ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ជំនាញ ​បង្ក្រាប​ការ​លួច​នាំចូល​ជ្រូក​ចំនួន​១១​ក្បាល​ ពី​វៀតណាម​ នៅ​ច្រក​របៀង​ នៃ​ស្រុក​ព្រះ​ស្តេច​

​ព្រៃវែង ​៖​ សមត្ថកិច្ច​ជំនាញ​ នៃ​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ​ខេត្ត​ព្រៃវែង ​បាន​ចុះ​ល្បាត​តាម​ព្រំដែន ក្បែរ​ចំណុច​ច្រករបៀង​ទួល​លោកយាយ​នៅ​ខាងជើង​ប៉ុស្តិ៍​យាម​ត្រួតពិនិត្យ​ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ​ ក៏​ប្រទះឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​គ្មាន​ស្លាក​លេខ ដឹក​ជ្រូក​រស់​ចំនួន​១១​ក្បាល​ដែល​លួច​នាំចូល​ពី​វៀតណាម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។ ករណី​បង្ក្រាប​ម៉ូតូ​រ៉ឺម៉ក​ដឹក​ជ្រូក​រស់​នេះ​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០១៩​។​

​លោក​អ៊ុក សំណាង​ ប្រធាន​មន្ទីរ​កសិកម្ម​ និង​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រៃវែង​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ​ ថា ​សត្វ​ជ្រូក​រស់​ចំនួន​១១​ក្បាល ​ត្រូវ​បាន​សមត្ថកិច្ច​គយ​ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី​ចុះ​ល្បាត​ចាប់​ឃាត់​បាន​ កាលពី​យប់មិញ ​ហើយ​សត្វ​ជ្រូក​ទាំង​នោះ ក្រុម​ឈ្មួញ​លួច​នាំចូល​តាម​ច្រក​របៀង​ទួល​លោកយាយ​ដែល​មាន​ទម្ងន់​សរុប​១១១៦​គីឡូក្រាម មាន​ម្ចាស់​ឈ្មោះ​ភួង ធី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ទោល ឃុំ​ជៃ​កំពក ស្រុក​ព្រះ​ស្តេច ខេត្តព្រៃវែង​។​

ក្រោយពី​ឃាត់​សួរនាំ​ម្ចាស់​បាន​ឆ្លើយ​ថា ​ជ្រូក​រស់​ទាំងនេះ​នាំចូល​ពី​ប្រទេស​វៀតណាម​យក​មក​លក់​នៅ​ផ្សារ​ទ្រា​ក្នុង​ឃុំ​អង្គរ​រាជ្យ ​ស្រុក​ព្រះស្ដេច​ ខេត្ត​ព្រៃវែង ​បន្ទាប់មក​មន្ត្រី​គយ​ និង​រដ្ឋាករ បាន​សហការ​ជាមួយ​មន្ត្រី​ស្នាក់ការ ខេត្ត​ប្រចាំ​ច្រកទ្វារ​ និង​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​រួម​ដែលមាន​សមាសភាព​អ្នកត្រួតពិនិត្យ​មាន ៖

១-លោក ខេ​ម រតនៈ អនុប្រធាន​ការិយាល័យ​គយ ​និង​រដ្ឋាករ​បន្ទាយមានជ័យ

២-​លោក​សាំង សារឿន ភ្នាក់ងារ​ការិយាល័យ​គ​យ ​និង​រដ្ឋាករ​បន្ទាយ​ចក្រី

៣-​លោក ឡុង ណារ៉ាក់ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី

៤-​លោក ស្រួច​ឡាយ ជំនួយការ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី។

ក្រោយពី​បាន​ពិនិត្យ​រួច​ឃើញ​ថា ​ជ្រូក​នាំចូល​ខាងលើ ​ពុំ​មាន​លិខិតអនុញ្ញាត​ឲ្យ​នាំចូល​នោះ​ទេ ដូច្នេះ​សមត្ថកិច្ច​ ក៏បាន​សម្រេច​ចិត្ត​ធ្វើការ​ឃាត់ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​គយ ​និង​រដ្ឋាករ​បន្ទាយ​ចក្រី​ ដោយ​ពុំមាន​ឧបករណ៍​ត្រួតពិនិត្យ​សុខភាព​សត្វ​ ក្រុម​មន្ត្រី​ត្រួតពិនិត្យ​រួម​ បាន​អញ្ជើញ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ព្រៃវែង​ និង​ប្រគល់​វត្ថុតាង​ល្មើសច្បាប់​ដើម្បី​ត្រួតពិនិត្យ​សុខភាព​សត្វ​បន្ត​៕

ដោយ ៖ សៅ​គ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114