ព័ត៍មានទាន់​ហេតុការណ៏
Search

ហួសថ្លែង! បើក​រថយន្ត​ដឹក​ស្រី​ស្នេហ៍​ឡើង​ស្ពាន​ជ្រោយចង្វារ​ ជ្រុល​បុក​ខឿន​ផ្លូវ​បាក់​ហើយ​ ជេរ​ប្រមាថ​សមត្ថកិច្ច​ និង​អ្នកសារព័ត៌មាន​ទៀត​

ភ្នំពេញ ​៖ ​បុរស​ម្នាក់​ បាន​ជេរប្រមាថ​អ្នក​សារព័ត៌មាន​ និង​សមត្ថកិច្ច​ ដែល​បាន​ចុះទៅ​គ្រប់គ្រង​កន្លែង​កើតហេតុ ​ក្រោយពី​បុរស​រូបនោះ​ប្រហែលជា​ស្រវឹង​ផង ​បាន​បើករថយន្ត​មួយគ្រឿង​ដឹក​ស្រី​ស្នេហ៍​ឡើង​លើ​ស្ពាន​ជ្រោយចង្វារ​ ស្រាប់តែ​រេ​ចង្កូត​បុក​ខឿន​ស្ពាន​ បណ្តាល​ឲ្យ​ខ្ទាត​រាយប៉ាយ​បាក់​អស់​ចំនួន​៨​កង់​ បន្តដំណើរ​ទៅមុខ​លែងរួច​នោះ​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​១១ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ ស្ថិតនៅក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​។​

ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​នោះ បានឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ គេ​បានឃើញ​បុរស ម្នាក់ ​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ​ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដែ​ស ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ​សៀមរាប​2A-8454​ ដឹក​ស្រី​ស្នេហ៍​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ទិសដៅ​ពី​លិចទៅ​កើត​ ខណៈ​បើក​មកដល់​ចំណុចកើតហេតុ ​ដោយ​បើក​ឡើង​ស្ពាន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​នឹង​ខឿន​ដាក់​ការពារ​សម្រាប់​ផ្លូវ​ម៉ូតូ​ធ្វើដំណើរ​បណ្តាលឲ្យ​​បុក​បាក់​វៀច​អស់​៧​ ទៅ​៨​កង់​ ហើយ​រថយន្ត​បង្ក​គាត់​មិន​ព្រម​ឈប់​នៅ​ដោះស្រាយ​នោះទេ ​ក៏​បន្ត​បើក​រត់គេច​ខ្លួន​ពី​ចំណុចកើតហេតុ​ទាំង​រថយន្ត​រង​ការខូចខាត​បែក​កង់​មុខ​ទាំងសងខាង​ឡើងដល់​ពាក់កណ្តាល​ស្ពាន​ ក៏​ទៅមុខ​លែង​រួច ហើយ​ភ្លាមៗ​នោះដែរ​ ស្រី​ស្នេហ៍​របស់​ម្ចាស់​រថយន្ត​ម៉ែ​ក​សឺ​ដែ​ស​ ក៏បាន​ចុះ​ចេញ​ពី​រថយន្ត​រួច​ហៅ​ម៉ូតូ​កង់​បី​ជិះ​ចេញទៅ​បាត់​មុន​។ ​បន្ទាប់ពី​មាន​ហេតុការណ៍​នោះ​ហើយ​អ្នកយក​ព័ត៌មាន​ជាច្រើន​ស្ថាប័ន​ បាន​មក​ផ្តិត​យ​ក​រូបភាព​នៅ​កន្លែង​ករណី​រថយន្ត​បុក​ខឿន​ បង្ក​គ្រោះថ្នាក់​នៅលើ​ស្ពាន​ បែរជា​ម្ចាស់​រថយន្ត​ស្រវឹងស្រា​ ហើយ​រករឿង ​និង​គំរាម​រក​វាយ​អ្នកសារព័ត៌មាន​ទៀត ​និង​ចង្អុល​ដើមទ្រូង ​និង​ទាញ​ម៉ូតូ​ឲ្យ​ដួល​ថែមទៀត។ នៅ​ជុំវិញ​កន្លែងកើតហេតុ​ គេ​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ និង​ជំនាញ​ចរាចរណ៍​នៅ​ទីនោះ​ផងដែរ​ តែ​ហាក់​គ្មាន​ជួយ​ធ្វើ​អន្តរាគមន៍​សោះ ដូច​ខ្លាច​អំណាច​ជនបង្ក និង​បណ្ដោយ​ឲ្យ​ជនបង្ក​គ្រោះថ្នាក់​ជេរ​ប្រមាថ​គេឯង​តាមចិត្ត​បែបនេះ​។​

ក្រោយ​កើតហេតុ ​រថយន្ត​បង្ក​ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114