ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Keith Thurman ប្តេជ្ញា​ថា​នឹង​ផ្តួល​គូប្រកួត Manny Pacquiao ឲ្យ​បាន​

​អ្នក​ប្រដាល់ Keith Thurman បាន​ធ្វើ​ការ​ព្រមាន​កាល​ពីថ្ងៃ​អង្គា​រថា លោក​បានកំណត់​គោលដៅ​រួចហើយ​ក្នុងការ​យកឈ្នះ​បុរស​ប្រដាល់​ហ្វីលីពីន Manny Pacquiao ពេល​ដែល​អ្នក​ទាំង​២ ជួបគ្នា​នៅលើ​សង្វៀន​នាទី​ក្រុង​ឡាស់​វេ​ហ្គាស់ ពេល​ក្រោយ​ក្នុង​ខែ​នេះ​។

កីឡាករ​គ្មាន​ប្រវត្តិ​ចាញ់ Thurman បាន​ដាក់​ខ្សែក្រវាត់ WBA Welterweight របស់គាត់​ឲ្យ​ឡើង​ដណ្តើម ពេល​ប៉ះ​ជាមួយ​កីឡាករ Pacquiao​អាយុ​៤០​ឆ្នាំ​នៅ​ថ្ងៃទី​២០ ខែកក្កដា ខាង​មុននេះ នៅលើ​សង្វៀន MGM Grand ។

កីឡាករ Thurman​ដែលមាន​វ័យ​៣០​ឆ្នាំ បានធ្វើ​ឲ្យ​ការប្រកួត​មួយ​នេះ​កាន់តែ​ពុះកញ្ជ្រោល​ឡើង​ថែម​មួយកម្រិត​ទៀត ក្រោយ​ពេលដែល​គាត់​បញ្ជាក់​ថា គាត់​មាន​គម្រោង​ធ្វើ​ឲ្យ Pacquiao​ចូលនិវត្តន៍​តែម្តង។

ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ កីឡាករ Thurman​ហាក់ដូច​ជា​មាន​ការគោរព​ច្រើន​ចំពោះ​កីឡាករ Pacquiao ដែល​ជា​ជើងឯក​៨​ស្ថាប័ន និង​នៅតែ​ជាការ​ចាប់​គូ​ធំ​បំផុត​នៅក្នុង​កីឡាប្រដាល់ ពេលដែល​គាត់​ត្រៀមខ្លួន​ឡើង​សង្វៀន​លើក​ទី​៧១​នៅក្នុង​អាជីព​ប្រដាល់​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ​។

កីឡាករ Thurman​បាន​និយាយ​ថា លោក​មាន​គម្រោង​រួចរាល់​ថា​នឹង​ប្រើ​យុទ្ធសាស្ត្រ​វាយ​សម្រុក​ខ្លាំង​នៅក្នុង​ការប្រកួត​មួយ​នេះ រហូតដល់​ពេល​ដែល​លោក​អាច​ដណ្តើមបាន​ជ័យជំនះ​ទាំងស្រុង​។

លោក​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា នេះ​គឺជា​ឱកាស​ម្តង​គត់​ក្នុង​១​ឆាកជីវិត ដើម្បី​ផ្តួល​វិរបុរស​ប្រដាល់ ហើយ​និង​បង្កើត​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួនឯង៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114