ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​០១៩​ ស​ណន​ ចុះ​ថ្ងៃ​ទី​៥​កក្កដា ​របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការ​គ្រប់​គ្រង ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ​

​ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ​០១៩​ ស​ណន ចុះ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៩ ​របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ និង​មធ្យោបាយ​ជូន​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ឲ្យ​បាន​ជ្រួតជ្រាប​ និង​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

ពិធី​ប្រជុំ​ផ្សព្វផ្សាយ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ដោយ​ការ​មានការ​ចូលរួម​ពី​លោក​ស្នងការ​រង ,​លោកនាយ​- នាយរង​ការិយាល័យ​ជំនាញ លោក​អធិការ​ក្រុង​-​ស្រុក ទាំង​០៥ មេបញ្ជាការ​វរ​សេនា​តូច​ទាំង​២ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​២៤​។​

ដើម្បី​រក្សា​បាន​នូវ​សេចក្ដីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ និង​ឆន្ទៈ​មោះមុត​បម្រើ​ការងារ​សំដៅ​លើកកម្ពស់​ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច​ឲ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជា​ពលរដ្ឋ ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​នូវ​គោលការណ៍ ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ​ និង​មធ្យោបាយ ចំនួន​១០​ចំណុច​ជូន​ដល់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន​នានា និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​បាន​ជ្រួតជ្រាប យកទៅអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ខ្ជាប់ខ្ជួន​។ ​បន្ទាប់ពី​ទទួលបាន​សេចក្ដីណែនាំ​លេខ​០១៩ របស់​ក្រសួងមហាផ្ទៃ​ ដើម្បី​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​នេះ​។​

​ក្រោយពី​ផ្សព្វផ្សាយ លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ក៏បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ​ត្រូវខិតខំ​អនុវត្តតាម​សេចក្ដីណែនាំ​លេខ​០១៩​នេះ ឲ្យ​បាន​ម៉ឺងម៉ាត់​ខ្ជាប់ខ្ជួន​ និង​មិនត្រូវ​ភ្លេច​តួនាទី​របស់​ខ្លួន ដែល​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​។​

​លោក​​បាន​បញ្ជាក់ថា បន្ទាប់ពី​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ​០១៩​នេះ ជូន​ដល់​កងកម្លាំង​នគរបាល​ខេត្ត​បាន​ជ្រួតជ្រាប​ ត្រូវ​បន្ត​ចុះ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ​០១៩ នេះ​ជូន​ដល់​កង​កម្លាំង​នគរបាល​តាម​បណ្តា​ស្រុក ក្រុង​ទាំង​៥​ និង​វរ​សេនា​តូច​ទាំង​២ ​បាន​ជ្រួតជ្រាប​បន្ថែម​ទៀត ដើម្បី​យកទៅអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ខ្ជាប់ខ្ជួន​៕​

ដោយ ​៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114