ព័ត៍មានទាន់​ហេតុការណ៏
Search

ជើងឯក​ជាតិ បាល់ទាត់​ក្នុង​សាល ឆ្នាំ២០១៩ រក​ឃើញ​សមាសភាព​ក្រុម​ចូលរួម​ផ្លូវការ​ហើយ

ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ប្រចាំឆ្នាំ ២០១៩ ( National Futsal Cup 2019 ) នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ ក្រោយពេល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​សមាសភាព​ក្រុម​ចូលរួម បន្ទាប់ពី​បានប្រកាស​ដាក់ពាក្យ ចាប់តាំងពី​ថ្ងៃទី ២៨ ខែមិថុនា កន្លងមក​។

តាម​ការ​បង្ហោះ​របស់​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក Cambodia Futsal បានប្រកាស​ថា ក្រុម​ចូលរួម​នៅក្នុង​ឆ្នាំ២០១៩​នេះ គឺមាន​ចំនួន​សរុប ២០​ក្រុម ពោល​គឺ​លើស​ពី​ឆ្នាំ​មុនៗ ដោយ​ក្រុម​ចូលរួម​ទាំងនោះ​មាន​ដូច​ជា ក្រុម Down Town Sport ក្រុម Young Chester ក្រុម Khmer United Youth ក្រុម Ov Mal FC ក្រុម Dig 88 FC ក្រុម Daniel FC ក្រុម Panda FC ក្រុម Samrith FC ក្រុម Avatar FC ក្រុម Chanteak Keyla FT ក្រុម U.Y.F.C Komchaymear ក្រុម Young Gun ក្រុម ISI Group United ក្រុម Emerald United ក្រុម Neath Asia FT ក្រុម Home Sport FC ក្រុម Loading FC ក្រុម B.A United ក្រុម Eagles of Fire FC និង​ក្រុម Anachak Baitong FC ។​

គួរ​រំលឹក​ថា សម្រាប់​ក្រុម​ជើងឯក​ក្នុង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល ២​ឆ្នាំ​កន្លង​មក គឺ ក្រុម​យុវជន​កំចាយមារ ( U.Y.F.C Komchaymear ) នៅ​ឆ្នាំ ២០១៧ និង​ក្រុម Down Town Sport FC នៅ​ឆ្នាំ២០១៨ ។ ពួកគេ​ទាំងពីរ ទទួល​បាន​ឱកាស​បង្ហាញខ្លួន​ក្នុង​ឆាក​អន្តរជាតិ គឺ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship ) ផងដែរ។

យ៉ាងណាមិញ ក្នុង​ការ​បង្ហាញ​ខ្លួន​របស់​យុវជន​កំចាយមារ នៅ​ឆាក​អន្តរជាតិ ពុំ​សមប្រកប​ឡើយ​គ្រានោះ ដោយ​ប្រកួត​ចាញ់​ទាំង៣​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូ​ល ខណៈ​ពេល​ដែល​ក្រុម Down Town Sport FC បង្កើត​ប្រវត្តិសាស្ត្រ​បាល់ទាត់​ក្នុង​សាល​កម្ពុជា ដោយ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បើ​ទោះបី​ជា​ពុំ​អាច​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ទទួល​បាន​ចំណាត់ថ្នាក់​ត្រឹម​លេខ ៤។

ចំពោះ​ការប្រកួត​ពានរង្វាន់​ជើងឯក​ជាតិ បាល់ទាត់​ក្នុង​សាល ឆ្នាំ ២០១៩​នេះ​ផងដែរ ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍ MYTV ផ្តាច់​មុខ គ្រប់ការ​ប្រកួត​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កីឡា The BLUE៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114