ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា ​ចុះ​ត្រួតពិនិត្យ​ និង ​តាមដាន​ការអនុវត្ត​ការងារ​តាម​បណ្តា​ការដ្ឋាន​ក្នុង​រមណីយដ្ឋាន​អង្គរ

សៀមរាប ​៖ ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​ជំនាញ ព្រមទាំង​ប្រធាន​គម្រោង​នៅ​តាម​ការដ្ឋាន​នីមួយៗ បាន​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​ដំណើរ​ការវិវត្តន៍​ការងារ​ផ្សេងៗ​នៅក្នុង​តំបន់​អង្គរ។

ដំណើរ​ត្រួតពិនិត្យ​ និង ​តាមដាន​ការវិវត្តន៍​នៃ​ការងារ​នេះ បាន​ផ្តោត​ទៅលើ​ដំណើរការ​ជួសជុល​កែលំអ​បញ្ជរ​លក់​សំបុត្រ​ចាស់​ ឲ្យ​ទៅជា​មជ្ឈមណ្ឌល​បម្រើ​សេវា​កម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​កង់​សម្រាប់​ទេសចរ ​និង ​ប្រជាជន​ក្នុង​តំបន់ ការដ្ឋាន​ជួសជុល​ស្រះ​អង្គរវត្ត​ផ្នែក​ខាងជើង ការរៀបចំ​សណ្តាប់​ធ្នាប់​ និង ​បរិស្ថាន​ល្អ​តាម​ដង​ផ្លូវ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៅ​កន្លែង​ចំណតរថយន្ត​បណ្តោះអាសន្ន​។

ក្រោយពី​ស្តាប់​បទ​បង្ហាញ ការវិវត្តន៍​នៃ​ការងារ ផល​លំបាក បញ្ហា​ប្រឈម​នានា​របស់​អ្នក​ជំនាញ​លើ​គម្រោង​នីមួយៗ លោក ហង់ ពៅ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ​ប្រកបដោយ​ជំនាញ​បច្ចេកទេស​និង​ទំនួល​ខុសត្រូវ​ខ្ពស់ ជាពិសេស​ការ​គោរព​ទៅតាម​បទដ្ឋាន​ជួសជុល អភិរក្ស​ដែល​អ្នកជំនាញការ​អាយ​ស៊ី​ស៊ី​-​អង្គរ​បាន​ផ្តល់​ជូន​នា​ពេល​កន្លងមក​។ បន្ថែម​ពី​នោះ លោក​ក៏បាន​ផ្តល់​នូវ​មតិ​កែលំអ​ ដើម្បី​អភិវឌ្ឍន៍​ការងារ​ឲ្យ​កាន់តែ​ប្រសើរ ព្រមទាំង​ទទួលយក​នូវ​រាល់​សំណូមពរ​ពី​អ្នក​ជំនាញ និង​ពលករ​ជំនាញ​ប្រចាំ​ការដ្ឋាន​ទាំងនោះ​ផង​ដែរ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114