ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ពែ​កមី ព្រមាន​ម្ចាស់​គម្រោង​លំនៅដ្ឋាន​ខេត្ត​កំពត​មួយ​ ដែល​លួច​រូបភាព​ផ្ទះ​គំរូ​ខ្លួន​ទៅ​ផុស​នៅ​លើ​ផេក

​ភ្នំពេញ​ ៖ ​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN ​នាយ ពែ​កមី បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំង និង ព្រមាន​ជា​សាធារណៈ​ភ្លាមៗ ​ក្រោយ​ពេលដែល​នាយ​សង្កេតឃើញ​ មាន​ម្ចាស់​គម្រោង​លំនៅដ្ឋាន​ខេត្តកំពត​មួយ ​ដែល​លួច​រូបភាព​ផ្ទះ​គំរូ​ខ្លួន​ទៅ​ផុស​ផ្សព្វផ្សាយ​នៅ​លើ​ផេ​ក​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​បុគ្គល​។​

ការ​ចេញ​មុខ​ប្រកាស​ព្រមាន​របស់​តារា​កំប្លែង​មាន​ដើមកំណើត​មកពី​ខេត្ត​ស្វាយរៀង​នាយ ពែ​កមី បាន​ធ្វើ​ឡើង​ ស្រប​ពេល​ ដែល​កត់សម្គាល់​ឃើញ​ម្ចាស់​Page​ ហ្វេ​ស​ប៊ុ​ក​ ដែល​មាន​ឈ្មោះ Cambodia Coastal realty​បាន​យក​រូបភាព​ផ្ទះ​គំរូ​ដែល​ឌី​ហ្សា​ញ​ចេញ​ជា​វិឡា​ត្រា​សមី​ នៅ​ខេត្ត​កំពង់ចាម​ទៅ​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​ខ្មាសអៀន​។​

​តារា​កំប្លែង​នា ពែ​កមី បាន​សរសេរ​ប្រកាស​ព្រមាន​ភ្ជាប់​ជាមួយ​រូបភាព​នោះ​ថា​ សូម​ម្ចាស់​គម្រោង​នៅ​កំពត​នេះ​ ជួយ​បកស្រាយ​កែតម្រូវ​តាម​ផេ​ក​វិញ​ជាបន្ទាន់ រូប​ផ្ទះ​ដែល​លោក​ផុស​នេះ​ ជា​ផ្ទះ​គំរូ​ដែល​ពួក​ខ្ញុំ​អ្នក​ឌី​ហ្សា​ញ វិឡារ​ត្រា​សមី​កំពង់ចាម ហេតុអ្វី​លោក​យកទៅ​ផុស​ដាក់​គម្រោង​របស់​លោក​ទៅវិញ ?។

ទាក់ទង​នឹង​ការប្រកាស​​​ព្រមាន​របស់​តារា​កំប្លែង​នាយ ពែ​កមី ខាងលើនេះ​ គិត​រហូតមកទល់​ពេលនេះ​ គេ​នៅ​មិនទាន់​ឃើញ​មានការ​បញ្ចេញ​ប្រតិកម្ម​ ឬ​បកស្រាយ​ណាមួយ​ពី​សំណាក់​ម្ចាស់​គម្រោង​ដែល​កាន់​Page​ ហ្វេ​ស​ប៊ុ​ក​ដែល​ឈ្មោះ Cambodia Coastal realty​នៅឡើយ​ទេ​។​ ខណៈ​មាន​មហាជន​ជាច្រើន​កំពុង​រង់ចាំ​មើល​ចំណាត់ការ ​ឬ​ដំណោះស្រាយ​ពី​ភាគី​ទាំងពី​ខាងលើនេះ ព្រោះថា​ប្រសិនបើ​ផ្ទះ​គំរូ​នេះ​ជា​កម្មសិទ្ធិ​ឌី​ហ្សា​ញ​ផ្ដាច់មុខ​របស់​ នាយ ពែ​កមី មែន​នោះ​ គឺ​ភាគី​ម្ខាង​ទៀត​អាច​មាន​ចេតនា​លួច​ចម្លង​យក​ស្នាដៃ​ ឬ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​​បញ្ញា​ម្ចាស់​ដើម​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114