ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​ចំណាកស្រុក ​ដែល​កូនស្រី​ត្រូវ​ស្លាប់​បាន​ថ្កោលទោស​ភាព​សាហាវ​ឃោរឃៅ​ក្នុង​មណ្ឌល​ឃុំឃាំង​អាមេរិក

ស្ត្រី​ជនជាតិ​ហ្គា​តេ​ម៉ា​ឡា​ម្នាក់​ដែល​កូនស្រី​របស់​នាង​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ឃុំឃាំង​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍​អាមេរិក​បាន​ថ្កោលទោស “​ភាព​សាហាវឃោរឃៅ​” នៅក្នុង​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍​។​

​លោកស្រី Yazmin Juarez បាន​និយាយ​បែបនេះ​នៅឯ​ព្រឹត្តិការណ៍ “Kids in Cages: Inhumane Treatment at the Border” ដែលជា​សវនាការ​មួយ​បាន​កើតឡើង​ចំពេល​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់​លើ​ស្ថានភាព​មិនល្អ​ដែល​ជនអន្តោប្រវេសន៍​បាន​ជួបប្រទះ​។​

​លោកស្រី Juarez បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​មុន​សវនាការ​នេះ​ថា “​ប្រសិនបើ​ថ្ងៃនេះ​ខ្ញុំ​អាចធ្វើ​ការផ្លាស់ប្តូរ​បាន ខ្ញុំ​អាច​ប្រាប់​អ្នក​ពីអ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​មណ្ឌល​របស់​ភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ​អាមេរិក (ICE), នោះ​គឺ​ភាព​សាហាវព្រៃផ្សៃ​ដ៏​អយុត្តិធម៌​បំផុត​”​។​

​លោកស្រី Juarez បាន​ប្រាប់​ដល់​អនុគណៈកម្មកា​រ​សិទ្ធិ​ស៊ីវិល​និង​សេរីភាព​ស៊ីវិល​ថា នាង​បាន​ភៀសខ្លួន​ទៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​ជាមួយ​កូនស្រី​របស់​នាង​អាយុ​១៩ខែឈ្មោះ Mariee ពីព្រោះ​នាង​មានការ​ភ័យខ្លាច​អំពី​ជីវិត​នៅក្នុង​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​។​

​នាង​បាន​ឆ្លងកាត់​ព្រំដែន​និង​បាន​សុំ​សិទ្ធិ​ជ្រកកោន​ប៉ុន្តែ​បាន​និយាយថា នាង​និង Mariee ត្រូវបាន​គេ​ចាក់សោរ​ក្នុង​ទ្រុង​ដ៏​ត្រជាក់​អស់​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់មក​បាន​ផ្លាស់​ទៅ​មណ្ឌល​ឃុំឃាំង ICE នៅពេល​កូនស្រី​របស់​នាង​ធ្លាក់ខ្លួន​ឈឺ​។​

​នាង Juarez បន្តថា “​ខ្ញុំ​បាន​អង្វរ​ដល់​វេជ្ជបណ្ឌិត​និង​បុគ្គលិក​ពេទ្យ​ឲ្យ​ព្យាបាល​នាង​ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​”​។ នាង​បន្តទៀតថា “​នៅពេល ICE ដោះលែង​យើង ខ្ញុំ​បាន​យក Mariee ទៅ​ជួប​គ្រូពេទ្យ​នៅ​ឆ្ងាយ​ហើយ​បន្ទាប់មក​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ប៉ុន្តែ​វា​យឺត​ពេល​ហើយ​”​។​

​ទន្ទឹម​នោះ លោក Elijah Cummings ប្រធាន​គណៈកម្មាធិការ​សភា​ទទួលបន្ទុក​ត្រួតពិនិត្យ​និង​កំណែទម្រង់​បាន​រិះគន់​នូវ​អ្វីដែល​លោក​ហៅថា​ជាការ​រំលោភបំពាន​លើ​កុមារ​ក្នុង​ទំហំ​ដ៏​ធំ​។​

​កាលពី​ថ្ងៃ​ចន្ទ លោកស្រី Michelle Bachelet ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​និយាយថា លោកស្រី​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ស្ថានភាព​របស់​ជន​ចំណាកស្រុក​និង​ជនភៀសខ្លួន​ដែល​ត្រូវបាន​ឃុំឃាំង​ក្នុង​មណ្ឌល​ឃុំខ្លួន​សហរដ្ឋអាមេរិក​៕ AFP

ដោយ ​៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114