ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នកចាំទី​ទុយ​នី​ស៊ី សោកស្តាយ​ចំពោះ​ប្រតិកម្ម​មិន​ព្រម​ប្តូរ​ចេញ​មុន​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី Shootout​ជាមួយ​ហ្គា​ណា​

​អ្នកចាំទី Mouez Hassen របស់​ក្រុម​ជម្រើស​ជាតិ​ទុយ​នី​ស៊ី បាន​និយាយ​សុំទោស​កាលពី​ថ្ងៃ​អង្គារ សម្រាប់​ប្រតិកម្ម​ដ៏​ខឹងសម្បារ​របស់​គាត់​ចំពោះ​ការ​ជំនួស​ដោយ​អ្នកចាំទី​បម្រុង មុន​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់​សម្រេច Shootout ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្គា​ណា នៅ Africa Cup of Nations​។

អ្នកចាំទី Hassen វ័យ​២៤​ឆ្នាំ ត្រូវ​បានដាក់​ជំនួយ​ដោយ​អ្នកចាំទី Farouk Ben Mustapha ភ្លាមៗ​នៅ​ដំណាច់​ម៉ោង​បន្ថែម​នៅ​ជំនួប​១៦​ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ ដែល​គេ​មើលឃើញ​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី ឈ្នះ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​៥-៤ បន្ទាប់ពី​ការ​ទាត់​ស្មើ​១-១​នៅក្នុង​ទីក្រុង Ismailia ។

អ្នកចាំទី Hassen បាន​សរសេរ​តាម Twitter​ថា លោក​ចង់​ត្រឡប់​ក្រោយ​ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​ម្សិលមិញ ហើយ​លោក​ត្រូវតែ​ចាប់​ផ្តើមដំបូង​គេ ដើម្បី​សុំទោស​ដល់​គ្រូបង្វឹក មិត្ត​រួម​ក្រុម ក៏ដូចជា​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​ទុយ​នី​ស៊ី​ទាំងអស់​។ ទង្វើ​ដ៏​គួរ​សោកស្តាយ​របស់​លោក មានតែ​ដាក់​សំពាធ​បន្ថែមទៀត​ប៉ុណ្ណោះ​មកលើ​ការប្រកួត​។

ឧប្បត្តិហេតុ​នេះដែរ គេ​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​ឧប្បត្តិហេតុ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ English League Cup ក្នុងឆ្នាំនេះ ពេលដែល​អ្នកចាំទី Kepa Arrizabalaga របស់​ក្រុម Chelsea បាន​បដិសេធន៍​មិន​ព្រម​ចេញពី​ការប្រកួត មុន​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី Shootout​ដែល​ទីបញ្ចប់​ត្រូវបាន​ឈ្នះ​ដោយ​ក្រុម Man City​។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកចាំទី Hassen បាន​សុខចិត្ត​ដើរចេញ​ដើម្បី​ឲ្យ​អ្នកចាំទី Ben Mustapha ចូល​ជំនួស ដែល​បាន​សង្គ្រោះបាន​បាល់​ស៊ុត​របស់​កីឡាករ Caleb Ekuban ក៏ដូចជា​ជួយ​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី ឡើងទៅ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ា​ដា​កា​ស្កា នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​Africa Cup of Nations៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114