ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ខ្លួន​សិស្ស​សាលា​២​នាក់ ដែល​ជិះ​ម៉ូតូ​ទំនើប​ មក​ឆក់​ទ្រព្យសម្បត្តិ​គេ​តាម​ផ្លូវ

ភ្នំពេញ ​៖ ​ក្មេងស្ទាវៗ​ជា​សិស្សសាលា​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ​ចាប់ខ្លួន​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​ពី​ស្ត្រី​ម្នាក់ ​ដែល​​ជិះ​ម៉ូតូ​តាម​ផ្លូវ ​កាលពី​វេលា​ម៉ោង​២២​យប់ ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩ តាមផ្លូវ​លេខ​១០១៩ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

ប៉ូលិស​និយាយ​ថា ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ​ឈ្មោះ ផូ វី​រះ​បុត្រ ហៅ ឆៃ​ លែ​ន អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​៧ រៀន​នៅ​អនុវិទ្យាល័យ ហ៊ុន សែន​ភ្នំពេញ​ថ្មី និង​មាន​ទីលំនៅ ភូមិ​៨ សង្កាត់​បឹងកក់ ខណ្ឌ​ទួលគោក និង​ម្នាក់ទៀត​ឈ្មោះ នូ ឧ​ត្ត​ម អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​រៀន​នៅ អង្គការ​ហា​ហ្គា មាន​ទីលំនៅ​ភូមិ​៨ សង្កាត់​បឹងកក់ ខណ្ឌ​ទួលគោក​។​

បើតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើត​ហេតុ ជនរងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​តាមផ្លូវ​មកដល់​ចំណុចកើតហេតុ​ ក៏បាន​លើក​ទូរស័ព្ទ​និយាយ ក្រោយមក​ក៏ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មក​ឆក់យក​ទូរស័ព្ទ​ពី​ដៃ​របស់​នាង ប៉ុន្តែ​មិនបាន​សម្រេច​ហើយ​ភ្លាមៗនោះ​ នាង​ជន​រង​គ្រោះ​ក៏​ស្រែក​ចោរៗ ហើយ​គាប់ជួន​ប៉ូលិស​មូលដ្ឋាន​កំពុង​យាមល្បាត​មក​ទាន់​ ឃើញ​ហេតុការណ៍​នេះ​ ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ចាប់ខ្លួនបាន​ភ្លាមៗ​តែម្តង​ យកមក​សួរនាំ​។​

នៅពេល​សួរនាំ ជន​ទាំង​២​នាក់ ​បាន​សារភាពថា ឈ្មោះ ផូ វីរៈ​បុត្រ ហៅ​ឆៃ​លែ​ន​ ជា​ម្ចាស់​ម៉ូតូ ​ ជា​អ្នក​ផ្តើមគំនិត​ដឹកនាំ​ធ្វើ​សកម្មភាព នៅពេល​ទៅ​កំពុង​អង្គុយ​លេង​នៅ​សួនច្បារ​មុខ​សណ្ឋាគារ សុ​ខា មាន​ទីតាំង​នៅឯ​សង្កាត់​ជ្រោយចង្វា​។​

ក្រោយពេល​ឯកភាពគ្នា​ក៏បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​តែម្តង​ ដោយ​ឈ្មោះ ផូ វី​រះ​បុត្រ ជា​អ្នកបើក និង ឈ្មោះ នូ ឧ​ត្ត​ម អង្គុយ​ខាងក្រោយ​ជា​អ្នក​ឆក់។ នៅពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​ម្តុំ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ នៅជាប់​ផ្លូវ​លេខ​១០១៩ ក្នុង​សង្កាត់​គោក​ឃ្លាង បាន​ប្រទះឃើញ​ជនរងគ្រោះ​កំពុង​និយាយ​ទូរស័ព្ទ​ ក៏បាន​ធ្វើ​សកម្មភាព​ឆក់​តែម្តង​ ប៉ុន្តែ​ពុំបាន​សម្រេច​ ហើយក៏​ត្រូវ​ប៉ូលិស​ដេញ​តាម​ចាប់ខ្លួន​តែ​ម្តង។

ប៉ូលិស​បាន​និយាយ​ថា ករណី​នេះ​ ជនរងគ្រោះ​ពុំ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​ទេ​ ដោយសារតែ​ពេល​កើតហេតុ​ នាង​មិនបាន​បាត់បង់​ទ្រព្យសម្បត្តិ ហើយ​ម្យ៉ាង​វិញ​ទៀត ពេលយប់​ផង (​ម៉ោង​១០ ឬ​ម៉ោង​២២) ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ប៉ូលិស​បាន​ចាប់ខ្លួន​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់​ទោស ជាមួយ​វត្ថុ​តាង​មាន​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GB. 5966 ដែល​ជនល្មើស​ បាន​ធ្វើ​សកម្មភាព​ឆក់៕

ដោយ ៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114