ព័ត៍មានទាន់​ហេតុការណ៏
Search

កាលវិភាគ​ប្រកួត​សប្តាហ៍​ទី ៥ នៅ​ពានរង្វាន់ ជើងឯក​វិទ្យាល័យ ឆ្នាំ២០១៩

ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ បាន​ដំណើរការ​ដល់​សប្តាហ៍​ទី ៥ ហើយ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមាន ២​គូ​នឹងធ្វើ​ការប្រកួត​គ្នា រី​ចំណែក​ឯ ២​ប្រកួត​ទៀត នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ថ្ងៃ​សុក្រ ទី ១១។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុមបាល់ទាត់​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​វិទ្យាល័យ ច្បារអំពៅ វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ។ ឆ្លងកាត់ ៤​សប្តាហ៍​កន្លងទៅ វិទ្យាល័យ សម្តេច​ហ៊ុន សែន ភ្នំពេញ​ថ្មី ទទួល​បាន​លទ្ធផល ឈ្នះ​២ ស្មើ ១ និង​ចាញ់ ១ មាន​៧​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៤ ខណៈ​ពេល​ដែល​វិទ្យាល័យ​ច្បារអំពៅ ទទួល​បាន​លទ្ធផល ឈ្នះ ២ និង​ចាញ់ ២ មាន​៦​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី៥។ បរាជ័យ​ដ៏​ធំ​របស់​វិទ្យាល័យ​ច្បារអំពៅ គឺ​នៅ​សប្តាហ៍​ទី​១ ដោយ​ចាញ់ វិទ្យាល័យ ឥន្ទ្រ​ទេវី ៨-០។ សម្រាប់​ទំព័រ​ហ្វេស​ប៊ុ​ក ជើងឯក​វិទ្យាល័យ – High School League នឹងធ្វើ​ការផ្សាយ​ផ្ទាល់​ជំនួប​នេះ​។

ស្រប​ពេល​ដែល ១​គូ​ទៀត ក្រុមបាល់ទាត់​សាលារៀន​អន្តរជាតិ វេ​ស្ទ​ឡា​ញន៍ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​វិទ្យាល័យ បឹងត្របែក វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល​ដូចគ្នា នៅ​វិទ្យាល័យ​បឹងត្របែក។ លទ្ធផល ៣​ប្រកួត​ចុងក្រោយ​របស់ សាលារៀន វេ​ស្ទ​ឡា​ញន៍ គឺ ឈ្នះ ១ និង​ចាញ់ ២ មាន ៣​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី ៧ គ្រា​ដែល​វិទ្យាល័យ​បឹងត្របែក ស្មើ​១ និង​ចាញ់ ២ មាន​១​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី៨។

លុះ​ចូល​ដល់​ថ្ងៃ​សុក្រ នឹង​មាន​ការប្រកួត ២​គូ​ទៀត ដោយ​ក្នុង​នោះ វិទ្យាល័យ ឥន្ទ្រ​ទេវី ត្រូវ​ជួប វិទ្យាល័យ ព្រះស៊ីសុវត្ថិ វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ។ បច្ចុប្បន្ន វិទ្យាល័យ ឥន្ទ្រ​ទេវី ឈរ​លេខ​រៀង​ទី ២ មាន ៧​ពិន្ទុ ទទួល​បាន​ពី​ការប្រកួត ឈ្នះ ២ ស្មើ ១ ស្រប​ពេលដែល វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ឈ្នះ ១ និង​ចាញ់ ២ មាន ៣​ពិន្ទុ នៅ​លេខ​រៀង​ទី​៦។

១​គូ​ចុងក្រោយ​ប្រចាំថ្ងៃ​សុក្រ គឺ​វិទ្យាល័យ ឫស្សី​កែវ ត្រូវ​ជួប​ជាមួយ​វិទ្យាល័យ ជា ស៊ីម សាមគ្គី​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល នៅ​ទីលាន​វិទ្យាល័យ​បឹងត្របែក​។ គិត​ត្រឹម​សប្តាហ៍​ទី​៥​នេះ វិទ្យាល័យ ឫស្សី​កែវ នៅ​ឈរ​កំពូល​តារាង មាន ១២​ពិន្ទុ ទទួល​បាន​ពី​លទ្ធផល​ឈ្នះ ទាំង​៤​ប្រកួត ដាច់​ពី​ក្រុម​នៅក្រោម​ខ្លួន ៥​ពិន្ទុ ខណៈ​ពេល​ដែល វិទ្យាល័យ ជា ស៊ីម សាមគ្គី ឈ្នះ ២ ស្មើ ១ និង​ចាញ់ ១ មាន ៧​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី៣។

​គួរ​ឲ្យ​ដឹង​ថា វិទ្យាល័យ ឥន្ទ្រ​ទេវី​, វិទ្យាល័យ ជា ស៊ីម សាមគ្គី និង​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី កំពុងមាន​លំដាប់​ពិន្ទុ​ស្មើគ្នា ( ៧​ពិន្ទុ ) ពួកគេ​ត្រូវការ​លទ្ធផល​ល្អ​រៀងខ្លួន ដើម្បី​ដេញ​តាម​ក្រុម​វិទ្យាល័យ​ឫស្សី​កែវ ដែល​កំពុង​ឈរ​កំពូល​តារាង មាន ១២​ពិន្ទុ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114