំពេញ​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​ប៉េអិម​រាជ​ធានី​ភ្នំពេញ អភិបាលរង​រាជធានី និង​មានការ​ចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ រដ្ឋបាល​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង បាន​បង្ហាញ​ពី​ការអភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ទន្ទឹម​នឹង​ការ​រីកចម្រើន​នេះ ប្រមុខ​ដឹកនាំ​កម្ពុជា ក៏បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​ចំនួន​២​ផងដែរ នៅ​គឺ​បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍ និង​បញ្ហា​សំរាម ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

​ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​សង្កត់ធ្ងន់ លើ​ការគ្រប់គ្រង​ស្ថិតិ​អ្នក​ស្នាក់នៅ​ក្នុង​សណ្ឋាគារ និង​ខុន​ដូ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត ជាពិសេស​ការ​ជូនដំណឹង​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ដែល​មាន​ផ្ទះល្វែង​ជួល​ ឬ​លក់​រថយន្ត​ និង​លក់​សំបុត្រ​រថយន្តក្រុង នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ក្រៅពីនេះ ក៏​នៅមាន​បញ្ហា​ផ្សេង​មួយចំនួនទៀត ដូចជា អនាម័យ បរិស្ថាន និង របៀបរៀបរយ​សាធារណៈ​តាម​ដងផ្លូវ ពិសេស នៅ​តំបន់​ទីតាំង​ដី​ឡូត៍ ទំនេរ គ្មាន​ម្ចាស់ និង​គ្មាន​សណ្ដាប់ធ្នាប់ ដែល​គណៈប្រតិភូ​ឆ្លងកាត់​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤​បាន​ឡើង​នូវ​រាយការណ៍ ពី​លទ្ធផល​ការងារ​មួយចំនួន ក្នុងនោះ​រួមមាន ការ​រាយការណ៍​ពី​លទ្ធផល នៃ​ការអនុវត្ត​សេចក្ដីណែនាំ ស្ដីពី ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ការទប់ស្កាត់​បទល្មើស​នា​នា ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114