ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ក្រុមហ៊ុន បូព៌ា អាស៊ី​ ព្រលះ​ម៉ូតូ​ទាំង​រំលង​អធ្រាត្រ ធ្វើឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

បាត់ដំបង ៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈដែល​កំពុងធ្វើដំណើ​រ​តាម​ដងផ្លូវ ក៏ត្រូវ​រថយន្តក្រុង​ដែល​បាន​បោះពួយ​ដូច​ហោះ រេ​មក​ព្រលះ​បណ្តាលឲ្យ​ប៉ើង​ធ្លាក់​ចេញពី​ផ្លូវ ទាំង​ពេល​រំលង​អធ្រាត្រ ដោយពេល​នោះដែរ អ្នកបើកបរ​រថយន្ត​បាន​បិទ​សាប៊ូ​បាត់ស្រមោល​តែម្ដង ។​

យោងតាម​ការលើកឡើង​ពី​ លោក ស គឹម​ឡុង អធិការ​នគរបាល​ស្រុក​មោងឬស្សី​បាន​បញ្ជាក់​ថា ហេតុការណ៍​ នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅវេលា ម៉ោង​៣​និង​១៥​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែ​កក្កដា​ ឆ្នាំ​២០១៩ ចំណុច​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​( ២៤០ – ២៤១ )។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ គឺ​បាន​បង្កឡើង​ដោយ​រថយន្តក្រុង​១​គ្រឿង ម៉ាក​ហ៊ី​យិន​ដាយ ធុន​ទេសចរណ៍ របស់ ក្រុមហ៊ុន បូពា៍ អាស៊ី ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ ភ្នំពេញ​3C-7317 អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​បាត់​) បើកបរ​ក្នុង​ទិសដៅ​ពី​ភ្នំពេញ ទៅ​បាត់ដំបង លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ទៅលើ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា អ៊ា​ប្លែ​ត ពណ៌​ខ្មៅ ពាក់​ស្លាក លេខ បាត់ដំបង 1K-4578 អ្នកបើកបរ ឈ្មោះ រ៉ី ចន្ថា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិគរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដែល​កំពុង​បើកបរ​ច្រាស់​ទិស​គ្នា បណ្តាល​ឲ្យ​ប៉ើង​ខ្ទាត​ចេញ​ពី​ផ្លូវស្លាប់​ភ្លាមៗ​តែម្តង។​

ក្រោយពី​កម្លាំង​ជំនាញ​ស្រុក​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ គឺ​សង្កេត​ឃើញ​ថា​ ស្នាម​កង់​រថយន្ត​ធំ​បាន​ឆ្លង​គំនូស​លឿង​ចូល​ទៅ​ខាង​ម៉ូតូ រីឯ​ភាគី​ម៉ូតូ​ក៏បាន​បើកបរ​ជ្រែ មក​កណ្តាល​ទ្រូងផ្លូវ​ផងដែរ ទើប​បណ្តាលឲ្យ​មាន​កា​រ​ប៉ះទង្គិច​យ៉ាង​ពេញទំហឹង​បែបនេះ។

ក្រោយពេល​កើតហេតុ សព ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន៕

ដោយ ៖ សោ និយមរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114