ព័ត៍មានទាន់​ហេតុការណ៏
Search

U-15 កម្ពុជា ជួប​ប្រកួត​ជាមួយ U-15 ចិន ក្នុងការ​ប្រកួត​ដកស្រង់​បច្ចេកទេស និង​រឹតចំណង​មិត្តភាព​រវា​ង​ប្រទេស​ទាំងពីរ

ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា (​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​) នឹង​ធ្វើ​ការប្រកួត​មិត្តភាព​ជាមួយ ក្រុម​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​របស់​ចិន ក្នុង​ន័យ​ដកស្រង់​បច្ចេកទេស និង​រឹតចំណង​មិត្តភាព​រ​វា​ង​ប្រទេស​ទាំងពីរ នៅ​ពីរ​ថ្ងៃ​ផ្សេងគ្នា​ពាក់កណ្ដាល​ខែកក្កដា​នេះ​។

តាម​ការ​បញ្ជាក់​ដោយ​ម​ន្ត្រី​សារព័ត៌មាន​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការប្រកួត​រវាង​ក្រុម​យុវជន​អាយុ​ក្រោម​១៥​កម្ពុជា (​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​) ជាមួយ ក្រុមយុវជន​អាយុ​ក្រោម​១៥​ចិន គឺ​នឹង​ប្រកួត​ចំនួន ២​ប្រកួត ដោយ​ការប្រកួត​លើក​ទី​១ នឹងធ្វើ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ និង​ប្រកួត​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ធ្វើឡើង​នៅ​កីឡដ្ឋាន ស្មា​ត អរ​អេស​អិន (Smart RSN Stadium) របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង ៥​និង​០០ នាទី​ល្ងាច​ទាំងពីរ​ប្រកួត​។

មន្ត្រី​សហព័ន្ធ​ដដែល បាន​ឲ្យ​ដឹង​ទៀត​ផង​ដែរ​ថា ការប្រកួត​ទាំងពីរ​លើក​នេះ នឹង​មិន​មានការ​លក់​សំបុត្រ​ចូល​ទស្សនា​ឡើយ ពោល​គឺ​នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី និង​មិន​មាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​ណាមួយ​ដូចគ្នា​។

សូម​បញ្ជាក់​ថា ការប្រកួត​នេះ​ក៏​ជា​ការ​អន្តរជាតិ​លើក​ដំ​បូ សម្រាប់​ក្រុម​យុវជន​បាទី ដែល​ទើបតែ​ជ្រើសរើស​ឈុត​អាយុ​ក្រោម​១៥​ឆ្នាំ​បាន កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ ក៏ដូចជា​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF U-16 Championship 2019) ដែល​ធ្វើ​នៅលើ​ទឹកដី​របស់​ប្រទេស​ថៃ នា​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន លោក Inoue Kazunori ដែល​ធ្លាប់​កាន់​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ពី​អំឡុង​ឆ្នាំ​២០១៦ ដល់​២០១៨​។

សម្រាប់ ពាន​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ U-15 កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ ម្ចាស់ផ្ទះ​ថៃ​, ម៉ាឡេស៊ី​, ឡាវ​, ព្រុយ​ណេ និង​អូស្ត្រាលី ខណៈ​ពូ​ល A រួមមាន វៀតណាម​, ឥណ្ឌូនេស៊ី​, ហ្វីលីពីន​, សិង្ហ​បុរី​, ទី​ម័​រ​ខាងកើត និង​មី​យ៉ាន់​ម៉ា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114