ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ុន ចាន់ថុល ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព ​នៃ​គម្រោង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ​ក្រុង​ព្រះសីហនុ

ព្រះសីហនុ ​៖​ កាលពី​ថ្ងៃ​ពុធ​ ៩​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ និង​ហេដ្ឋារចនាសម្ព័ន្ធ។

សូម​បញ្ជាក់​ថា​ ៖​ ផែនការមេ​គ្រប់គ្រង​បណ្ដាញ​ប្រព័ន្ធ​ទឹក​កខ្វក់​ ត្រូវបាន​សិក្សា​ចប់​សព្វគ្រប់ ដោយ​មាន​ស្ថានីយ​បូម​សំខាន់ៗ​ចំនួន​៤​កន្លែង រួមមាន ស្ថានីយ​ឆ្នេរ​ឯករាជ្យ ស្ថានីយ​អូរ​សម្អាត (​ជាប់​សណ្ឋាគារ​សុខា​) ស្ថានីយ​អូរ​សម្អាត និង​ស្ថានីយ​អូរ​ឈើទាល​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មួយចំនួន​កំពុង​សិក្សា​គម្រោង​លម្អិត​ក្នុង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ស្ថានីយ​ទាំងនោះ​ទៅកាន់​អាង​ច្រោះ​ទឹក​កខ្វក់។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សង្កត់ធ្ងន់ថា រាល់​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​មកពី​ប្រភព​ផ្សេងគ្នា​ត្រូវតែ​ត​បញ្ចូល​គ្នា​ទៅតាម​ទីតាំង ដូច​បានកំណត់​នៅក្នុង​ផែនការមេ ដើម្បី​បញ្ជូន​ទឹក​កខ្វក់​ទាំងនោះ​ទៅកាន់​អាង​ប្រព្រឹត្តិកម្ម។

លោក​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​ការកោតសរសើរ ចំពោះ​មន្ត្រី​ទទួលបន្ទុក​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ព​ន្លឿ​ន​ការសិក្សា​គម្រោង​លម្អិត​របស់ខ្លួន ដើម្បី​ឈានដល់​ការអនុវត្ត​នាពេល​ឆាប់​នេះ​៕

ដោយ ៖ រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114