ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ នឹងដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​QR Code​ នៅលើ​សំបក​ផលិតផល​ឱសថ ​និង​គ្រឿង​សំអាង​

​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ នាពេល​ខាងមុខនេះ​ ក្រសួង​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code​ នៅលើ​សំបក​ផលិតផល​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង​នាពេល​ខាងមុខនេះ​ ដើម្បី​គ្រប់គ្រង​ឱសថ ​និង​គ្រឿងសំអាង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១១​កក្កដា​ថា​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code ​នៅលើ​ប្រអប់​ឱសថ​នេះ​ នឹង​ជួយ​ធានា​បាន​នូវ​ព័ត៌មាន​ជាក់លាក់​របស់​ផលិតផល​នីមួយៗ ដូចជា​លេខ​ទិដ្ឋាការ បញ្ជិកា ឬ​ប្រវេទន៍ ប្រភព​ផលិតផល កាលបរិច្ឆេទ​ផលិត និង​ផុត​កំណត់​ការប្រើប្រាស់ ឈ្មោះ​ក្រុម​ហ៊ុន​ដែល​នាំចូល​និង​ចែកចាយ​ជាដើម​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តថា ​ជាងនេះទៅទៀត​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ក៏ដូចជា​អ្នកប្រើប្រាស់​អាច​តាមដាន​នូវ​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ក្លែងក្លាយ ឬ​ក្លែង​បន្លំ ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ល​ទាំងនោះនៅលើ​ទីផ្សារ​ទូទាំងប្រទេស​ផងដែរ​ដោយ​គ្រាន់តែ​ស្គេន​តាមរយៈ​ទូរស័ព្ទដៃ​នៅលើ​ប្រអប់​ផលិតផ​ប៉ុណ្ណោះ​។

​លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តទៀត​ថា ​ប៉ុន្តែ​មុននឹង​ដាក់​អនុវត្ត​ប្រព័ន្ធ​នេះ ​ក្រសួងសុខាភិបាល​ ចាំបាច់​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឹះស្ថាន​ផលិត​ឱសថ​ទាំងអស់​ត្រូវ​ចុះ​ទិដ្ឋាការ បញ្ជិកា ​និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមុនសិន​ ដែល​ក្រសួង​គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​ផ្លូវការ​នៅ​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​តែ​យ៉ាងណាក៏ដោយ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមថា ក្រសួង​ នឹង​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​បន្ថែម​ដើម្បី​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​អនុវត្ត​ប្រើ​ប្រព័ន្ធ​QR Code​នេះ ​ឲ្យ​បាន​ឆាប់​ ដើម្បី​ឈាន​ឆ្ពោះទៅ​កាត់បន្ថយ​ និង​លុបបំបាត់​ឱសថ​គ្មាន​គុណភាព ​និង​ក្លែងក្លាយ​ឲ្យ​អស់ពី​ទីផ្សារ​កម្ពុជា​។​

​ចំណែក ​លោក ហេង វិចិត្រ អគ្គនាយក​មិត្ត​ហេង​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​១១​កក្កដា​នេះ​ ដោយ​បង្ហាញ​នូវ​គាំទ្រ​ចំពោះ​ក្រសួងសុខាភិបាល​ដែល​អនុវត្ត​ប្រព័ន្ធ​QR Code​ នេះ​ ព្រោះ​បាន​ជួយ​ឲ្យ​ក្រុម​ហ៊ុន​អាហរ័ណ នីហរ័ណ​ឱសថ ​ក៏ដូចជា​គ្រឹះស្ថាន​ផលិត​ឱសថ​លែង​បារម្ភ​ពី​ការ​ក្លែងបន្លំ​ម៉ាក​សញ្ញា​ផលិតផល​របស់ខ្លួន​ប​ន្ត​ទៀត​ និង​អាច​គ្រប់គ្រង​វិស័យ​ឱសថ​បានច្បាស់លាស់​ ពិសេស​អាច​កាត់​បន្ថយ ​ឬ​ឈានទៅ​លុបបំបាត់​ឱសថ​គ្មាន​គុណភាព ​និង​ឱសថ​ក្លាយ​ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ផងដែរ​។​

​លោក​អគ្គនាយក​បា​នប​ន្ត​ថា ​«​ខ្ញុំ​សូម​គាំទ្រ​ឲ្យ​ក្រុមហ៊ុន​អា ហ​រ័​ណ នី​ហរ័​ណ​ឱសថ​ក៏ដូចជា​គ្រឹះស្ថាន​ផលិត​ឱសថ​អនុវត្ត​ការប្រើប្រាស់​ប្រព័ន្ធ​QR Code​នេះ​ទាំងអស់គ្នា​ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​អនុវត្ត​រួចហើយ​។​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការងារ​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​ត្រូវការ​នូវ​ពេលវេលា​មួយ​សម្រាប់​រៀបចំខ្លួន​ដើម្បី​អនុវត្ត​ការប្រើប្រាស់​ប្រព័ន្ធ​QR Code​នេះ​ប្រកបដោយ​ជោគជ័យ​»​។​

​ទន្ទឹមនឹងនេះ​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ដល់​សាធារណជន​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​តទៅ​ ក្រសួង​នឹង​បញ្ឈប់​ការទទួល​ជា​សាច់ប្រាក់​នៅ​បញ្ជរ​ច្រកចេញចូល​តែ​មួយ​របស់​ក្រសួង​ទៀត​ហើយ ដោយ​អតិថិជន​ត្រូវ​ប្តូរ​ទៅ​បង់​តាមរយៈ​ធនាគារ​អេស៊ីលីដា​វិញ​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​ដែល​ចុះហត្ថលេខា​ដោយ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា សាធារណជន​ទាំងអស់ ត្រូវ​បង់ប្រាក់​តាមរយៈ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី តាម​មធ្យោបាយ​ដូចជា ការទូទាត់​តាម QR Code របស់​ធនាគារ​អេស៊ីលីដា នៅ​ច្រកចេញចូល​តែមួយ​របស់​ក្រសួង​សុខាភិបាល ឬ ការបង់ប្រាក់​នៅ​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់​ទៀត​ថា សាធារណជន ត្រូវ​ភ្ជាប់​ជាមួយ​នូវ​វិក្កយបត្រ​បង់ប្រាក់ របស់​ក្រសួងសុខាភិបាល រាល់ពេល​បង់ប្រាក់​នៅ​បញ្ជរ​ធនាគារ​, សាធារណជន​ទាំងអស់ ត្រូវធ្វើ​ការ​ផ្ទៀងផ្ទាត់ លេខ​វិក្កយបត្រ បរិមាណ​ទឹកប្រាក់​ដែល​ត្រូវ​បង់ និង​លេខ​គណនី ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល ជាមួយនឹង​ឯកសារ​ដែល​ចេញ​ដោយ​ធនាគារ នៅពេល​បង់ប្រាក់​នៅ​បញ្ជរ​ធនាគារ ហើយ​រាល់​ការបង់ប្រាក់​ដែល​ខុសពី​ព័ត៌មាន បានបង្ហាញ​នៅលើ​វិក្កយបត្រ​បង់ប្រាក់ ជាការ​ទទួលខុសត្រូវ​របស់​សាធារណជន​ផ្ទាល់​៕

ដោយ ៖ ​សំអឿន​

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114