ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​ចំនួន​២២​ខ្សែ ​ក្នុង​ខេត្ត​ព្រះសីហនុ ស្ថិត​ក្រោម​គម្រោង​ជួសជុល​ធ្វើ​ឲ្យ​​ប្រសើរឡើង​

ព្រះសីហនុ ៖ កាលពី​ថ្ងៃ​ពុធ ៩​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ទាក់ទង​នឹង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ។​

ជំនួប​ពិភាក្សា​នេះ​ផ្តោតជាសំខាន់​លើ​ការ​រិះរក​នីតិវិធី​ព​ន្លឿ​ន​ការជួសជុល​កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត ចំនួន​២២​ខ្សែ ដែលជា​ផ្លូវ​ប្រកបដោយ​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់​សំដៅ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរទឹក​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​សក្ដានុពល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ និង​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​ខេត្ត​នេះ​មាន​ហូរ​ចូល​នូវ​កា​រ​វិនិយោគ​យ៉ាងគំហុក​ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និង​សហគ្រាស​ផ្សេងៗ​របស់​ក្រុមហ៊ុន ជាតិ និង​អន្តរជាតិ ប៉ុន្តែ​កត្តា​ធម្មជាតិ​របស់​ខេត្ត​នេះ​ជា​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​មួយ​ចំនួន​ទទួលរង​នូវ​ការខូចខាត​ដោយ អន្លើរៗ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូនរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្រសួង​នឹង​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ជំរុញ​ការជួសជុល​កំណាត់​ផ្លូវ​ទាំង​២២​ខ្សែ​នេះ​ឲ្យ​បាន​លឿន ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ វិនិយោគិន និង​ការនាំចេញ​នាំចូល​សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​អាស៊ាន​នាពេល​ខាងមុខនេះ​ផងដែរ​។​

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ​ដល់​អ​ភិ​បាល នៃ​គណៈ​អភិបាលខេត្ត ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខេត្ត​ទេសចរណ៍​មួយ​ឱ្យ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុភាព និង​បាន​ស្នើឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សហការ​ជិតស្និទ្ធ​ក្នុងការ​ព​ន្លឿ​ន​ការកសាង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ និង​ទឹកភ្លៀង​ឲ្យ​បាន​ចប់សព្វគ្រប់​តាម​កាលកំណត់​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ត្រៀម​រៀបចំ​ស្វាគមន៍​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០២២​នាពេល​ខាង​មុខ​៕

​ដោយ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114