ព័ត៍មានទាន់​ហេតុការណ៏
Search

អាគារ​កាស៊ីណូ​ដ៏​ធំ​ស្កឹមស្កៃ​កម្ពស់​១៥​ជាន់​របស់​ក្រុមហ៊ុន​ចិន​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កណ្តាល​រាត្រី ផ្អើល​ក្រុងព្រះសីហនុ

ព្រះសីហនុ ​៖​ សំណង់​អាគារ ​កាស៊ីណូដ៏​ធំ​ស្កឹមស្កៃ​កម្ពស់​១៥​ជាន់​មួយក​ន្លែង​ ស្ថិត​ក្នុង​ក្រុម​១៧ ភូមិ លេខ​០៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ នៅ​ត្រង់​ចំណុច​ខាងកើត សណ្ឋាគារ ​វិមាន ​ខ្សាច់​ស​ដែល​ជា អាគារ ក្រុមហ៊ុន ចិន​ដែល​ដំណើរការ​សាងសង់ បាន​ប្រមាណ​៩៥​ទៅ​ហើយ​នោះ​ នៅ​វេលា​ម៉ោង​ប្រមាណ​០១​និង​៥៥​នាទី រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០១៩ ត្រូវ​បាន​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជាន់​ទី​១២​ បណ្ដាល​ឲ្យ​សម្ភារៈ​សំណង់ ​និង​គ្រឿង​សង្ហារិម​​​មួយ​ចំនួន​រង​ការខូចខាត ស្ទើរ​ទាំងស្រុង​ បង្ក​​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​មនុស្សម្នា​ ក្នុង​ក្រុងព្រះសីហនុ ទាំង​យប់ តែ​សំណាង​ ល្អ​ក្នុង​ហេតុ​ការណ៍​នេះ មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។

នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ភា្លមៗ​ គេ​ក៏​សង្កេតឃើញ​រថយន្ត ពន្លត់​អគ្គិភ័យ​​ប្រមាណ​៤​គ្រឿង រួម​នឹង កងកម្លាំងប្រដាប់អាវុធ​ប៉ូលិស ​និង​ប៉េអឹម​ជាច្រើន​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ​មិន​អាច​ជួយ​ពន្លត់​ភ្លើង​បាន​ទាន់​ពេល​វេលា ដោយសារតែ​អាគារ ដែល​ឆេះ​នោះ​មាន​កម្ពស់​នៅ​ជាន់​ទី​១២​ ហើយ​ទម្រាំ​ ក្រុម​ពន្លត់​អគ្គិភ័យ ទាញ​ទុយោ​ឡើង​ដល់​រយៈពេល​ជិត​ ២​ម៉ោង ​ទើប​អាច​គ្រប់គ្រង​ស្ថានភាព ​និង​​ពន្លត់​ភ្លើង​បាន។

ពាក់ព័ន្ធ​ករណី​នេះ ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា សណ្ឋាគារ​ មាន​កម្ពស់​រហូត​ទៅ​ដល់​១៥​ជាន់ ដែល​កំពុង​សាងសង់ ​បាន​ប្រមាណ​៩៥​ភាគរយ​ទៅ​ហើយ​នោះ មិនបាន​បង្ក​​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​ គ្រាន់តែ​ រង​ការ​ខូចខាត​សម្ភារៈ​សំណង់​ និង​គ្រឿង​សង្ហារិម នៅ​ក្នុង​បន្ទប់ ជាន់​កើតហេតុ មួយ​ចំនួន​ប៉ុណ្ណោះ។ ចំពោះ​ មូលហេតុ ដែល​បណ្ដាល​ឱ្យ ​ឆាបឆេះ សមត្ថកិច្ច នៅ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ នៅឡើយ​ទេ គិត​មកដល់ ព្រឹក ថ្ងៃទី១១​ កក្កដា​នេះ។ តែ​ទោះជា​យ៉ាងណាក៏ដោយ​ ក៏មាន​ប្រភព​ព័ត៌មាន​(​មិន​ផ្លូវការ ) ពី​សំណាក់​ក្រុម​កម្មករ សំណង់ ក្នុង អាគារ នោះ​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ នៃ​ការ​ឆេះ​អាគារ​នេះ គឺ​មិន​ផ្តើម​ចេញ ​ពី​​​​ទុស្សេ​ខ្សែ ភ្លើង​អ្វី​នោះ​ទេ ​​តាម​ការពិត​ឆេះ​ពី​ភ្លើង​​កន្ទុយ​បារី ដែល​ក្រុម​ជាង​សំណង់​ជា​ជនជាតិ​ចិន​​ជក់​ ហើយ បោះចោល ទៅលើ ក្រណាត់​កម្រាល​ពួក​ បង្ក​ជា អគ្គិភ័យ តែម្តងទៅ ​ហើយ​សម្ភារៈ​ ដែល​ត្រូវ​ភ្លើង ឆេះ​មានតែ​សម្ភារៈ​សម្រាប់​រៀបចំ​ក្នុង​បន្ទប់​សណ្ឋាគារ​កាស៊ីណូ​តែប៉ុណ្ណោះ៕

ដោយ ៖ កោះពស់

.



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114