ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី ជួប​សាក​កណ្ដាប់ដៃ​ជាមួយ ភេត​ មរកត នៅ​សង្វៀន​Boostrong

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា គឺ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ភេត​មរកត (Phat morokout) នៅក្នុង​កម្មវិធី​ប្រដាល់​Bo ostrong Gold Medal Fighter On Fire លើស​ង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី១៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៩ នេះ​។

​ភេត​មរកត ជា​លើក​ទី​២​របស់គេ ដែល​មក​ប្រកួត​នៅ​កម្ពុជា​នោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មក​លើក​ទី​១ ជួប​ជើង​ខ្លាំង​ម៉ឺន សុភា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ហើយ​ត្រូវ​ម៉ឺន សុភា ផ្ដួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ ប៉ុន្តែ​យ៉ាងណា ភេត​មរកត​ មាន​សមត្ថ​ភាពខ្លាំង​គួរសម​ដែរ​។ នេះ​បើតាម​ការ​កត់​សម្គាល់ឃើញ​ក្នុងពេល​ប្រកួត​ជាមួយ​ន ម៉ឺសុភា​ នោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៩៨​លើក ឈ្នះ​៧៨​លើក ចាញ់​១៨ និង ស្មើ​០២​លើក។

ចំពោះ ឯម ឡេង​លី គេ​មាន​កំណត់ត្រា​ប្រកួត​តែ​៥២​លើក ឈ្នះ​៤២​លើក ចាញ់​០៧​លើក ស្មើ​០៣​លើក។ ឡេង​លី ​ឥឡូវ គេ​មាន​តិចនិក​ប្រកួត​ខ្ពស់​ និង​ខ្លាំង​ជាង​មុន។ ​ដូច្នេះ យ៉ាងណា​ ឯម ឡេង​លី មិនទាន់​ប្រាកដថា គេ​ចាញ់​ភេត​ មរកត ​នោះទេ។​

​ទោះជា​យ៉ាងណា ឯម​ឡេង​លី មិនអាច​ធ្វេសប្រហែស​ ឬ​មើលងាយ ភេត​មរកត បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ខ្សោយ​ជាង​អ្នក​មក​មុនៗ​នោះទេ។ នេះ​តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

​ភេត​មរកត ក៏​មិន​ប្រាកដថា អាច​ឈ្នះ​ឯម ឡេង​លី នោះដែរ ព្រោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​រូបនេះ​មិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ច្រើន​រូប​ហើយ។​

​មិនធម្មតា​ទេ​យក​ជើង​ខ្លាំង​ភេត​មរកត មកជួប​ជាមួយ​ឯម ឡេង​លី​បែបនេះ ក៏​ព្រោះតែ​ឡេង​លី គេ​ខ្លាំង​និង​វាយ​ឈ្នះ​ថៃ​សឹងតែ​គ្រប់​ថៃ​ដែល​មកជួប​ទៅហើយ​។​ ចាំមើល តើ​ឯម​ ឡេង​លី អាច​យកឈ្នះ​ភេត​មរកត បាន​ទៀត​ឬ​អត់​លើក​នេះ?។

​សូមបញ្ជាក់ថា ឯម​ ឡេង​លី កាលពី​ថ្ងៃទី​ទី​៣០​មិថុនា​កន្លងទៅនេះ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ តូ​ម តាម វ៉​.​ម៉ាស​រិ​សេស​(Tom Tam Vor. Masariches) ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចាស់វស្សា​គួ​ន ប៊ុន​ហ៊ីម មកពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ។​

​បឺត សង្ឃឹម គេ​ធ្លាប់​វាយ​ឈ្នះ​គួ​ន ប៊ុន​ហ៊ីម ដោយ​ពិន្ទុ​ម្តង​ហើយ ​កាលពី​ថ្ងៃទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង​មក ក្នុង​ជម្រុះ​ដណ្តើម​ពាន​រង្វាន់​TV5។ អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ គេ​វាយ​ខ្លាំង ​និង​ល្អ​។ តែ​ទោះជា​យ៉ាងណា សង្ឃឹម​មិន​ប្រាកដថា​ឈ្នះ​គួ​ន ប៊ុន​ហ៊ីម ទៀត​ឬ​អត់​នោះទេ​?។ ព្រោះ​គួ​ន ប៊ុន​ហ៊ីម មួយរយៈ​ចុងក្រោយ​នេះ គេ​បាន​ខំ​ហ្វឹកហាត់​កម្លាំង​កាយសម្បទា​បានល្អ​រឹងមាំ​ជាង​មុន។​

​គួ​ន ប៊ុន​ហ៊ីម មានបទពិសោធន៍​ច្រើនជាង​បឺត សង្ឃឹម គ្រាន់តែ​វាយ​មិនសូវមាន​ផ្លែ​ល្អ​ប៉ុណ្ណោះ។​ ប៊ុន​ហ៊ីម មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។

​ការប្រកួត​លើកចុងក្រោយ​របស់​គួ​ន ប៊ុន​ហ៊ីម គឺ​វាយ​ឈ្នះ​ជើង​ថ្មី​អេ​រ៉ា​វ៉ាន់ ចាន់​រាជ ដោយ​ពិន្ទុ។ ចាំ​មើល រវាង​បឺត សង្ឃឹម និង គួ​ន ប៊ុន​ហ៊ីម ជួបគ្នា​លើក​ទី​២​នេះ តើន​រណា​ឈ្នះ​នោះ?។​

​ចំណែក អ្នក​ប្រដាល់​សយ សុខ ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​វិញ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ផាន់ សុផាត អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គ​.​ក្រ។ ឯ សេក គឹម​អាន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ជាមួយ ធា វាសនា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ហើយ ឋានៈ សិទ្ធិ អ្នក​ប្រដាល់​ក្លិប​ព្រះ​ខែ​សែន​ជ័យ ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ ឆូ​ន បួន អ្នក​ប្រដាល់​ក្លិប​កងពល​តូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក៕

ដោយ ៖ ​វិ​សិទ្ធ​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114