ព័ត៍មានទាន់​ហេតុការណ៏
Search

មា​ជ​ សុខ​រ៉ា ជួប រ៉ុង​រ៉ាត់ ឯ ឈាន ហុង ជួប ណាត់​តៈ​ភុល លើស​ង្វៀន​វ៉ើ​ក​បាយ័ន​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ និង​ឈាន ហុង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ។​

មា​ជ សុខ​រ៉ា ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ រ៉ុង​រ៉ាត់ ភុម​ផាន់​មួង (Rungrath Phum panmuang)​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម ហើយ​ឈាន ហុង ជួប​ណាត់​តៈ​ភុល គៀត​អា​វ៉ន​(Nattaphol Kheat Ah vorn) ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

​សម្រាប់​ជំនួប​រវាង មា​ជ សុខ​រ៉ា និង រ៉ុង​រ៉ាត់ ភុម​ផាន់​មួង នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។

​មា​ជ សុខ​រ៉ា បើ​ប្រៀបធៀប​ជាមួយ​រ៉ុង​រ៉ាត់ ភុម​ផាន់​មួង នោះ គឺ​រាង​ពិបាក​ឈ្នះ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ មានបទពិសោធន៍​ច្រើន ហើយ​មាន​ផ្លែ​ល្អ និង​វាយ​ខ្លាំង ពិសេស​នោះ​គឺ​គេ​ខ្ពស់ជាង និង មាន​ស៊ុ​ហ្វ​រឹងមាំ​ជាង មា​ជ សុខ​រ៉ា។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩២​លើក ដោយ​វាយ​ឈ្នះ​៧៧​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក ខណៈ​ដែល​មា​ជ សុខ​រ៉ា គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៩០​លើក ឈ្នះ​៧១​លើក ចាញ់​១៦​លើក និង​ស្មើ​០៣​លើក។​

​ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។

គួរ​បញ្ជាក់ថា មា​ជ សុខ​រ៉ា ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គឺ​បាន​ផ្ដួល​ណាត់​តៈ​ភុល គៀត​អា​វ៉ន ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០៦​ ខែ​កក្កដា ឆ្នាំ​​២០១៩ កន្លងមកនេះ។

​ចំពោះ ឈាន ហុង អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ត្រូវ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ណាត​តា​ផុល គៀត​អា​វ៉ន ((Natta phol Kheat Ah vorn) ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នោះ ក៏​ប្រហែលជា​ពិបាក​ក្នុងការ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូប​នេះដែរ។​

​ណាត​តា​ផុល គៀត​អា​វ៉ន នេះ ជា​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ។ នេះ​បើតាម​ប្រតិភូ​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ប្រាប់​ឲ្យ​ដឹង។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ស្រុក​ខ្មែរ​ប៉ុន្មាន​ដង​ហើយ។ ណាត​តា​ផុល គៀត​អា​វ៉ន មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨៣​លើក ដោយ​វាយ​ឈ្នះ​៦៧​លើក ចាញ់​១៥​លើក និង​ស្មើ​០១​លើក ខណៈ​ដែល​ឈាន ហុង គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​លើក ក្នុងនោះ​ឈ្នះ​៧៣​លើក ចាញ់​១៦​លើក និង​ស្មើ​០៣​លើក។​

​ទោះជា​យ៉ាងណាក្តី ឈាន ហុង គេ​ធ្លាប់​ជួប​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ។ ដូច្នេះ​សម្រាប់​ការជួប​ប្រកួត​ជាមួយ ណាត​តា​ផុល​នេះ ប្រហែលជា​មិនមាន​បញ្ហា​អ្វី​ចោទ​សម្រាប់​រូបគេ​នោះទេ។ តែ​យ៉ាងណា អ្នកលេង​កែង​ឈាន ហុង អាច​នឹង​ជួប​ការលំបាក​ដែរ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ដំឡូង​មូល​ដូច​អ្នក​ប្រដាល់​មុនៗ ដែល​គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​កន្លងមក​នោះឡើយ។​

​ចាំមើល ឈាន ហុង យកឈ្នះ​ណាត​តា​ផុល គៀត​អា​វ៉ន នេះ​ឬ​អត់?។ ការប្រកួត​ជាមួយ​ថៃ លើកចុង​ក្រោយ​របស់​ឈាន ហុង គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ផេ​ត​ណា​ម​ង៉ា​ម (Phetchnamngam)​ក្នុង​ទឹក​ទី​៣ កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០១៩​កន្លងមក។​

​ចំពោះ​ការប្រកួត​សន្សំ​ប្រា​ក់លាន​វិញ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នឹង​ជួប​ប្រកួត​ជាមួយ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ សុខ សុវណ្ណ ធ្លាប់​ឈ្នះ​ពីរដង​ហើយ ក្នុងការ​ប្រកួត​សន្សំ​ប្រាក់​លាន​នេះ តែ​សម្រាប់​ណា​ម ម៉ូ​រ៉ា​ក់​វិញ គេ​មិនទាន់​បានឈ្នះ​ម្តង​នៅឡើយ​ទេ​ក្នុង​ការប្រកួត​សន្សំ​ប្រា​ក់លាន​នេះ ។

ណា​ម ម៉ូ​រ៉ា​ក់ បើ​អាច​ឈ្នះ​សុខ សុវណ្ណ បាន​លើក​នេះ នឹង​បាន​ប្រាក់​សន្សំ​មិន​ខាន ហើយក៏​នឹង​បញ្ចប់​ការប្រកួត​របស់​សុវណ្ណ​ត្រឹម​នឹង​ផងដែរ។ ប៉ុន្តែ​យ៉ាងណា ណា​ម ម៉ូ​រ៉ា​ក់ កន្លងមក​ធ្លាប់​វាយ​ចាញ់​សុខ សុវណ្ណ ពីរដង​រួចមកហើយ ដូច្នេះ​មិនដឹងថា​លើក​នេះ ណា​ម ម៉ូ​រ៉ា​ក់ អាច​យកឈ្នះ​សុខ សុវណ្ណ បាន​ឬ​អត់​នោះទេ​?៕​

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114