ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​៤​គ្រួសារ​ទៀតហើយ ​ដែល​ត្រូវ​បានទទួល​ផ្ទះ​នៅ​ស្រុក​រតនៈមណ្ឌល​

​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​ដឹកនាំ​ដោយ​លោក​ងួន​ រតនៈ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​ និង​លោក​ឧត្ដមសេនីយ៍​ទោ ​អ៊ុក​ ឃ្នួច ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​បាត់ដំបង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង ​បាន​អញ្ជើញ​ទៅ​ប្រគល់​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​៤​គ្រួសារ​ ស្មើ​នឹង​៤​ខ្នង​ផ្ទះ​ នៅ​ចំណុច​ភូមិ​ស្វាយ​ជួរ​ ឃុំ​អណ្តើក​ហែប ​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​សមាគម​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ស្រុក/​ឃុំ ​រួម​នឹង​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ មន្ទីរ​អង្គភាព​នានា ​ជុំវិញ​ខេត្ត​កងកម្លាំង​អតីត​យុទ្ធជន​ជា​ជនពិការ​មួយចំនួន​បាន​ចូលរួម​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្ដើម ​លោក​អ៊ុក​ ឃ្នួច ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បាត់ដំបង​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង ​បាន​លើកឡើងថា​ ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ផង​នោះ​ សម្ដេច​តែងតែ​បាន​ដាក់ចេញ​នូវ​អនុសាសន៍​ដែល​ជា​ការយក​ចិត្ត​ទុក​ដាក់​ឲ្យ​ស្រាវជ្រាវ​ស្វែងរក​ក្រុមគ្រួសារ​អតីត​យុទ្ធជន​ដែល​នៅ​សេសសល់​ដែល​ពួកគាត់​បាន​ផ្លាស់​ទីលំនៅ​ទៅ​នៅ​ឆ្ងាយ​ក្នុង​គោលបំណង​ជួយ​ជ្រោមជ្រែង​គ្រួសារ​របស់​ពួកគាត់​ដែលជា​អតីតយុទ្ធជន​ឲ្យ​បាន​ល្អប្រសើ​ ដើម្បី​តបស្នង​ដល់​ពួកគាត់​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នា​ពេល​កន្លងមក​។​

លោក​បន្តថា ​តាំងពី​ថ្នាក់ជាតិ ​បាន​បង្កើត​ជា​សមាគម ​បច្ចុប្បន្ន​ចំពោះ​ខេត្តបាត់ដំបង​បាន​កសាង​ផ្ទះ​ទុក​ចែកជូន​អតីត​យុទ្ធជន​ក្នុង​ខេត្ត​បាន​ចំនួន​១៣៨​ខ្នង​ ហើយ​សមាគម​បានធ្វើ​ការចែកជូន​ដល់​អតីត​យុទ្ធជន​អស់​ចំនួន​១៣៣​ខ្នង ​បូករួម​៤​ខ្នង​ ដែល​បានប្រគល់​ជូន​នៅ​ថ្ងៃ​ចុង​ក្រោយនេះ​ផង​។​

​សម្រាប់​ការប្រគល់​ផ្ទះ​ចំនួន​៤​ខ្នង​ដល់​អតីត​យុទ្ធជន​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ​គឺ​ឋិត​នៅ​ភូមិ​ស្វាយ​ជួរ​ឃុំ​អណ្តើក​ហែប ​ស្រុក​រតនៈ​មណ្ឌល ​ខេត្ត​បាត់ដំបង​រួមមាន ​១/​ឈ្មោះ​លេន​ រ៉ើ​យ ​អត្តលេខ​HA91000853​ជា​ជនពិការ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ទទួលបាន​ផ្ទះ​ទំហំ​(៤​ម៉ែត្រ​x៦​ម៉ែត្រ​)​មាន​ត​សំយាប​ក្រោយ​ទំហំ​(៣​ម៉ែត្រ​x២.៥​ម៉ែត្រ​)​ ស្ថិតនៅ​ភូមិ​ស្វាយ​ជួរ​ឃុំ​អណ្តើក​ហែប​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​។​ ២/​ឈ្មោះ​ទាប់​ ឌឿ​ម​ អត្តលេខ​HA81000065​ ជា​ជនពិការ​ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ ទទួល​បាន​ផ្ទះ​ទំហំ​(៤​ម៉ែត្រ​x៦​ម៉ែត្រ​)​ ត​សំយាប​ក្រោយ​ទំហំ​(៣​ម៉ែត្រ​x២.៥​ម៉ែត្រ​)​ ស្ថិតនៅ​ភូមិ​អណ្តើក​១១​ ឃុំ​រស្មី​សង្ហា​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​។​ ៣/​ឈ្មោះ​ ផង់ ផែន​ អត្តលេខ​IA00000253​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ទទួលបាន​ផ្ទះ​ទំហំ​(៤​ម៉ែត្រ​x៦​ម៉ែត្រ​)​ ត​សំយាប​ក្រោយ​ទំហំ​(៣​ម៉ែត្រ​x២.៥​ម៉ែត្រ​)​ ស្ថិតនៅ​ភូមិ​ផ្លូវ​មាស​ ឃុំ​ផ្លូវ​មាស ​ស្រុក​រតនៈមណ្ឌល ​ខេត្តបាត់ដំបង​។ ​៤/​ឈ្មោះ​មោ​ គល់ ​អត្តលេខ​RB13000586​ជា​និវត្តន៍​ជន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ ​ទទួលបាន​ផ្ទះ​ទំហំ​(៤​ម៉ែត្រ​x៦​ម៉ែត្រ​)​ត​សំយាប​ក្រោយ​ទំហំ​(៣​ម៉ែត្រ​x២.៥​ម៉ែត្រ​)​ ស្ថិតនៅ​ភូមិ​ជី​សាង ​ឃុំ​ត្រែង​ ស្រុក​រតនៈមណ្ឌល ​ខេត្ត​បាត់ដំបង ​ក្នុងនោះ​ ក៏បាន​នាំ​អំណោយ​ជូន​ដល់​ម្ចាស់ផ្ទះ​មួយចំនួន​ផង ​ដោយ​ក្នុង​១​គ្រួសារ​ ទទួលបាន​ថវិកា​២០​រៀល​,​គ្រែ​០១,​អង្ករ​ចំនួន​១០០​គីឡូ​ក្រោម​,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ​,​ត្រីខ​០១​យួរ​,​ឆ្នាំង​ចាន​មុង​០១,​ភួយ​០១​និង​កន្ទេល​០១​។​

ដោយឡែក​ចំពោះ​អតីតយុទ្ធជន​ផ្សេង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ក៏​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥​រៀល​និង​សារុង​០១​ផងដែរ ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​​សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​។​

​ក្នុង​ឱកាស​នោះដែរ​ លោក​ងួន​ រតនៈ អភិបាលខេត្ត​ ក៏បាន​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​សមាគម​ និង​អតីត​យុទ្ធជន​ ក៏ដូចជា​ប្រជាពលរដ្ឋ​ផងដែរ​ ដោយ​លោក​បញ្ជាក់ថា ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន​សែន​ តែងតែ​យកចិត្តទុកដាក់​ និង​គិតគូរ​ខ្ពស់​ដល់​អតីត​យុទ្ធជន​ ក៏ដូចជា​ពលរដ្ឋ​រងគ្រោះ​ និង​ងាយ​រងគ្រោះ​ផងដែរ ​សម្តេច​តែង​នៅ​ជាមួយ​បងប្អូន​ជានិច្ច​ ហើយក៏​ជា​គោល​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​ផងដែរ​។

ក្រោយពី​លោក​អភិបាលខេត្ត​ បាន​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ​លោក​ក៏បាន​ជូន​ថវិកា​បន្ថែម​ដល់​ម្ចាស់ផ្ទះ​ទាំង​៤​គ្រួសារ ​ដោយ​ក្នុង​១​គ្រួសារ ​ទទួល​បាន​២០​ម៉ឺន​រៀល ​សម្រាប់ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​របស់​ពួកគាត់​ និង​ជូន​ថវិកា​ដល់​ជនពិការ​ជា​អ្នកជិតខាង​បានមក​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​រៀល​ និង​សារុង​១​ផងដែរ​៕​

ដោយ ៖ សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114